ជាតិ
បទវិភាគ
ខ្មែរមានធនធានធម្មជាតិ និងកេរដំណែលវប្បធម៌ច្រើន ចុះហេតុអ្វីបានជាខ្មែរនៅតែក្រ?
× ភ្នំពេញ៖ ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសដែលសម្បូរទៅដោយធនធានធម្មជាតិមហាសាល។ ធនធានធម្មជាតិ មានទាំងនៅបាតសមុទ្រ ក្រោមដី និងលើដី។ ក្រៅពីធនធានធម្មជាតិ កេរដំណែលវប្បធម៌ គឺជាធនធានដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។ ប៉ុន្តែប្រទេសមួយនេះនៅតែក្រីក្រ។ ប្រជាជនខ្មែរជាង២០ភាគរយទៀតបាន និងកំពុងបន្តរស់នៅក្រោមបន្ទាត់ភាពក្រីក្រ។ តើនេះបណ្តាលមកពីបញ្ហាអ្វី?
នៅក្នុងផ្នត់គំនិតខ្មែរកាលពីជំនាន់មុន ប្រទេសកម្ពុជា គឺជាដែនដីសុវណ្ណភូមិដែលសម្បូរទៅដោយធនធានធម្មជាតិគ្រប់យ៉ាង។ គេចាត់ទុកប្រទេសនេះថា ជាដែនដីសុវណ្ណភូមិ ពីព្រោះប្រទេសមួយនេះ ធ្លាប់សម្បូរទៅដោយធម្មជាតិរ៉ែមាស-រ៉ែត្បូង និងសម្បូរទៅដោយធនធានធម្មជាតិមហាសាលជាច្រើនផ្សេងទៀត។ ធនធានមហាសាលទាំងនោះមានវត្តមាននៅគ្រប់ទិសទីនៃប្រទេសកម្ពុជា មានទាំងនៅក្រោមដី បាតសមុទ្រ ក្នុងសមុទ្រ ក្នុងទន្លេ និងនៅលើដីក៏មានច្រើនរាប់ស្ទើមិនអស់ដែរ។
ជាក់ស្តែង នៅក្នុងខេត្តបាត់ដំបង ប៉ៃលិន រតនៈគីរី កំពង់ធំ ព្រះវិហារ មណ្ឌលគីរី ប្រទេសកម្ពុជាធ្លាប់សម្បូរទៅដោយរ៉ែមាស រ៉ែត្បូង រ៉ែដែក និងធនធានរ៉ែមួយចំនួនផ្សេងទៀត។ នៅក្នុងបាតសមុទ្រ និងក្នុងបាតទន្លេ កម្ពុជាត្រូវបានគេវាយតម្លៃថាសម្បូរទៅដោយមច្ឆាជាតិទឹកប្រៃ និងទឹកសាប។ កាលពីពេលមុន ប្រជាជនខ្មែរនាំគ្នានិយាយថា ទីណាមានទឹក ទីនោះមានត្រី។ ប៉ុន្តែ នាពេលបច្ចុប្បន្ននេះ ស្ថានភាពជាក់ស្តែងបានបង្ហាញផ្ទុយពីនេះទៅវិញ។
នៅក្នុងបាតសមុទ្រ បាតទន្លេដដែល ប្រទេសកម្ពុជាមានធនធានប្រេង ឧស្ម័ន និងខ្សាច់។ រីឯនៅលើដីវិញ កម្ពុជាធ្លាប់សម្បូរទៅដោយព្រៃឈើ សត្វព្រៃ និងភ្នំ។ ទាំងអស់នេះគេនៅមិនទាន់រាប់បញ្ចូលធនធានធម្មជាតិកសិកម្មមួយចំនួនផ្សេងទៀត និងកេរដំណែលវប្បធម៌ផង។ កេរដំណែលវប្បធម៌សម្បូរបែបរបស់ខ្មែរ ដូចជា ប្រាង្គប្រាសាទអង្គរវត្ត បានផ្តល់ប្រាក់ចំណូលច្រើនលានដុល្លារក្នុងមួយឆ្នាំៗដល់ប្រទេសជាតិ។
បើផ្អែកលើទឡ្ហីករណ៍ខាងលើនេះ គេពិតជាអាចនិយាយបានថា ប្រទេសកម្ពុជាសម្បូរធនធានធម្មជាតិមែន។ ប៉ុន្តែចុះហេតុអ្វីបានជាប្រទេសមួយនេះនៅតែក្រីក្រ?
