ជាតិ
សង្គមជាតិ
លោក វណ្ណ ម៉ូលីវណ្ណ៖«រៀន និង​ស្រាវជ្រាវ​មិនចេះចប់​ទេ»
05, Feb 2015 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​នៅ​ឆ្នាំ២០១៥នេះ លោក​មាន​អាយុ៨៩ឆ្នាំ។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី១ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ១៩៤៤ ។ នៅ​ឆ្នាំ១៩៤៧-១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទីក្រុង​បារី​ស ប្រទេស​បារាំង។



បើទោះបីជា​អាយុ​របស់លោក វណ្ណ ម៉ូលីវណ្ណ កាន់តែ​ជ្រេ​បន្តិច​ហើយក៏​ដោយ​ក្តី ក៏​លោក​នៅតែ​ស្រឡាញ់​សៀវភៅ​ដដែល។ នៅក្នុង​គេហដ្ឋាន​របស់លោក​នៅក្នុង​ខេត្តសៀមរាប​ទី​ដែល​លោក​កំពុងស្នាក់នៅ គេ​សង្កេតឃើញ​សៀវភៅ​ជាច្រើន​ក្បាល​ដែល​ភាគច្រើន​និយាយ​ពី​ស្ថាបត្យកម្ម ហើយ​ជាពិសេស គឺជា​សៀវភៅ​ដែល​លោក​សរសេរ ឬ​សៀវភៅ​ដែល​អ្នកនិពន្ធ​ផ្សេង​សរសេរ​ពី​ស្នាដៃ​ស្ថាបត្យកម្ម​របស់លោក។

លោក វណ្ណ ម៉ូលីវណ្ណ គឺជា​ស្ថាបត្យករ​ឯក​របស់​ខ្មែរ​ដែល​ទទួលបាន​ភាព​ល្បីល្បាញ​នៅលើ​ពិភពលោក។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​បុគ្គល​ស្មោះត្រង់ ហ្មត់ចត់ និង​ចេះ​តស៊ូ​ក្នុង​ជីវិត​គួរអោយ​កត់​កោតសរសើរ។ កើត​ក្នុង​ត្រកូល​ក្រីក្រ តែ​លោក វណ្ណ តស៊ូ​ព្យាយាម​សិក្សា​រហូត​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សារ​នៅក្នុង​ប្រទេស​បារាំង។ ហើយ​នៅ​ទីបញ្ចប់ លោក​ទទួលបាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​គ្រប់​ទីកន្លែង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​កាលពី​ថ្ងៃទី១ខែ​កុ​ម្ភះ​ឆ្នាំ២០១៥កន្លងមក​នៅក្នុង​ខេត្តសៀមរាប លោក វណ្ណ ម៉ូលីវណ្ណ បាន​និយាយថា៖«រៀន និង​ស្រាវជ្រាវ មិនចេះចប់​ទេ។ ខ្ញុំ​អាយុ​ប៉ុន​ហ្នឹងហើយ ខ្ញុំ​នៅតែ​សរសេរ​និក្ខេបបទ។ មិនមែន​ចេញមក​ពីសា​លា ហើយ​ចប់​នោះទេ»។ នេះ​គឺជា​អត្ថាធិប្បាយ​របស់លោក​ឆ្លើយ​ទៅកាន់​អ្នកកាសែត​ដែល​សួរ​លោក​ថា តើ​រៀន​ដូ​ម្តេច​ដើម្បីអោយ​ពូកែ​ដូច​លោក។

លោក វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ១៩២៦ នៅក្នុង​ខេត្តកំពត ហើយ​លោក​ទើប​ទទួលបាន​សញ្ញាបត្រ​បណ្ឌិត​កាលពី​ឆ្នាំ២០០៨កន្ល​មក ពោលគឺ​ក្នុងពេលដែល​លោក​មាន​អាយុ៨២ឆ្នាំ។ និក្ខេបបទ​បណ្ឌិត​របស់លោក​និយាយ​ពី​ទីក្រុង​ភូមិភាគ​អាស៊ីអាគ្នេយ៍-អតីតកាល និង​បច្ចុប្បន្ន»៕












© រក្សាសិទ្ធិដោយ thmeythmey.com