ជាតិ
ប្រវត្តិ​បុណ្យមាឃបូជា
21, Feb 2016 , 7:40 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​គោរព​តាម​ព្រះពុទ្ធសាសនា អស់កាល​ជា​យូរអង្វែង​មកហើយ ដែលមាន​ប្រជាពលរដ្ឋ​ជាង៩៥%ភាគរយ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា ហើយ​រដ្ឋធម្មនុញ្ញ​បានចាត់ទុក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ។ ក្នុងនោះ​ចំនួន​ព្រះសង្ឃ​និង  វត្ត​អារាម​មានការ​កើនឡើង​ជា​លំដាប់​បើតាម​ស្ថិតិ​ឆ្នាំ២០១៣វត្ត​អារាម​មាន​ចំនួន​ជាង៤៥០០វត្ត​និង​ចំនួន​ព្រះសង្ឃ​មាន​ជាង៥៤០០០អង្គ​ដែលជា​គួរ​មោទន​ដ៏​ក្រៃលែង។



បើតាម​ប្រវត្តិសាស្ត្រ​ព្រះពុទ្ធសាសនា​មាន​ដើមកំណើត​ដំបូង​នៅ​ប្រទេស​ឥណ្ឌា​លុះ​ក្រោយពី​ព្រះអង្គ​បាន​បរិនិព្វាន​ទៅ​ប្រមាណ​ជា២១៨ឆ្នាំមាន​ព្រះរាជា​មួយអង្គ​ព្រះនាម​ព្រះបាទ​ធ​ម្មា​សោក​មហារាជ បាន​ឡើង​សោយរាជ្យ​ក្នុង​រាជធានី​បាត​លិ​បុត្ត​នៃ​នរគ​មគធរដ្ឋ ដែលមាន​ឬ​ទ្ធា​នុ​ភាព​ក្រៃលែង​ទ្រង់​បាន​ចូលកាន់​ព្រះពុទ្ធសាសនា​ហើយ​បានជា​ព្រះ​រាជូបត្ថម្ភ​ក្នុង​ត​តិ​យ​សង្គាយនា ក្នុង​ព.ស២៣៤។

ក្រោយពី​ធ្វើ​ត​តិ​យ​សង្គាយនា​ហើយ​ព្រះបាទ​ធ​ម្មា​សោក​មហារាជ​បាន​បញ្ជូន​សមណៈ​ទូត​ទៅកាន់​ប្រទេស​នានា​ក្នុង​ពិភពលោក​ក្នុង គោលបំណង​ដើម្បី​ផ្សព្វផ្សាយ​អំពី​ព្រះពុទ្ធសាសនា កាលនោះ​ឲ្យ​ឈ្មោះថា​ទ្រង់​បាន​បើក​រនាំង​សកលលោក ហើយ​បំភ្លឺ​ឲ្យ​ប្រជានិករ​បាន​ស្គាល់​ព្រះពុទ្ធសាសនា​តាំងពី​ពេលនោះ​មក។

ជា​ភ​ព្វ​សំណាង​ដ៏​ក្រៃលែង​ប្រទេស​កម្ពុ​ជាមួយនេះ​ក៏បាន​ទទួល​ឥទ្ធិពល​នៃ​ការ    ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា ពី​ការបញ្ជូន​សមណៈ​ទូត​ពីរ​ព្រះអង្គ​ព្រះនាម​សោ​ណ​ត្ថេ​រ នឹង​ព្រះ​ឧ​ត្ត​រ​ត្ថេ​រ ជា​សមណៈ​ទូត​នាំ​ព្រះពុទ្ធសាសនា​មកកាន់​ដែនដី​សុវណ្ណ​ភូមិ​ក្នុង​ពុទ្ធ​សតវត្ស​ទី៣ (ព.ស២៣៤)។

