ជាតិ
សេដ្ឋកិច្ច
អូស្ត្រាលី ព្រមព្រៀង​ផ្ដល់​ថវិកា​២៨​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​ទិញ​វ៉ាក់សាំង​COVID-19 ជា​ផ្លូវការ​
01, Feb 2021 , 9:59 pm        
រូបភាព
(​ឆ្វេង​)​លោក ផា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។
(​ឆ្វេង​)​លោក ផា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។
​ភ្នំពេញ​៖ កម្ពុជា​ទទួលបាន​ជំនួយឥតសំណង​ពី​ប្រទេស​អូស្ត្រាលី ចំនួន​៣៥,៧​លាន​ដុល្លារ​អូស្ត្រាលី (​ប្រមាណ​២៨​លាន​ដុល្លារ​អាមេរិក​) សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩(COVID-19)​។ ជំនួយឥតសំណង​រប​ស់​អូស្ត្រាលី​នេះ អាច​ចូលរួមចំណែក​ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ពលរដ្ឋ​កម្ពុជា បាន ប្រមាណ​១,៥​លាន​នាក់​។ នេះ​បើតាម​យោងសេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ស្ថានទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​កម្ពុជា នា​ថ្ងៃទី​១​កុម្ភៈ​។



​សេចក្តីប្រកាស​ព័ត៌មាន​ដដែល បាន​បញ្ជាក់ថា ថវិកា​ដែល​កម្ពុជា​ទទួលបាន​ពី​អូ​ស្រា្ត​លី​នេះ ក្រៅពី​សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​ហើយ​នោះ ក៏មាន​មួយចំនួន​សម្រាប់​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​បែងចែក និង​គ្រប់គ្រង​វ៉ាក់សាំង​, ធានា​សុវត្ថិភាព និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង និង​ដើម្បី​ធានាថា ពលរដ្ឋ​កម្ពុជា​អាច​ទទួលបាន​កាន់តែ​ឆាប់រហ័ស​នូវ​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដល់​ពលរដ្ឋ​កម្ពុជា​ឱ្យបាន​៨០​ភាគរយ​នៃ​ពលរដ្ឋ​សរុប​។ 
 
​លោក ផា​ប្លូ កាង ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា អូស្ត្រាលី រីករាយ​គាំទ្រ​កម្ពុជា ក្នុង​គ្រា​លំបាក​នៃ​វិបត្តិ​កូ​វីដ​-១៩​នេះ​។ លោក​បាន​បញ្ជាក់ថា  ថវិកា​ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន​២៨​លាន​ដុ​លា្ល​រ​នេះ នឹង​ជួយ​ដល់​កម្ម​វី​ធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាជន​កម្ពុជា បាន​យ៉ាងហោចណាស់​១​លាន​៥​សែន​នាក់​។ 
 
 
​លោក ផា​ប្លូ កាង បន្ត​រៀបរាប់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ខាងលើ​ដូច្នេះ​៖ «​ការផ្តល់​មូលនិធិ​សហប្រតិបត្តិការ​សម្រាប់​អភិវឌ្ឍ​ជាប្រចាំ​របស់​យើង នឹង​ផ្តោតលើ​ការគាំទ្រ​ដល់​ការឆ្លើយតប​ផ្នែក​សង្គម​-​សេដ្ឋកិច្ច របស់​កម្ពុជា​ទៅនឹង​ជំងឺ​រាតត្បាត ហើយ​ការ​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ នឹង​បំពេញបន្ថែម​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​តំបន់​ឡើងវិញ​»​។ 
 
​សម្រាប់​ការ​ផ្តល់ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​អូស្ត្រាលី​សម្រាប់​កម្ពុជា​នេះ គឺជា​ជំនួយ​ដែល​បន្ថែម​លើ​ជំនួយ​អភិវឌ្ឍ​ចំនួន​៥០​លាន​ដុល្លារ ដែល​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី នឹង​ផ្តល់ឱ្យ​កម្ពុជា ក្នុង​ឆ្នាំ​២០២១ ដែល​ស្ថិតនៅក្រោម​ផែ​ក​ការអភិវឌ្ឍ​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​កម្ពុជា​-​អូស្ត្រាលី​។ នេះ​ជាការ​លើកឡើង​របស់ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ 
 
​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​រូបនេះ បាន​បញ្ជាក់ថា ការផ្តល់​ជំនួយ​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា​នេះ គឺជា​ការបង្ហាញ​ជាថ្មី អំពី​ការប្តេជ្ញាចិត្ត​ដ៏​យូរអង្វែង និង​ការគាំទ្រ​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​អនាគត​របស់​កម្ពុជា​។ 
 
​បើតាម​លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​វេទិកាសាធារណៈ​ស្តីពី ការផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ នា​ថ្ងៃទី​២៧ មករា កម្ពុជា​ទទួលបាន​ជំនួយ​វ៉ាក់សាំង​ពី​បរទេស​ចំនួន​១១​លាន​ដូ​ស សម្រាប់​យកមកប្រើ​ប្រាស់​ចាក់​ការពារ​ប្រជាពលរដ្ឋ ដោយ​ក្នុងនោះ មាន​៣​លាន​ដូ​ស​ពី​ប្រទេស​អូស្ត្រាលី​តាមរយៈ​ជំនួយឥតសំណង​ថវិកា​ខាងលើ​៕ 
 
 

Tag:
 វ៉ាក់សាំង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com