ជាតិ
បទវិភាគ
នៅកម្ពុជា វ័យកាន់តែចាស់ ក្តីអស់សង្ឃឹមកើតឡើងកាន់តែច្រើន!
× ភ្នំពេញ៖នៅក្នុងប្រទេសជឿនលឿនមួយចំនួន ពលរដ្ឋសប្បាយចិត្តកាន់តែខ្លាំង ក្រោយពេល ដែលពួកគេឈានចូលដល់វ័យចូលនិវត្តន៍។ តែនៅក្នុងប្រទេសក្រីក្រដូចជាកម្ពុជាវិញ វ័យចំណាស់ឈានមកដល់ ក្តីបារម្ភ ភាពភ័យខ្លាច ភាពរងាឯកការបានរុំព័ទ្ធអារម្មណ៍អ្នកមានវ័យចំណាស់។ តើហេតុអ្វីបានពលរដ្ឋខ្មែរវ័យចំណាស់ និងពលរដ្ឋនៃប្រទេសជឿនលឿនមានអារម្មណ៍ខុសគ្នានៅពេលដែលវ័យជរាឈានមកដល់?
នៅក្នុងប្រទេសជឿនលឿន ដូចជា ប្រទេសបារាំង អាមេរិក ជប៉ុន អង់គ្លេស, ប្រជាពលរដ្ឋប្រាថ្នាចង់ចូលនិវត្តន៍អោយបានលឿន ពីព្រោះ ក្រោយចូលនិវត្តន៍ទៅ ពួកគេទទួលបានប្រាក់កម្រៃមួយដែលអាចចិញ្ចឹមជីវិតដើម្បីរស់បានសមរម្យ។
មានសំឡេង
ប្រាក់កម្រៃចូលនិវត្តន៍នៅក្នុងប្រទេសជឿនលឿន ប្រែប្រួលទៅតាមអតីតភាពការងាររបស់បុគ្គលម្នាក់ៗដែលធ្វើការបានរយៈពេលវែង ឬខ្លីនៅក្នុងស្ថាប័នណាមួយមិនថាជាស្ថាប័នឯកជន ឬក៏រដ្ឋនោះទេ។ ប្រាក់ចូលនិវត្តន៍អាចមានពីក្រោម១ពាន់ដុល្លារបន្តិចរហូតដល់ច្រើនពាន់ដុល្លារក្នុងមួយខែសម្រាប់អ្នកចូលនិវត្តន៍នៅក្នុងប្រទេសជឿនលឿន។ និយាយបែបផ្សេងមានន័យថា កម្រិតប្រាក់ចូលនិវត្តន៍របស់ប្រទេសជឿនលឿន ពេលខ្លះ មានអត្រាខ្ពស់ជាងកម្រិតប្រាក់ខែនៅក្នុងប្រទេសក្រីក្រ ដូចជា ប្រទេសកម្ពុជាទៅទៀត។
កម្រិតប្រាក់ចូលនិវត្តន៍របស់មន្ត្រី ឬបុគ្គលិកនៅក្នុងប្រទេសជឿនលឿន អាចចិញ្ចឹមជីវិតបានយ៉ា់ងស្រួលដោយមិនចាំបាច់ពឹងពាក់កូនចៅ ឬសាច់ញាតិដទៃទៀត។ អ្នកចូលនិវត្តន៍ខ្លះ ដោយសារការចង់សន្សំប្រាក់កាសខ្លះ ពួកគេបានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅមករស់នៅក្នុងប្រទេសក្រីក្រ ឬប្រទេសកំពុងអភិវឌ្ឍន៍តិចតួចដូចជាករណីប្រទេសកម្ពុជាជាដើម។ ការធ្វើយ៉ាងនេះ អនុញ្ញាតអោយពួកគេ រស់នៅប្រសើរជាងនៅក្នុងប្រទេសកំណើតរបស់ខ្លួន ហើយរាល់ការចំណាយក៏តិចជាងនៅក្នុងប្រទេសដើមរបស់ពួកគេដែរ។ សរុបសេចក្តីមកវិញ ជីវិតនៅក្នុងប្រទេសជឿនលឿន បុគ្គលមានវ័យកាន់តែចាស់ ពួកគេមានអារម្មណ៍កាន់តែសប្បាយ ឬរំភើបជាងមុន ពីព្រោះសេវាកម្មរបស់រដ្ឋបានជួយសម្រាលបន្ទុកពួកគេយ៉ាងច្រើន។
ងាកមកនិយាយពីស្ថានភាពនៅក្នុងប្រទេសក្រីក្រមួយចំនួន ជាពិសេស ស្ថានភាពនៅក្នុងប្រទេសកម្ពុជាវិញ គេសង្កេតឃើញថា មនុស្សមានវ័យកាន់តែចាស់ ក្តីបារម្ភភាពអស់សង្ឃឹម ការឈឺចាប់ ភាពឯកការបានកើតឡើងកាន់តែច្រើននៅក្នុងអារម្មណ៍មនុស្សវ័យចំណាស់។