ប្រទេស​កម្ពុជា​មិន​ត្រឹមតែ​ទទួល​ឥទ្ធិពល​នៃ​ព្រះពុទ្ធសាសនា​តែមួយ​នោះទេ​ក៏​ទទួល​ឥទ្ធិពល​ព្រហ្ម​ណ៏​សាសនា និង​វប្បធម៌ផ្សេងៗទៀត​ដែរ​ពី​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ដោយសារ​វប្បធម៌ ប្រពៃណី​ទំនៀមទម្លាប់​ខ្លះ វា​ស្រដៀង​គ្នា​នឹង​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ ហើយ​គួបផ្សំ​នឹង​បុព្វបុរស​ខ្មែរ​ពូកែ​កែឆ្នៃ​ពី​វប្បធម៌​បរទេស​មក​ធ្វើជា​របស់ខ្លួន​ដែល​មើលទៅ​មិនអោយ​ច្រឡំ​គ្នា​បានឡើយ ថា​មួយណា​ជា​របស់​ឥណ្ឌា ឬមួយ​ណា​ជា​ខ្មែរ​យើង។ ព្រះពុទ្ធសាសនា​ជា​សាសនា​ប​ដិ​សំយោគ​ជាមួយនឹង​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​ខ្មែរ​ហើយ​បូក​នឹង​ទ្រឹស្តី​ធម៌​របស់​ព្រះសម្មាសម្ពុទ្ធ​មាន​ហេតុផល​ច្បាស់លាស់​បានធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​នាំគ្នា​គោរព​ស្រលាញ់​ជាច្រើន​រៀងមក។

វត្ត​អារាម នឹង​ព្រះសង្ឃ​មាន​តួនាទី​សំខាន់​ខ្លាំងណាស់​ក្នុងសង្គម​ខ្មែរ វត្ត​អារាម​មិន​ត្រឹមតែ​ជា​កន្លែង​សម្រាប់ធ្វើ​ពិធី​សាសនា​តែប៉ុណ្ណោះ​នោះទេ ថែមទាំង​ជា​កន្លែង​ផ្សព្វផ្សាយ​វប្បធម៌ អរិយធម៌ និង​ជា​កន្លែង​សម្រាប់​បង្ហាញ​ពី​ភាព​សាមគ្គី​គ្នា​ក្នុងសង្គម​ខ្មែរ និយាយ​ឲ្យ​ជារួម​ជា​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ។ ព្រះសង្ឃ​គឺ​តំណាង​ឲ្យ​សាវ័ក​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ បាន​ដើរតួនាទី​សំខាន់​ជា​គ្រូបង្ហាត់​បង្រៀន​សីល​សាស្ត្រ វិជ្ជាពេទ្យ អក្សរសាស្ត្រ និង​គ្រូ​ព្យាបាល​ជំងឺផ្លូវចិត្ត​នឹង​ជា​អាជ្ញាកណ្តាល​ក្នុងការ​ដោះស្រាយ​វិវាទផ្សេងៗ ជូន​ប្រជាពលរដ្ឋ​អោយមាន​សុខ​ស​ន្ថិ​ភាព​ទាំងអស់គ្នា​ក្នុងសង្គម។

និយាយ​អំពី​ការប្រតិបត្តិ​របស់​ប្រជា​ពុទ្ធសាសនិក​ក្នុងប្រទេស​កម្ពុជា​វិញ បាន​ប្រារព្ធ​ពិធីបុណ្យ​ជាច្រើន​ក្នុងនោះ​បុណ្យធំៗដែល​ពាក់ព័ន្ធ​នឹង​ព្រះពុទ្ធសាសនា​មាន​ជាអាទិ៖
បុណ្យ​ភ្ជំបិណ្ឌ បុណ្យ​ចូល​ព្រះវស្សា បុណ្យ​ចេញ​ព្រះវស្សា បុណ្យកឋិន​បុណ្យមាឃបូជា និង​បុណ្យ​វិសាខបូជា​ជាដើម។ តែ​ក្នុងនេះ​សូម​លើក​តែ​បុណ្យមាឃបូជា​តែមួយ​យកមក​ប្រកាស​សម្តែង​ថ្លែង​ជា​អក្ខរាវិរុទ្ធ ស្តីអំពី​ប្រវត្តិ​បុណ្យមាឃបូជា​នេះ​ថា​តើ​មាន​សេចក្តី​អត្ថន័យ​យ៉ាងម៉េច​បាន​ប្រជា​ពុទ្ធសាសនិក​គ្រប់រូប​ចាំបាច់​ត្រូវតែ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ឡើង​មិន​ថា​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ឬក៏​បណ្តាល​ប្រទេស​នានា​លើ​សាកលលោក​នោះទេ​ឲ្យ​តែ​ជា​ពុទ្ធសាសនិក​សុទ្ធសឹង​ត្រូវតែ​ប្រារព្ធ​ពិធីបុណ្យ​នេះ​ជា​រៀងរហូត។

