ជាតិ
បទវិភាគ
តើកម្ពុជាទទួលបានប្រាក់ចំណូលច្រើន ឬតិចពីវិស័យទេសចរណ៍?
× ភ្នំពេញ៖ ក្នុងវិស័យទេសចរណ៍ ប្រទេសកម្ពុជាទទួលបានតួលេខជាចំនួនភ្ញៀវ និងជាចំនួនប្រាក់ចំណូលកើនឡើងជាលំដាប់។ ប៉ុន្តែ ប្រាក់ចំណេញសុទ្ធសម្រាប់ខ្មែរវិញត្រូវបានគេវិភាគថា មានចំនួនតិចតួច។ តើនេះបណ្តាលមកពីមូលហេតុអ្វី?
ពីមួយឆ្នាំទៅមួយឆ្នាំ ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងជាលំដាប់។
ជាក់ស្តែង កាលពីឆ្នាំ២០១៣ កន្លងមក កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៤លាន២សែននាក់ ក្នុងអត្រាកំណើន១៧,៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១២ កន្លងមក។ ក្រសួង
ទេសចរណ៍បង្ហាញតួលេខថា ក្នុងឆ្នាំ២០១៤កន្លងមក ភ្ញៀវទេសចរបរទសបានកើនឡើងដល់៤,៥លាននាក់ ហើយក្នុងឆ្នាំ២០១៥ខាងមុខ ចំនួនភ្ញៀវបរទេសនឹងកើនឡើងដល់៥លាននាក់ និងជិត៨លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ។
ប្រសិនបើគេគិតពីប្រាក់ចំណូលវិញ កាលពីឆ្នាំ២០១៣កន្លងមក ប្រទេសកម្ពុជាទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណជា ២៥០០ លានដុល្លារអាមេរិក ពោលគឺស្មើនឹង១៦ភាគរយនៃផលិតផលសរុបក្នុងស្រុក។ ឆ្នាំ២០១៤ វិស័យទេសចរណ៍ ទទួលបានប្រាក់ចំណូលសរុបប្រមាណជា៣០០០លានដុល្លារ។ វិស័យឧស្សាហកម្មគ្មានផ្សែងមួយនេះ បង្កើតការងារផ្ទាល់ជូនពលរដ្ឋខ្មែរចំនួនប្រមាណជា៥០ម៉ឺនាក់ និងការងារមិនផ្ទាល់ជាច្រើនម៉ឺនសែននាក់ផ្សេងទៀត។
បើផ្អែកលើតួលេខខាងលើនេះ ចំនួនភ្ញៀវកើនឡើង ចំនួនប្រាក់ចំណូលក៏កើនឡើងដែរ។ ប៉ុន្តែ ប្រាក់ចំណូលសុទ្ធដែលធ្លាក់ដល់ដៃប្រជាជនខ្មែរមានចំនួនតិចតួច។ មានមូលហេតុមួយចំនួនដែលអាចបញ្ជាក់ពីបញ្ហានេះបាន។
ទីមួយ ភ្ញៀវទេសចរបរទេសទាំងអស់ពិសា និងប្រើប្រាស់ទំនិញនាំចូលពីបរទេសស្ទើរគ្រប់មុខ ហើយនេះ ដោយសារតែផលិតកម្មខ្មែរនៅទន់ខ្សោយ ផលិតមិនគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់។ ឧទាហរណ៍ ជាក់ស្តែង សូម្បីតែក្រដាសអនាម័យក៏ត្រូវបានគេនាំចូលពីបរទេសមកដែរ។
ទីពីរ ម្ចាស់ថៅកែសណ្ឋាគារធំៗមួយចំនួននៅកម្ពុជា គឺជាជនជាតិបរទេស ដូច្នេះ ប្រាក់ចំណូលមួយចំនួនធំក៏ត្រូវបានគេនាំចេញទៅក្រៅប្រទេសវិញដែរ។
ទី៣ ប្រទេសមួយចំនួនបង្កើតកញ្ចប់ទេសចរណ៍បង្ខូចតម្លៃ និងប្រើប្រាស់អ្នកបកប្រែរបស់ពួកគេតែម្តង។ ករណីនេះទាក់ទងទៅនឹងភ្ញៀវជនជាតិកូរ៉េ ជាពិសេស។ ភ្ញៀវទេសចរកូរ៉េត្រូវបានគេរៀបចំអោយសម្រាន្ត ពិសា និងទិញផលិតផលភាគច្រើនជារបស់កូរ៉េ។ មកទស្សនាប្រទេសកម្ពុជាមែន តែប្រើប្រាស់ផលិតផល និងសេវាកម្មរបស់កូរ៉េទាំងអស់។ ជាក់ស្តែង សូម្បីតែ មគ្គទេសក៍ ក៏ពួកគេប្រើប្រាស់មគ្គទេសក៍ជនជាតិកូរ៉េដែរ ដោយជ្រកក្រោមហេតុផលថា ជា«អ្នកបកប្រែ»។
និងហេតុផលទី៤ ដែលកម្ពុជាមិនទទួលបានផលច្រើនពីវិស័យទេសចរណ៍របស់ខ្លួនដែរនោះ គឺ ផលិតផលអនុស្សារីយ៍ភាគច្រើនដែលដាក់លក់នៅកម្ពុជាសម្រាប់ជនបរទេស គឺជាផលិតផលនាំចូលពីក្រៅប្រទេស។ សរុបសេចក្តីមក កម្ពុជាទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍តាមរយៈតែការលក់កម្លាំងពលកម្ម ជាកម្មករ-បុគ្គលិក និងទទួលផលចំណេញបន្តិចបន្តួចពីការលក់បន្តប៉ុណ្ណោះ។
ដូច្នេះ ដើម្បីអោយខ្មែរទទួលបានផលច្រើនពីវិស័យទេសចរណ៍របស់ខ្មែរ និងជាចំណូលសុទ្ធនោះ ខ្មែរត្រូវតែពង្រឹងការផលិតដោយខ្លួនឯង។ រដ្ឋាភិបាល និងវិស័យឯកជន ត្រូវតែរិះរកគ្រប់មធ្យោបាយទាំងអស់ដើម្បីបង្កើនការផ្គត់ផ្គង់ផលិតផលខ្មែរទៅកាន់វិស័យទេសចរណ៍ខ្លួនឯង។ កម្ពុជា មិនគួរដកដង្ហើមតាមប្រទេសជិតខាងដែលផ្គត់ផ្គង់ផលិតផលរបស់គេសម្រាប់វិស័យទេសចរណ៍ខ្មែរនោះទេ។
ប្រជាពលរដ្ឋខ្មែរចង់ឃើញប្រាក់ចំណូលពិតហូរចូលក្នុងហោប៉ៅរបស់ខ្មែរពិត ពោលគឺកូនខ្មែរមិនចង់ឃើញតែកំណើនភ្ញៀវទេសចរជាតួលេខ រីឯសាច់ប្រាក់ពិតស្ថិតនៅក្នុងដៃជនបរទេសនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com