ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
យុវវ័យ​ភាគច្រើន​ចង់​រកលុយ​រៀបការ​ដោយ​ខ្លួនឯង​ព្រោះ​ចង់បាន​ឯករាជ្យ
01, Oct 2016 , 10:30 am        
រូបភាព
យុវវ័យ​បច្ចុប្បន្ន​ភាគច្រើន​ចង់​មាន​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​បង្កើត​គ្រួសារ​និង​យកលុយ​ផ្ទាល់ខ្លួន​មក​រៀបចំ​អាពាហ៍ពិពាហ៍​របស់ខ្លួន។ពួកគេ​មិន​ចង់​ពឹង​កម្លាំង​ញើស​ឈាម​របស់​ឪពុកម្តាយ​ទៀតឡើយ។



«ឪពុកម្តាយ​ខំ​ចិញ្ចឹម​យើង​ជាង២០ឆ្នាំ​ហើយ​ហើយ​បើ​យកលុយ​គាត់​ទៅ​ការ​ប្រពន្ធ​ទៀត​វារឹតតែ​មិន​សម»។នេះ​ជាការ​លើកឡើង​របស់​យុវជន​និស្ស័យ។និស្ស័យ​ជា​និស្សិត​នៃ​វិទ្យាស្ថាន​ភាសាបរទេស​និង​ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ​បាន​បន្ថែមថា៖«ខ្ញុំ​ចង់​រៀបការ​ដោយ​ប្រើប្រាស់​លុយ​ផ្ទាល់ខ្លួន។ខ្ញុំ​ក៏មាន​ការងារ​ធ្វើ​ហើយ​ប្រាក់ខែ​ក៏បាន​សមរម្យ​ទៀត​ដូច្នេះ​ខ្ញុំ​សុខចិត្ត​ធ្វើការ​សន្សំ​លុយ​ខ្លួនឯង​ដើម្បី​រៀបការ។ ខ្ញុំ​មិន​ចង់​ឲ្យ​ឪពុក​គាត់​ពិបាក​ដោយ​គ្រាន់តែ​ខ្ញុំ​យកប្រពន្ធ​នោះទេ»។

យុវជន​វ័យ២៤ឆ្នាំ​រូបនេះ​ក៏បាន​ទទួលស្គាល់​ដែរ​ថា​ការ​សន្សំ​លុយ​ការ​ប្រពន្ធ​ដោយ​ខ្លួនឯង​វា​ជា​រឿង​ពិបាក​និង​ត្រូវ​ចំណាយ​ពេលវេលា​យូរ។ ប៉ុន្តែ​យុវជន​ដែល​និយាយ​ខ្មែរ​លាយ​ភាសា​អង់គ្លេស​រូបនេះ​បញ្ជាក់ថា​ប្រសិនជា​ខ្លួន​មិនទាន់មាន​លុយ​គ្រប់គ្រាន់​សម្រាប់​រៀបការ​និង​ផ្គត់ផ្គង់​គ្រួសារ​ទេនោះ​រូបគេ​ក៏​មិនទាន់​គិតពី​រឿង​រៀបការ​នោះដែរ។អ្វីដែល​ខ្ញុំ​គិត​នាពេល​បច្ចុប្បន្ន​គឺ​ការងារ​និង​ការសិក្សា​របស់ខ្ញុំ​ពីព្រោះ​គោលដៅ​សិក្សា​របស់ខ្ញុំ​នៅ​វែងឆ្ងាយ​តទៅទៀត»។

ការយក​ថវិកា​របស់​គ្រួសារ​មក​ចំណាយ​សម្រាប់​ការ​រៀបការ​របស់ខ្លួន​ក៏​មិនអាច​ទៅរួច​ដែរ​សម្រាប់​យុវជន ភា​រិ​ទ្ធ។ភា​រិ​ទ្ធ​ដែលជា​អតីត​និស្សិត​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​បានលើកឡើង​ថា៖«អាពាហ៍ពិពាហ៍​មិនមែនជា​រឿង​លេងសើច​ទេ​សម្រាប់​ខ្ញុំ​ទាល់តែ​ខ្ញុំ​មានការ​ងារ​ធ្វើ មាន​លុយ​ច្រើន។ហើយ​ខ្ញុំ​ចង់​យកលុយ​ខ្លួនឯង​មក​ចាត់ចែង​ការរៀប​ការ»។

ឆ្លើយ​នឹង​សំណួរ​ដែល​សួរថា​ហេតុអ្វី​បានជា​ចង់​រៀបការ​ដោយ​ប្រើប្រាស់​លុយ​ខ្លួនឯង? យុវជន​កូនកាត់​ចិន​វ័យ២៤ឆ្នាំ​ដែល​រស់​នៅតែ​ជាមួយ​ម្តាយ​តាំងពី​តូច​រូបនេះ​បាន​តប​ថា៖« ខ្ញុំ​មិន​ចង់​ឲ្យ​ក្រុមគ្រួសារ​មក​គិតគូរ​ពី​រឿង​អនាគត​ខ្ញុំ ជំនួស​ខ្ញុំ​នោះទេ។ខ្ញុំ​ចង់​ពឹង​ខ្លួនឯង​ជាពិសេស​ខ្ញុំ​ចង់​ជ្រើសរើស​មនុស្ស​ដែល​ត្រូវ​រស់នៅ​ជាមួយ​ខ្ញុំ​ដោយ​ខ្លួនឯង​ហើយ​ណាមួយ​ខ្ញុំ​មិន​ចង់​ឲ្យ​ម្តាយ​ហត់នឿយ និង​ពិបាក​ដោយសារ​ខ្ញុំ​ច្រើន​ជាងនេះទៀត​ទេ។គាត់​តស៊ូ​ចិញ្ចឹម​ខ្ញុំ​យូរហើយ»។