បុណ្យមាឃបូជាបើ​យោងតាម សៀវភៅ​ព្រះ​រាជពិធី​ទ្វាទសមាស​ភាគ​ទី២ និយាយ​តែ​ពី​ប្រវត្តិ​នៃ​បុណ្យ​វិសាខបូជា ដែល​កើតមាន​ក្នុង​រជ្ជកាល​នៃ​ព្រះបាទ​ហិ​រ​រក្ស​រាមា​ធិបតី ព្រះបាទ​អង្គឌួង ដែល​សោយរាជ្យ​នៅ​សម័យ​ឧ​ត្តុ​ង្គ​ក្នុង​ព.ស១៣៩៧។

តាម​សេចក្តី​នេះ​យើង​អាច​សន្និដ្ឋានបានថា​បុណ្យមាឃបូជា ទំនងជា​ត្រូវបាន​គេ​ផ្តើម​ធ្វើឡើង​ក្នុង​ពុទ្ធសករាជ​នេះ​ផងដែរ ពីព្រោះ​បុណ្យ​ទាំងពីរ​នេះ​គឺជា​បុណ្យ​រំលឹក​ថ្ងៃ​ខួប​នៃ​មហា​ភិល​ក្ខិ​ត​កាលធំៗ របស់​ព្រះសមណគោតម​ដែលជា​សាស្តាចារ្យ​នៃ​មនុស្ស​និង​ទេវតា​ទាំងឡាយ។

ក្នុង​ឆ្នាំ១៩៩៩ សមាជិក​អង្គការ​សហ​ប្រជា​តិ​បានអនុម័ត​ជា​ឯកច្ឆន្ទ បានទទួល​ស្គាល់​និង​ចាត់ទុក​បុណ្យ​វិសាខបូជា ក៏ដូចជា​បុណ្យមាឃបូជា​របស់​ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ ដែល​អនុញ្ញាតិ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​ដែល​កាន់​ព្រះពុទ្ធ​សាសន​អាច​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​បាន។ ទោះបី​មិនមាន​ចែង​ជា​លក្ខណៈ​សកល​យ៉ាងណាក៏ដោយ​ក៏​បុណ្យមាឃបូជា​ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​ទូទាំង​ពិភពលោក​នាំគ្នា​ប្រារព្ធ ហើយ​ចាត់ទុកថា​ជា​បុណ្យជាតិ​របស់ខ្លួន​ផងដែរ។

