ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ចៅ សែន កុសល​ឈុំ នៅតែ​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​ដែលមាន​អាយុ​វែង​ជាងគេ​លើ​លោក
13, Dec 2015 , 2:50 pm        
រូបភាព
ថ្វីដ្បិតតែ​លោក​ ចៅ សែន កុសល​ឈុំ បានទទួល​មរណភាព​កាលពី​ថ្ងៃទី២២ ខែមករា ឆ្នាំ២០០៩ ទៅហើយ​ក្តី ប៉ុន្តែ​រហូតមក​ពេលនេះ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​រូបនេះ នៅ​ស្ថិតក្នុង​កំណត់ត្រា​ជា​មេ​ដឹក​ប្រទេស​ដែលមាន​អាយុ​វែង​ជាងគេ​លើ​ពិភពលោក​ដដែល។



លោក ចៅ សែន​កុសល ឈុំ ដែលជា​អ្នកនយោបាយ​ដ៏​ជិតស្និទ្ធ​​ជាមួយ​សម្តេចឪ នរោត្តម សីហនុ បានធ្វើ​នាយករដ្ឋមន្ត្រី​ស្តីទី​របស់​កម្ពុជា ចន្លោះ​ពីថ្ងៃ​ទី៦ ខែសីហា ដល់​ថ្ងៃទី៦ ខែតុលា ឆ្នាំ១៩៦២ ហើយ​បានទទួល​ងារ​ជាស​ម្តេច​នៅក្នុង​ឆ្នាំ១៩៩៣ ។

អតីត​ប្រមុខ​រដ្ឋាភិបាល និង​ប្រធានសភា​រូបនេះ កើត​នៅ​ខេត្ត​មាត់ជ្រូក ទឹកដី​កម្ពុជាក្រោម​ នា​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩០៥  ហើយ​បានទទួល​អនិច្ចកម្ម​នៅ​ថ្ងៃទី ២២ ខែមករា ឆ្នាំ២០០៩ ពោលគឺ​លោក​មាន​អាយុ ១០៣ឆ្នាំ និង១៣៥ ថ្ងៃ។ អាយុ​ដ៏​វែង​នេះ បាន​នាំ​ឲ្យ​លោក​រក្សា​តំណែង​ជា​អតីត​ប្រមុខ​រដ្ឋាភិបាល និង​ប្រមុខរដ្ឋ ដែលមាន​អាយុ​វែង​ជាងគេ។

អ្នក​ដែល​ឈរ​ចំណាត់ថ្នាក់​ទី​ពីរ គឺ​អតីត​នាយករដ្ឋមន្ត្រី និង​ប្រធានាធិបតី​តួ​ក​គី លោក Celal Bayar ដែល​បាន​ស្លាប់​ក្នុង​អាយុ១០៣ឆ្នាំ និង៩៨ថ្ងៃ ខណៈ​អតីត​នាយករដ្ឋមន្ត្រី បារាំង លោក Antoine Pinay ស្លាប់​ក្នុង​អាយុ១០២ឆ្នាំ និង៣៤៨ថ្ងៃ។ អ្នក​ដែល​រំពឹងថា អាច​បំបែក​កំណត់ត្រា​បាន​នៅ​គឺ​លោក Telmo Vargas អតីត​ប្រមុខរដ្ឋ​អេ​ក្វា​ឌ័​រ ដោយ​បច្ចុប្បន្ន លោក​កំពុង​រស់រៀនមានជីវិត​នៅឡើយ។ អតីត​ឧ​ត្ត​ម​សេនីយ៍ និង​ប្រធានាធិបតី​អេ​ក្វា​ឌ័​រ​រូបនេះ កើត​នៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ១៩១២ ។

អតីត​មេដឹកនាំ​ផ្សេងទៀត​ដែលមាន​អាយុ​វែង និង​បន្ត​រស់រៀនមានជីវិត​ដូចជា អតីត​នាយករដ្ឋមន្ត្រី ហូ​ឡង់ Piet de Jong (កើត១៩១៥) អតីត​នាយករដ្ឋមន្ត្រី​វៀតណាម Do Muoi (កើត១៩១៧) អតីត​ប្រធានាធិបតី​តួ​ក​គី Kenan Evren (កើត១៩១៧) អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Yasuhiro Nakasone (កើត១៩១៨) អតីត​នាយករដ្ឋមន្ត្រី​ក្រិ​ក Konstantinos Mitsotakis (កើត១៩១៨) អតីត​ប្រធានាធិបតី​ស៊ី​លី Patricio Aylwin (កើត១៩១៨) និង​អតីត​អធិការបតី​អាល្លឺម៉ង់​ខាងលិច Helmut Schmidt (កើត១៩១៨) ជាដើម។

លោក នួន ជា អតីត​នាយករដ្ឋមន្ត្រី​ស្តីទីនៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (ខែកញ្ញា ឆ្នាំ​១៩៧៦ ដល់​ខែមករា ឆ្នាំ​១៩៧៧) ស្ថិតក្នុង​ចំណោម​ប្រមុខ​រដ្ឋាភិបាល​ដែលមាន​អាយុ​ចំណាស់​ជាងគេ​ផងដែរ ដោយ​លោក​បានកើត​នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ ដោយ​បច្ចុប្បន្ន​មាន​អាយុ៨៨ឆ្នាំ។  លោក ប៉ែន សុវណ្ណ អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា កើត​នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៣៦ (បច្ចុប្បន្ន​អាយុ៧៨ឆ្នាំ)៕



© រក្សាសិទ្ធិដោយ thmeythmey.com