ស្រដៀង​គ្នា​នឹង​យុវជន​ទាំង២ដែរ​យុវជន សុចិត្រ​ក៏បាន​គិតគូរ​ច្រើន​ពី​រឿងនេះ​ដែរ។សុចិត្រ​ដែលជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​និង​ដែល​ធ្លាប់​ប្រឡូក​ច្រើន​ក្នុង​ការងារ​សង្គម​បាន​រៀបរាប់​ដោយ​ខ្លី​ថា៖ «មុននឹង​ខ្ញុំ​សំរេចចិត្ត​រៀបការ លុះណាតែ​ខ្ញុំ​មាន​លុយកាក់​ច្រើន​ច្រើន​ដែល​អាច​ចិញ្ចឹម​កូន​គេ​រស់»។និយាយ​ពី​រឿង​ថវិកា​សម្រាប់​អាពាហ៍ពិពាហ៍​វិញ​យុវជន​ដែលមាន​សំនៀង​រដឺន​មកពី​ខេត្តសៀមរាប​រូបនេះ​ក៏បាន​ឆ្លើយតប​ទាំង​សំណើច​ដែរ​ថា៖«ខ្ញុំ​អាចយ​កលុយ​ឪពុកម្តាយ​មក​បង្គ្រប់​ដ​ណ្តឹ​ង​គេ​ខ្លះ​មិន​ទាំងអស់​នោះទេ​ពីព្រោះ​ពេលនេះ ខ្លួន​ក៏មាន​លុយ​សន្សំ​មួយចំនួន​ហើយ​ដែរ»។យុវជន​រូបនេះ​បញ្ជាក់ថា៖«បើ​ចាំ​ដល់​មាន​លុយ​ខ្លួនឯង​គ្រប់​គឺ​ត្រូវ​រង់ចាំ​យូរ​ខ្លាច​ខាង​ស្រី​គេ​ប្តូរ​ចិត្ត»។

បើ​និយាយ​ពី​រឿង​រៀបការ មិនថាតែ​បុរស​នោះទេ​ដែល​ត្រូវ​គិតគូរ​រៀបចំ​ផែនការ​អនាគត​ជាមុន​នោះ កញ្ញា រី​ណា  ក៏មាន​គម្រោង​សម្រាប់​អាពាហ៍ពិពាហ៍​របស់ខ្លួន​ដែរ។
ជា​បុគ្គលិក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ កញ្ញា រី​ណា បាន​រៀប​រាប់ទាំង​ញញឹម​ថា៖«ខ្ញុំ​ជា​មនុស្ស​ឯករាជ្យ។ សេរី​ភាពជា​ចំណុច​ចម្បង​ដែល​ខ្ញុំ​ត្រូវការ។ខ្ញុំ​ចង់​ធ្វើ​អ្វីមួយ​ឲ្យ​ចេញ​ជា​រូបរាង​ដោយ​ខ្លួនឯង​ហើយ​ការដែល​រកលុយ​មករៀ​ប​ការ​ខ្លួនឯង​ក៏​ដូច្នេះ​ដែរ​ខ្ញុំ​មិន​ចង់​ពឹង​ឪពុកម្តាយ​ទេ»។ កញ្ញា រី​ណា ដែល​បានបញ្ចប់​ថ្នាក់​បរិញាបត្រ​ផ្នែក​គណនេយ្យ បាន​ពន្យល់​យ៉ាង​ជឿជាក់​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​និង​ដៃគូ​អាច​រកលុយ​មក​ចាត់ចែង​រឿង​រៀបការ​បាន​ឪពុកម្តាយ​គ្រាន់តែ​ជួយផ្តល់​ជា​គំនិត​មក​ពួក​ខ្ញុំ​ទៅបាន​ហើយ​ចំណែកឯ​លុយកាក់​ទុក​ខ្ញុំ​អ្នកចាត់ចែង»។

ថ្វីដ្បិតតែ​យុវជន​ភាគច្រើន​សុទ្ធតែ​អះអាងថា​ពួកគេ​ត្រូវមាន​ការងារ​ធ្វើ អា​ចរក​សន្សំ​ប្រា​ក់ដោយ​ខ្លួនឯងបាន ដើម្បី​ចំណាយ​លើ​ការរៀប​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ពួកគេ​ក៏​ទទួលស្គាល់ថា នេះ​ជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែរ។ យ៉ាងហោចណាស់ ពួកគេ​ត្រូវការ​ចំណាយពេល​វេលា​ដើម្បី​អាច​សន្សំ​ថវិកា​បាន៕



© រក្សាសិទ្ធិដោយ thmeythmey.com