ជា​ទម្លាប់​ពុទ្ធសាសនិក​ខ្មែរ​ភាគច្រើន​ឲ្យ​តែ​ដល់​បុណ្យមាឃបូជាម្តងៗ គេ​តែងតែ​នាំគ្នា​រៀបចំ​ចាត់ចែង ទុកដាក់​បោស​ជូត​សំអាត នៅតាម​វត្ត​អារាម​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ដោត​ទង់ជាតិ ទង់សាសនា​ព្រះពុទ្ធ ព្រះ​បដ ព្រះ​ពុទ្ធរូប ព្រះ​សក្យមុនី​ចេ​តី​យ ព្រះ​សារីរិកធាតុ​ព្រះសម្មាសម្ពុទ្ធ រួមទាំង​គ្រឿង​ឧ​គ្ឃោ​សន​សព្ទ មានការ​ប្រគុំ​ភ្លេងពិនពាទ្យ​យ៉ាង​ត្រ​ហឹ​ង​អឹងកង គ្រឿង​ប្រដាប់​ប្រដាល​បូជា មាន​ប្រទីបជ្វាលា ទានធូប ផ្កាកម្រង គ្រឿងក្រអូប​ឈ្ងុយ​ឈ្ងុបផ្សេងៗ ដែល​សម្រិតសម្រាំង​បាន​យ៉ាង​ល្អ​ឥត​ខ្ជោះ​ទៅតាម​ទម្រង់​វប្បធម៌ អរិយធម៌ និង​ទំនៀមទម្លាប់​ខ្មែរ ដើម្បី​ត្រៀម​ប្រារព្ធ​បុណ្យមាឃបូជា​នេះ​ឡើង។

ការ​ប្រារព្ធ​ពិធីបុណ្យ​មាឃបូជា​នេះ​ឡើង​គឺ​ដើម្បី​ប្រារព្ធ​នូវ​ព្រឹត្តិការ​ណ៏ធំ៣យ៉ាង​គឺ៖

១/ដើម្បី​ប្រារព្ធ​នូវ​ការធ្វើ​ចតុរង្គសន្និបាត​ប្រកបដោយ​អង្គ​បួន
២/ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខ
៣/ដើម្បី​ប្រារព្ធ​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ
   
សម័យមួយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​គង់នៅ ក្នុង​គុហា (រូងភ្នំ) ឈ្មោះ សូករ​ខ​តា នា​ភ្នំ​គិ​ជ្ឈ​កូដ (ភ្នំ​មាន​កំពូល​ដូចជា​សត្វ​ស្មា​ត) ជិត​ក្រុង​រាជគ្រឹះ ដើម្បី​សម្តែង​ទីឃ​នខ​សូត្រ ប្រោស​ទីឃ​នខ​បរិ​ព្វា​ជក ដែល​សម្តែង​អំពី​មហាភូតរូប​បួន ដែល​ប្រព្រឹត្តិ​ទៅ​មិន​ទៀត​ទាត់​ឡើយ។

គាប់​ជួន​វេលា​នោះឯង ព្រះ​ធម្មសេនាបតី​កុ​ង្សី​យ៏​ធម៌ គង់​ស្ថិតនៅ​ខាង​ព្រះ​ប្រឹ​ស្នា​ង្គ( ខាងក្រោយ​ខ្នង) ដែល​បាន​បក់ផ្លិត​ថ្វាយ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ពិចារណា​ទៅតាម​ក្រសែ​នៃ​ព្រះធម៌​ក៏បាន​សម្រេច ជា​ព្រះអរហន្ត​ជាទីបំផុត​នៃ​សាវក​បារមី​ញាណ និង​បញ្ញា១៦។
ចំណែកឯ​ទីឃ​នខ​បរិ​ព្វា​ជក ក៏បាន​សម្រេច​សោតា​ប​ត្តិ​ផងដែរ។ នាកាល​ព្រះអាទិត្យ​រៀបនឹង​អស់​ស្ត​ង្គ​ត​ព្រះសម្មាសម្ពុទ្ធ​ស្តេច​យាងចុះ​ពី​កំពូលភ្នំ​គិ​ជ្ឈ​កូដ ហើយ​យាង​ទៅកាន់​វត្ត​វេឡុវ័ន ហើយ​ទ្រង់​ធ្វើ​សាវក​សន្និបាត​មាន​អង្គ​បួន។
   
