ជាតិ
បទវិភាគ
វិនាសកម្ម​ព្រៃឈើ​ពិតជា​មិនអាច​ទប់ស្កាត់បាន​មែនឬ?
28, Feb 2015 , 8:30 pm        
រូបភាព
ដោយ:
របាយការណ៍​ស្តីពី​ជំនួញ​ឈើ​ប្រណីត​ខុសច្បាប់​ដើម្បី​លក់​ចេញទៅ​ក្រៅប្រទេស​ដែល​ចេញផ្សាយ​ជាថ្មីទៀត​កាលពី​សប្តាហ៍​មុន​បង្ហាញ​ឲ្យ​ឃើញថា ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា​នៅតែ​បន្ត​កើតមាន​ពេញបន្ទុក​ដដែល។  សារព័ត៌មាន​ក្នុងស្រុក​ក៏បាន​ផ្សាយ​ជា​ញឹកញាប់​អំពី​ជំនួញ​ឈើ​ប្រណីត​ដែល​មិនអាច​ទប់ស្កាត់​បានដែរ។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?



អ្នក​ស្រឡាញ់​ព្រៃឈើ​ខ្មែរ​ច្បាស់​ជា​បង្ហូរទឹកភ្នែក​នៅពេល​ដែល​គេ​បានឃើញ​ឈើ​ដ៏​មានតម្លៃ​យ៉ាង​មហាសាល​ត្រូវបាន​គេ​កាប់​និង​ដឹកជញ្ជូន​ជា​រៀងរាល់ថ្ងៃ​ទៅ​លក់​ឲ្យ​ប្រទេសជិតខាង។ ឈើ​ប្រណីត​ដែលជា​សម្បត្តិ​ធម្មជាតិ​ដ៏​មានតម្លៃ​របស់​ខ្មែរ​ត្រូវបាន​ក្រុម​ឈ្មួញ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​មួយចំនួន​កាប់បំផ្លាញ​ជា​រៀងរាល់ថ្ងៃ។ ទឹកប្រាក់​ដ៏​សន្ធឹកសន្ធាប់​បាន​ហូរ​ចូលក្នុង​ហោប៉ៅ​បុគ្គល​ឯកជន​ខណៈដែល​រដ្ឋ​ក្រីក្រ​រកលុយ​ចិញ្ចឹម​មន្ត្រីរាជការ​ឲ្យ​សមរម្យ​មិនបាន។

ជាការ​ពិតណាស់ ប្រទេស​កម្ពុជា​សម្បូរ​ដោយ​សម្បត្តិ​ធម្មជាតិ​មហាសាល៖ រ៉ែ​មាស ត្បូង​ពេជ្រ និង​រ៉ែ​លោហធាតុ​មានតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ដី។ នៅក្នុង​ទឹក​ឯណោះ​វិញ ក៏មាន​ធនធាន​មច្ឆជាតិ​ដ៏​សម្បូរបែប​ដែល​គ្មាន​ប្រទេស​ណា​ដូច។ នៅលើ​ដី​មាន​ព្រៃឈើ​ដ៏​មានតម្លៃ​មហាសាល។ ប៉ុន្តែ ទីបំផុត​ទៅ ធនធានធម្មជាតិ​ទាំង​ក្នុង​ដី លើដី និង​ក្នុង​ទឹក កំពុង​រង​ការវិនាសហិនហោច​ស្ទើរ​អស់​ទៅហើយ​ដោយសារតែ​ភាពអនាធិបតេយ្យ​នៃ​អាជីវកម្ម​ដែល​មិនអាច​គ្រប់គ្រង​បាន។

ធនធានធម្មជាតិ​ទាំងនោះ​ប្រសិនបើ​រដ្ឋ​អាច​គ្រប់គ្រង​និង​ប្រើប្រាស់​ឲ្យ​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស​និង​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ចជាតិ ម្ល៉េះ​សម​កម្ពុជា​មិនបាច់​សុំ​ជំនួយ​ពី​បរទេស​ច្រើន​ឡើយ។ ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ ធនធានធម្មជាតិ​មហាសាល​ទាំងនោះ​មិនបាន​បម្រើ​ឲ្យ​សេដ្ឋកិច្ចជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ តែ​វា​បានជា​ប្រយោជន៍​តែ​ចំពោះ​បុគ្គល​មួយ​ក្តាប់​តូច​ដែលជា​ឈ្មួញ និង​សមត្ថកិច្ច​មួយចំនួន​ឃុបឃិត​យកលុយ​ចូល​ហោប៉ៅ​តែប៉ុណ្ណោះ។ ចំណែកឯ​សេដ្ឋកិច្ចជាតិ​នៅតែ​ក្រ រីឯ​ខ្មែរ​ម្ចាស់​ស្រុក​ដែល​ភាគច្រើន​ក្រីក្រ​រកតែ​កូនឈើ​ធ្វើ​ផ្ទះ​មិន​ទាំង​បាន​ផង។

និយាយ​ពី​វិនាសកម្ម​ព្រៃឈើ ការដឹកជញ្ជូន​សឹក​ជើង​ស្តើង​ផ្លូវ​របស់​ក្រុម​ឈ្មួញ​កំពុង​បន្ត​កើតឡើង​បើទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ការពារ​របស់​ប្រជា​សហគមន៍​ក៏ដោយ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ ពលរដ្ឋ​ក្រីក្រ និង​ជនបរទេស​មួយចំនួន​បែរជា​អ្នក​ខិតខំ​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ​ខ្មែរ រីឯ​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​អ្នកមាន​ឥទ្ធិពល​ដែលជា​ម្ចាស់​ប្រទេស​បែរជា​មិន​ខ្វល់ខ្វាយ​ពី​រឿង​ការពារ​សម្បត្តិ​ធម្មជាតិ​របស់ខ្លួន។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគេ​មួយចំនួន​បែរជា​ព្យាយាម​រារាំង​និង​ដាក់ទោស​អ្នកការពារ​ធនធានធម្មជាតិ​ទៅវិញ​ក៏មាន។ នេះ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​បទល្មើស​ព្រៃឈើ​មិនអាច​បង្ក្រាបបាន។

