ជាតិ
អាជ្ញាធរ​រាជធានី​ប្រាប់​សិស្ស​កុំ​ឲ្យ​ភ្លើតភ្លើន​នៅ​ថ្ងៃទី១៤ កុម្ភៈ
11, Feb 2015 , 11:25 am        
រូបភាព
ដោយ: រួបរួម
បុណ្យ​សង្សា ឬ​បុណ្យ​នៃ​សេចក្តីស្រឡាញ់? ដោយសារតែ​មិនមាន​ការបកស្រាយ​ពន្យល់​ក្នុង​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត ពាក្យ «Valentine’s Day» យុវជន​កម្ពុជា​បាន​ឲ្យ​និយមន័យផ្សេងៗគ្នា។ ទោះបីជា​យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ​មន្ទីរ​កិច្ចការនារី និង​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី១១ ខែធ្នូ នេះ បាន​ណែនាំ​ដល់​សិស្ស​ថា ទិវា​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សៅរ៍​ខាងមុខ មិនមែនជា​ប្រពៃណី​ខ្មែរ​នោះឡើយ។



នៅ​អនុវិទ្យាល័យ​សម្តេច ហ៊ុន សែន ចំបក់​មាស ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា ដោយមាន​ការចូលរួម​ពី​សិស្ស​ប្រមាណ២០០នាក់​មកពី៤អនុវិទ្យាល័យ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ លោកស្រី កែ ចន្ទ​ដួង ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ និង​លោកស្រី ឯម ហ៊ា អនុប្រធាន​មន្ទីរអប់រំ រាជធានី​ភ្នំពេញ បាន​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ទំនៀម​ទំលាប់​ប្រពៃណី តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ថា ទិវា១៤កុម្ភៈ ជា​ប្រពៃណី​ខ្មែរ។

«Valentine’s Day» នា​ថ្ងៃ១៤កុម្ភៈ ដែលជា​ទិវា​នៃ​សេចក្តីស្រឡាញ់​របស់លោក​ខាងលិច ត្រូវបាន​យុវជន​ខ្មែរ​មួយចំនួន​ឲ្យ​និយមន័យ​ថា ជា «ថ្ងៃបុណ្យ​សង្សា» ហើយ​វា​ជំរុញ​ឲ្យ​មាន​ទង្វើ​ភ្លើតភ្លើន​ដែល​ប្រាស់ចាក​ពី​សីលធម៌​ខ្មែរ។ លោកស្រី​ប្រធាន​មន្ទីរ​កិច្ច​នារី​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ស្ថាប័ន​របស់លោក​ស្រី​ត្រូវមាន​វិធានការ​ទប់ស្កាត់​ដើម្បី​រួមចំណែក​កាត់បន្ថយ​អត្រា​ឈឺ និង​មរណភាព​មាតា​ក្នុងចំណោម​យុវវ័យ។

លោកស្រី កែ ចន្ទ​ដួង បាន​គូសបញ្ជាក់ថា មាតុភាព​នៅ​វ័យក្មេង​អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ទាំង​ម្តាយ និង​កូន។ បើតាម​លោកស្រី អត្រាកំណើត​ក្នុងចំណោម​យុវវ័យ​កម្ពុជា​ចន្លោះ​ពី១៥ទៅ១៩ឆ្នាំ មាន​កម្រិត ៥២,៣ភាគរយ​រវាង​ឆ្នាំ១៩៩៨ដល់​ឆ្នាំ២០០៥ ហើយ​នៅ​ឆ្នាំ២០១០ បាន​ធ្លា​ក់នៅត្រឹម៤៨ភាគរយ៕



© រក្សាសិទ្ធិដោយ thmeythmey.com