នៅក្នុងប្រទេសកម្ពុជា មិនថា អ្នកធ្វើការបម្រើរដ្ឋ ឬអ្នកធ្វើការបម្រើវិស័យឯកជន ឬអ្នកធ្វើការនៅក្នុងវិស័យកសិកម្មទេ អាយុកាន់តែច្រើន ពួកគេកាន់តែបារម្ភ។ ក្តីបារម្ភខ្លាំងបំផុត គឺបញ្ហាកង្វះខាតប្រាក់កាសសម្រាប់ចិញ្ចឹមជីវិតនៅក្នុងវ័យចំណាស់ មុននឹងលាចាកលោក។
ប្រាក់កម្រៃចូលនិវត្តន៍សម្រាប់មន្ត្រីរាជការខ្មែរមានមែន តែវាមិនច្រើននោះទេបើប្រៀបធៀបទៅនឹងតម្លៃទំនិញនៅលើទីផ្សារ។ មន្ត្រីរាជការអាចទទួលបានកម្រៃចូលនិវត្តន៍ក្នុងរង្វង់ពី៨០ទៅជាង១០០ដុល្លារអាមេរិកបន្តិច។ ចំពោះបុគ្គលិកក្រុមហ៊ុន កម្មករ និងកសិករ ពួកគេមិនទាន់មានគោលការណ៍ប្រាក់កម្រៃចូលនិវត្តន៍ត្រឹមត្រូវនៅឡើយទេ។ ប្រសិនបើមាន ក៏ប្រាក់កម្រៃចូលនិវត្តន៍នោះស្ថិតក្នុងកម្រិតតិចតួចដែលមិនអាចចិញ្ចឹមជីវិតបានសមរម្យឡើយ។
អ្នកមានវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលកូនចៅមានជីវភាពធូរធារ ពួកគេអាចមានក្តីសង្ឃឹម និងមិនសូវព្រួយបារម្ភច្រើនពីជីវិតមុនពេលលាចាកលោក ពីព្រោះ កូនចៅអាចចិញ្ចឹមឪពុកម្តាយបាន។ នេះបើកូនចៅទាំងនោះជាកូនចៅដែលមានការដឹងគុណចំពោះមាតាបិតា។
ចំពោះអ្នកគ្មានទីពំនឹងវិញ ពួកគេត្រូវបង្ខំចិត្តបន្តរកប្រាក់ចំណូលរហូតដល់ជីវិតចុងក្រោយ។ ហើយអ្នកខ្សត់ខ្សោយដទៃទៀត ត្រូវបង្ខំចិត្តទៅផ្ញើជីវិតនៅតាមបណ្តាវត្តអារាមនានា។ ជីវិត ទាំងនៅក្រៅវត្តអារាម ទាំងនៅក្នុងវត្តអារាម គឺជាជីវិតដែលអាចរស់បាន។ ប៉ុន្តែ វាមិនមែនជាជីវិតដែលមានគុណភាពនោះទេ។
សម្រាប់មនុស្សចាស់ កង្វះខាតម្ហូបអាហារគុណភាពជារឿងម្យ៉ាង។ ប៉ុន្តែម្យ៉ាងទៀត ការគំរាមកំហែងពីជំងឺដង្កាត់ជារឿងដែលមនុស្សចាស់ខ្មែរព្រួយបារម្ភខ្លាំងជាងគេបំផុត។ វ័យកាន់តែចាស់ ជីវភាពក្រីក្រ ជំងឺកាន់តែរួមរឹតហើយក្នុងដៃគ្មានប្រាក់ទៀតនោះ ជីវិតមនុស្សចាស់ខ្មែរហាក់បីដូចជាគ្មានតម្លៃអ្វីទាល់តែសោះ។
ដូច្នេះ ដើម្បីអោយជីវិតខ្មែរវ័យចំណាស់ មុននឹងលាចាកលោកទៅមានអត្ថន័យ និងមានខ្លឹមសារដូចមនុស្សចាស់នៅក្នុងប្រទេសជឿនលឿនមួយចំនួនដែរនោះ រដ្ឋាភិបាលត្រូវតែពង្រឹងគោលនយោបាយសំណាញ់សុវត្ថិភាពបន្ថែមទៀត ជាពិសេស សម្រាប់ពលរដ្ឋដែលខ្វះទីពំនឹង៕
© រក្សាសិទ្ធិដោយ thmeythmey.com