ខ្មែរ​ក្រហម
ជាតិ
តើ​សម​មិត្ត​ណាខ្លះ​ជា​មេដឹកនាំ​​កំពូល​​​​ក្នុង​របប​សាធារណ​​រដ្ឋ​ប្រជាមានិត​​​​កម្ពុជា?
02, Dec 2015 , 10:35 am        
រូបភាព
ភ្នំពេញ៖ ក្រោយ​ការដួលរលំ​នៃ​របប​ប៉ុលពត​នៅ​ឆ្នាំ១៩៧៩ អ្នកតស៊ូ​មួយចំនួន​ត្រូវបានតែងតាំង​អោយ​ដឹកនាំ​ប្រទេស ក្នុងនោះ មាន​លោក ប៉ែន សុវណ្ណ, លោក ហេង សំរិន, លោក ជា ស៊ីម, លោក កែវ ចិន្តា, លោក ចាន់ វែ​ន, លោក ចាន់ ស៊ី។ល។ តើនរ​ណាខ្លះ​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា?



បើ​យោងតាម​សៀវភៅ​សិក្សា​សង្គម​ថ្នាក់​ទី៩ រចនាសម្ព័ន្ធ​គ្រប់គ្រង​ពី១៩៧៩ ដល់១៩៨១ គេ​ច្រើន​ហៅ​ថ្នាក់ដឹកនាំ​កំពូល​ទាំងនោះ​ដោយ​ប្រើប្រាស់​ពាក្យ«សម​មិត្ត»។

ក្នុង​ចន្លោះ​ឆ្នាំ១៩៧៩ និង១៩៨១ សម​មិត្ត ហេង សំរិន ជា​ប្រធាន​រដ្ឋ ឬ​ប្រមុខរដ្ឋ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា។ សម​មិត្ត ប៉ែន សុវណ្ណ (រៀន​នៅ​ប្រទេស​វៀតណាម១៩៥៤)ជា​អនុប្រធាន​ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​នាយករដ្ឋមន្ត្រី។ សម​មិត្ត ជាស៊ីម ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ សម​មិត្ត ហ៊ុន សែន ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស។ សម​មិត្ត កែវ ចិន្តា ជា​រដ្ឋមន្ត្រី​ឃោសនាការ ព័ត៌មាន និង​វប្បធម៌។ សម​មិត្ត ចាន់ វ៉ែន ជា​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន។ សម​មិត្ត ចាន់ ស៊ី (រៀន​នៅ​វៀតណាម ១៩៥៤) ជា​នាយករដ្ឋមន្ត្រី​ក្រោយ​ចាប់ខ្លួន​លោក ប៉ែន សុវណ្ណ។ លោក ប៉ែន សុវណ្ណ ត្រូវបាន​ចាប់ខ្លួន​នៅ​ខែធ្នូ​ឆ្នាំ១៩៨១ ។ 

អង្គការ​រដ្ឋសំខាន់ៗក្នុង​ជំនាន់​នោះ មានដូចជា៖ គណបក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា​ដឹកនាំ​ដោយ​អគ្គលេខាធិកា​សម​មិត្ត ប៉ែន សុវណ្ណ ដែលជា​ខ្មែរឥស្សរៈ​ធ្លាប់​រៀន​នៅ​ទីក្រុង​ហាយ​ណូយ​ឆ្នាំ១៩៥៤ ហើយ​តំណែង​នេះ​ត្រូវបាន​ធ្លាក់​មកលើ​សម​មិត្ត ហេង សំរិន នៅ​ឆ្នាំ១៩៨១ ។ ក្រុមប្រឹក្សា​ប្រជាជន​បដិវត្តន៍​កម្ពុជា ឬ​ក្រុមប្រឹក្សារដ្ឋមន្ត្រី មាន​រដ្ឋមន្ត្រី​ចំនួន១៧រូប ប្រធាន​គឺ​សម​មិត្ត ប៉ែន សុវណ្ណ ហើយ​តំណែង​នេះ​ត្រូវបាន​ប្រគល់ជូន​សម​មិត្ត ចាន់ ស៊ី (ជា​ខ្មែរឥស្សរៈ)នៅ​ខែធ្នូ១៩៨១ ។ ក្រុមប្រឹក្សារដ្ឋ​មាន​សម​មិត្ត ហេង សំរិន ជា​ប្រធាន។

សភាជាតិ​មាន​សមាជិក១១៧រូប បង្កើតឡើង​នៅ​ខែឧសភា​ឆ្នាំ១៩៨១ ។ នៅ​ខែមិថុនា​ឆ្នាំ១៩៨១ សភា​បើក​ការប្រជុំ​លើក​ទី១ ដើម្បី​ជ្រើសរើស​ប្រធានសភា គណៈរដ្ឋមន្ត្រី និង​ក្រុមប្រឹក្សារដ្ឋ។

ចាប់ពី​ថ្ងៃទី២៩-៣០ខែមេសា១៩៨៩ សភា​បាន​បើក​សម័យប្រជុំ​វិសាមញ្ញ​មួយ​ដើម្បី​ធ្វើកំណែទម្រង់​រដ្ឋធម្មនុញ្ញ​ថ្មី និង​ប្តូរ​ឈ្មោះ​ពី​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា មកជា​រដ្ឋ​កម្ពុជា​វិញ រួមទាំង​ប្តូរ​ទង់ជាតិ ភ្លេងជាតិ រដ្ឋធម្មនុញ្ញ ច្បាប់​ប្រហា​ជីវិត ការពារ​កម្មសិទ្ធិឯកជន ការបង្កើត​ទីផ្សារសេរី និង​ទទួលស្គាល់​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។

សម​មិត្ត ហ៊ុន សែន បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​ឆ្នាំ១៩៨៥ បន្ទាប់ពី​លោក ចាន់ ស៊ី បាន​លាចាក​លោក​នៅ​ឆ្នាំ១៩៨៤ ។ លោក ចាន់ ស៊ី បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ក្រោយ​ការចាប់ខ្លួន​លោក ប៉ែន សុវណ្ណ នៅ​ខែធ្នូ​ឆ្នាំ១៩៨១ ។ បច្ចុប្បន្ននេះ(២០១៥) លោក ប៉ែន សុវណ្ណ ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ រីឯ លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បន្ទាប់ពី​លោក ជា ស៊ីម ទទួល​មរណភាព លោក ហេង សំរិន ជា​ប្រធានកិត្តិយស ​លោក សាយ ឈុំ និង​លោក ស ខេង ជាអនុប្រធាន​៕



© រក្សាសិទ្ធិដោយ thmeythmey.com