ប្រឈមមុខ​នឹង​វិនាសកម្ម​ព្រៃឈើ​បែបនេះ អាជីវកម្ម​ឈើ​គ្រប់​ប្រភេទ​គួរតែ​ត្រូវបាន​បញ្ឈប់​ជាបន្ទាន់​បើទោះជា​ការនាំចេញ​ក្តី​ឬ​ជា​សិប្បកម្ម​កែច្នៃ​ក្នុងស្រុក​ក្តី ពីព្រោះ​មិន​ថា​ការកាប់​ឈើ​ដើម្បី​បម្រើ​ឲ្យ​ការនាំចេញ​ឬ​ដើម្បី​កែច្នៃ​នោះឡើយ​វា​សុទ្ធតែជា​ការបំផ្លាញ​ព្រៃឈើ​ទាំងអស់។ ម្យ៉ាងទៀត សិប្បកម្ម​កែច្នៃ​ជាទូទៅ​ច្រើនតែ​បង្កើតឡើង​គ្រាន់តែ​ដើម្បី​បិទបាំង​ចរាចរណ៍​ឈើ​ដើម្បី​ដឹកចេញទៅ​ក្រៅប្រទេស​តែប៉ុណ្ណោះ។ លុះ​ដល់ពេល​មានរឿង​អាស្រូវ​ផ្ទុះឡើង ពួកគេ​ក៏​បញ្ចេញ​សិប្បកម្ម​ឲ្យ​ឃើញថា​ឈើ​ដែល​ខ្លួន​កាប់​និង​ដឹកជញ្ជូន​នោះ​គឺ​សម្រាប់​បម្រើ​ឲ្យ​សិប្បកម្ម​កែច្នៃ​ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងស្រុក​តែប៉ុណ្ណោះ។

ដូច្នេះ បើ​បំណាច់នឹង​គ្រប់គ្រង​មិនបាន​ដដែល រដ្ឋាភិបាល​គួរតែ​បិទ​មិន​ឲ្យ​ធ្វើ​អាជីវកម្ម​ឈើ​គ្រប់​ប្រភេទ​តែម្តងទៅ​ជាការ​ល្អ​ជាង​ពីព្រោះ​ការកាប់បំផ្លាញ​ជា​រៀងរាល់ថ្ងៃ​បែបនេះ គ្មាន​ឈើ​ណា​ដុះ​ទាន់​នោះឡើយ។ សូម​កុំភ្លេចថា ស្រុក​ខ្មែរ​យើង បើ​អស់​ឈើ​មួយទៀត គឺ​គ្មានអ្វី​សេសសល់​ទៀតឡើយ។ កូន​ខ្មែរ​ជំនាន់​ក្រោយ​ក៏​ប្រាកដជា​មិនបាន​ស្គាល់​អ្វី​ទៅជា​ក្រញូង បេង ឬ​នាងនួន ទៀតឡើយ។ ការបាត់បង់​ព្រៃឈើ​ក៏បង្ក​បញ្ហា​សង្គម​ជាច្រើន​ទៀត​ដល់​សង្គម​ដូចជា ទឹកជំនន់ និង​បាត់បង់​ជម្រក​សត្វ​ជាដើម។

ប្រសិនបើ​ឈ្មួញ​ឈើ​ទាំងឡាយ​ចេះ​អាណិតអាសូរ​ប្រទេសជាតិ​របស់ខ្លួន ពួកគេ​ត្រូវតែ​បញ្ឈប់​សកម្មភាព​នេះ​ជាបន្ទាន់។ ចំណែក​មន្ត្រី​អ្នកមានអំណាច​គ្រប់លំដាប់​ថ្នាក់ ប្រសិនបើ​ពួកគេ​ស្រឡាញ់​ជាតិ​មែន ត្រូវ​ប្តូរផ្តាច់​ធ្វើ​រឿងនេះ​ឲ្យ​បានជា​ដាច់ខាត​ទោះជា​ក្នុងតម្លៃ​ណាក៏ដោយ។ ការ​បណ្តែតបណ្តោយ​នឹង​ផ្តល់​ផល​អាក្រក់​ដល់​រដ្ឋាភិបាល​វិញ។ ម្យ៉ាងទៀត រដ្ឋា​ភិ​បាន​អាណត្តិ​ទី៥បាន​ដាក់ចេញ​កំណែទម្រង់​ស៊ីជម្រៅ​ជាច្រើន។ កំណែទម្រង់​ទាំងនោះ​នឹង​គ្មាន​ប្រសិទ្ធភាព​ទេ​ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិនអាច​លុបបំបាត់​ប្រព័ន្ធ​ឃុបឃិត​គ្នា​បាន។
ការឃុបឃិត​ជា​ខ្សែបណ្តាញ​នេះហើយ​ដែលជា​ប្រភព​នៃ​បរាជ័យ​នៃ​កំណែទម្រង់​របស់​រដ្ឋាភិបាល​រាប់ទាំង​បរាជ័យ​នៃ​កំណែទម្រង់​ព្រៃឈើ​ផង។ ប្រសិនបើ​ការកាប់បំផ្លាញ​ព្រៃឈើ​មិនអាច​លុបបំបាត់​បានទេ កម្ពុជា​នឹង​ក្លាយ​ជាទី​រហោស្ថាន​ក្នុងពេល​មិនយូរ​ខាងមុខនេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com