មូលហេតុទីមួយដែលគេតែងតែទម្លាក់កំហុសដាក់នោះ គឺបញ្ហាសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរគ្នាឯង។ ជាក់ស្តែង ដោយសារតែកងកម្លាំងរដ្ឋាភិបាលក្រុងភ្នំពេញ និងកងកម្លាំងតស៊ូក្នុងព្រៃដឹកនាំដោយក្រុមប៉ុលពតក្នុងទសវត្សរ៍ ឆ្នាំ៨០ និង៩០ប្រយុទ្ធគ្នាយ៉ាងសាហាវនោះ ត្បូងពេជ្រនៅតំបន់ប៉ៃលិនត្រូវបានកងទ័ពព្រៃលក់ទៅអោយឈ្មួញថៃ ដើម្បីបានប្រាក់ធ្វើសង្គ្រាមប្រឆាំងនឹងកងកម្លាំងក្រុងភ្នំពេញ។ ត្រង់ចំណុចនេះ ធនធានធម្មជាតិមិនត្រូវបានគេចាត់ទុកថា ជាកាដូជូនពរទេ ប៉ុន្តែវាជាការដាក់បណ្តាសារទៅវិញ ពីព្រោះកងកម្លាំងយោធាបានប្រើប្រាស់ប្រាក់ចំណូលពីធនធានធម្មជាតិយកទៅធ្វើសង្គ្រាមច្បាំងគ្នាឯង។
បញ្ហាទីពីរដែលធ្វើអោយប្រទេសកម្ពុជានៅតែក្រដដែលនោះ គឺដោយសារការគ្រប់គ្រងធនធានធម្មជាតិទាំងនោះមិនបានល្អ។ ព្រៃឈើ មច្ឆាជាតិ ធនធានខ្សាច់ ធនធានរ៉ែត្រូវបានគេធ្វើអាជីវកម្មច្រើនមហិមា ប៉ុន្តែប្រាក់ចំណូល បានពីធនធានទាំងនោះសម្រាប់កញ្ចប់ថវិកាជាតិអាចធ្លុះធ្លាយទៅវិញខ្លះ ដោយសារតែការគ្រប់គ្រងនៅមានចន្លោះប្រហោង។ ក្រៅពីការគ្រប់គ្រង បញ្ហាអំពើពុករលួយនៅតែជាបញ្ហាចម្បងនៅក្នុងសង្គមខ្មែរ។ របាយការណ៍ថ្មីៗរបស់អង្គការតម្លាភាពអន្តរជាតិនៅតែបញ្ជាក់ថា អំពើពុករលួយនៅក្នុងប្រទេសក្រីក្រកម្ពុជានៅតែមានកម្រិតខ្ពស់នៅឡើយ។
បញ្ហាទីបី គឺដោយសារការអប់រំនៅកម្ពុជានៅមានកម្រិតទាបក្នុងជំនាញជាន់ខ្ពស់មួយចំនួនសម្រាប់ការធ្វើអាជីវកម្មធនធានធម្មជាតិខ្លួនឯង ដូចជា ជំនាញរុករកប្រេង ឧស្ម័ន និងរ៉ែ។ ដូច្នេះ ប្រទេសកម្ពុជាមិនអាចទាញផលបានច្រើនពីធនធានធម្មជាតិរបស់ខ្លួនទេ ប្រសិនបើប្រទេសក្រីក្រមួយនេះនៅបន្តប្រើប្រាស់កម្មករជនជាតិបរទេស សម្រាប់ការធ្វើអាជីវកម្មធនធានធម្មជាតិរបស់ខ្លួននោះ។
ងាកមកធើ្វការប្រៀបធៀបជាមួយប្រទេសសិង្ហបុរីវិញ ប្រទេសមួយនេះគ្មានធនធានធម្មជាតិច្រើនដូចប្រទេសកម្ពុជាទេ ប៉ុន្តែដោយសារតែការគ្រប់គ្រងប្រកបដោយភាពវៃឆ្លាត កម្លាំងពលកម្មមានជំនាញខ្ពស់ ការគ្រប់គ្រងមានតម្លាភាព គណនេយ្យភាព ប្រទេសដ៏តូចមួយរបស់ទ្វីបអាស៊ីនេះបានក្លាយទៅជាប្រទេសមានឥទ្ធិពលផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង។
សរុបសេចក្តីមកវិញ ដើម្បីកុំអោយធនធានធម្មជាតិរបស់ខ្មែរក្លាយទៅជាការដាក់បណ្តាសារ ហើយកុំអោយប្រទេសជាតិនៅតែក្រីក្រដដែលនោះ ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់ គឺជារឿងចាំបាច់បំផុត។ ប្រសិនបើគេអាចធ្វើយ៉ាងដូច្នេះបាន ពេលនោះ ធនធានធម្មជាតិខ្មែរពិតជាប្រែក្លាយពីការដាក់បណ្តាសារទៅជាការជូនពរទៅវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com