ក/ព្រឹត្តិការ​ណ៏​ទី១ ចតុរង្គសន្និបាត​មាន​អង្គ៤ គឺ​ការប្រជុំ​ប្រកបដោយ​អង្គ​បួន​គឺ៖
១/ថ្ងៃ​ឧបោសថ​ព្រះ​ច័ន្ទ​ពេញវង់​ល្អ ជា​ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​ធ្វើ​វិ​សុ​ទ្ធុ​បោស​ថ
២/ក្នុង​ថ្ងៃនោះ ជា​ថ្ងៃ​ដែល​ព្រះ​ភិក្ខុសង្ឃ​ទាំង១២៥០អង្គ​មកប្រជុំគ្នា​ដោយ​មិន​មានការ​ណាត់គ្នា​មុន​ឡើយ​បានមក​កាន់  សំណាក់​ព្រះសម្មាសម្ពុទ្ធ​ក្នុង​ថ្ងៃ​តែមួយ​ព្រម​គ្នា
/ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ​សុទ្ធសឹង​ជា​ព្រះអរហន្ត​ទាំងអស់ ដែល​បានសម្រេច​នូវ​អភិញ្ញា៦
៤/ព្រះ​ភិក្ខុសង្ឃ​ទាំង​អម្បាល​នោះ សុទ្ធសឹងតែ​ជា​ឯ​ហិ​ភិក្ខុ​ទាំងអស់( ដោយ​បួស​មិនមាន​ឧ​ប​ជ្ជា ឬ​បាន​កោរសក់​នោះទេ ដោយ​គ្រាន់តែ​ចូលគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​បាន​ស្តាប់ធម៌​ក៏បាន​ក្លាយជា​ព្រះ​ភិក្ខុសង្ឃ​ដូច​គេ​ដែរ)។ ចតុរង្គសន្និបាត ឬ​សាវក​សន្និបាត​បែបនេះ មានតែ​ម្តង​ប៉ុណ្ណោះ​ក្នុងសម័យ​ព្រះពុទ្ធ​គង់នៅ មិន​កើតមានឡើង​ច្រើនដង​បានទេ។

ខ/ព្រឹត្តិការ​ណ៏​ទី២ ថ្ងៃ​ដែល​ព្រះអង្គ​ទ្រង់​សម្តែង​ឱវាទបាតិមោក្ខឱវាទបាតិមោក្ខ ជា​កម្រង​ដំបូន្មាន​ដែល​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​សម្តែង ដើម្បី​ដឹកនាំ​សត្វលោក​ទាំងអស់​ឲ្យ​រួចផុត​ទុក្ខ។ ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សម្តែង​នូវ​ឱវាទបាតិមោក្ខ ដែលមាន​ពុទ្ធវចនៈ៣គាថា​កន្លះ​ដែល​សំរាយ​សេចក្តី​ជា​ខ្មែរ​ដូចខាងក្រោម៖

អ​ធិ​វ​សន​ខន្តី គឺ​សេចក្តី​អត់ធន់ ជា​តបធម៌​ដ៏​ឧ​ត្ត​ម ព្រះពុទ្ធ​ទាំងឡាយ​តែង​ត្រាស់​ថា ព្រះ​និ​ញ្វ​ន​ជា​ធម៌​ដ៏​ឧ​ត្ត​ម បព្វជិត​អ្នក​សម្លាប់សត្វ​ដទៃ បៀតបៀន​សត្វ​ដទៃ មិន​ឈ្មោះថា​សមណៈ​ឡើយ។

ការមិន​ធ្វើបាប​ទាំងពួង ការបំពេញ​កុសល ការ​ញុំ​ា​ង​ចិត្ត​របស់ខ្លួន​ឲ្យ​ផូរផង់ ទាំងបី​នេះ ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ។

ការមិន​ពោល​ពាក្យ​តិះដៀល ការមិន​បៀតបៀន ការ​សង្រួម​ក្នុង​បាតិមោក្ខ ភាវៈ​ជា​អ្នក ដឹក​ប្រមាណ​ក្នុង​ភត្ត​ទី​ដេក​ទី​អង្គុយ​ដ៏​ស្ងាត់ ការបំពេញ​ព្យាយាម​ក្នុង​អធិចិត្ត​ទាំង៦ នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ទាំងឡាយ។

ក្រោយពី​ព្រះអង្គ​ទ្រង់​ត្រាស់​សម្តែង​ឱវាទបាតិមោក្ខ​រួចហើយ ព្រះ​សមណ​គោត្ត​ម​បរមគ្រូ​ជា​ម្ចាស់​នៃ​យើង ទ្រង់​ប្រកាស​តែងតាំង​ភិក្ខុ​ពីរ​អង្គ ជា​អគ្គសាវ័ក​កំពូល​លើស​ភិក្ខុ​ទាំងឡាយ​ដោយ​តាំង​ព្រះ​សារីបុត្ត ជា​អគ្គសាវ័ក​ស្តាំ ដែលជា​ភិក្ខុ​កំ​ពូ​លើ​ភិក្ខុ​ទាំងឡាយ​ជា​សាវ័ក ផ្នែក​ខាង​មាន​បញ្ញា​ច្រើន និង​តាំង​ព្រះមហា​មោគ្គល្លាន ជា​អគ្គសាវ័ក​ឆ្វេង ជា​ភិក្ខុ​កំពូល​លើ ភិក្ខុ​ទាំងឡាយ ផ្នែក​ខាង​មាន​ឫទ្ធិ​ច្រើន។

គ/ព្រឹត្តិការ​ណ៏​ទី៣ ថ្ងៃ​ព្រះអង្គ​ទ្រង់​ដាក់​អាយុសង្ខារ គឺជា​ថ្ងៃ​ដែល​មារ​មានចិត្ត​បាប​ចូលគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ហើយ​ក្រាប់ទូល​ដោយ​ទទូចថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ឥឡូវនេះ​សូម​ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​បរិនិព្វាន​ទៅ សូម​ព្រះ​សុគត​បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ឥឡូវនេះ​ជា​កាល​គួរ​នឹង​បរិនិព្វាន​របស់​ព្រះ​មាន​ព្រះ​ភាគ​ហើយ។ ព្រះពុទ្ធ​អង្គ​ក៏​ទ្រង់​ត្រាស់​តប​ពាក្យ​ពោល​របស់​មារ​ថា ម្នាល​មារ​មានចិត្ត​បាប ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ ការ​បរិនិព្វាន​របស់​តថាគត​មិនយូរប៉ុន្មាន​ទេ កន្លង៣ខែ​អំពី​ថ្ងៃនេះ​ទៅ តថាគត​នឹង​បរិនិព្វាន​ហើយ។

ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង​ទ្រង់​ដាក់ចុះ​នូវ​ព្រះ​ជន្មាយុ​សង្ខារ ពោលគឺ​ទ្រង់​កំណត់​ថ្ងៃ ដែល​ព្រះអង្គ​នឹង​រំលត់​ខន្ធ​ចូលកាន់​មហា​បរិនិព្វាន ដែល​ជាការ​លាចាក​លោក​នេះ ដោយ​ពុំមាន​ការវិលត្រឡប់​វិញ ជាការ​លាចាក​សង្សារវដ្ដ ដោយ​ពុំមាន​អាឡោះអាល័យ ព្រោះ​ផ្លូវ​ដែល​ព្រះអង្គ​យាង​ទៅ ជា​ផ្លូវ​សុខ​ស្ងប់​ប្រាសចាក​ទុក្ខ​ទាំងពួង។
សូម​អនុមោទនា!!!!!!

សរសេរ​អត្ថបទ​ដោយ សមណៈ​និស្សិត រី សង្ហាធ្វើ​នៅ​វត្ត សារា​វ័ន ថ្ងៃទី១៣កើត ខែមាឃ ឆ្នាំ​មរ​មី ឆស័ក ព.ស២៥៥៨ត្រូវ​នឹង​ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។
ទូរស័ព្ទ៖០១០ ៧៤១ ៧៩៣ 



Tag:
 មាឃបូជា
© រក្សាសិទ្ធិដោយ thmeythmey.com