អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
បើ​ក្រិ​ក​ជា​សំរាម​របស់​អឺរ៉ុប ក្រិ​ក​គឺជា​មាស​ក្នុង​ក្រសែភ្នែក​ចិន និង​រុស្ស៊ី
29, May 2015 , 1:32 pm        
រូបភាព
ដោយ:
ខណៈ​សហភាព​អឺរ៉ុប​កំពុង​តានតឹង​ជាមួយ​ក្រិ​ក​ក្នុង​រឿង​វិបត្តិ​បំណុល​នោះ ចិន​និង​រុស្ស៊ី​ឯណោះ​វិញ​បាននាំគ្នា​មក​ចែចង់​ក្រិ​ក​អោយ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ខ្លួន​យ៉ាង​ព្រងើយ។ ជាក់ស្តែង ប្រធានាធិបតី​ពូ​ទីន និង​នាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាំ​ង បាន​អញ្ជើញ​នាយករដ្ឋមន្ត្រី​ក្រិ​ក​ថ្មី អា​ឡិច​ស៊ិ​ស ស៊ី​ប្រា អោយទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី និង​ចិន។



សូម​ស្តាប់​ការពន្យល់​របស់ ព្រំ​សឿន សូលី​ណា ពី​ទីក្រុង​ប៉ារីស



ប្រសិនបើ​សហភាព​អឺរ៉ុប​បន្ត​តានតឹង​រឿង​បំណុល​ជាមួយ​ក្រិ​ក នោះ​ក្រិ​ក​ប្រហែល​អាច​រត់ចោល​អឺរ៉ុប ទៅរក​រុស្ស៊ី រឺក៏​ចិន​វិញ​ក៏​ថា​បាន។ ថ្វីបើ​ថា ក្រិ​ក​កំពុងមាន​បំណុល​វណ្ឌ​ក រហូត ដល់ ១៧០ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​ក្តី ក៏​ចិន​និង​រុស្ស៊ី​មិនបាន​ចាត់ទុក​ក្រិ​ក ថា​ជា​ប្រទេស​អន់​បំផុត នៅ​អឺរ៉ុប​ដែរ។ មហាអំណាច​ទាំង២មានតែ​នាំគ្នា​បញ្ចេញ​មន្ត​ស្នេហ៍ ទាក់ទាញ​អោយ​រដ្ឋាភិបាល​ថ្មី របស់លោក ស៊ី​ប្រា បើកចំហរ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម រឺក៏​វប្បធម៌ អោយ​កាន់តែ​ទូលំទូលាយ​ជាមួយ​ខ្លួន​ថែមទៀត។ លោក ពូ​ទីន បាន​សុំអោយ​លោក​ស៊ី​ប្រា​ទៅ​ចូលរួម​បុណ្យជាតិ​រុស្ស៊ី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែឧសភា​ខាងមុខ។ រីឯ​លោក លី ខឺ​ឈាំ​ង វិញ​ក្នុង​សប្តាហ៍​នេះ ក៏​ទូរស័ព្ទ​សំណេះសំណាល​ពី​ទំនាក់ទំនង​រវាង​ចិន និង​ក្រិ​ក​ជាមួយ​នាយករដ្ឋមន្ត្រី​ក្រិ​ក​ដែរ ហើយក៏​មិន​ភ្លេច​នឹង​អញ្ជើញលោក​ស៊ី​ប្រា​អោយ​ទៅលេង​ក្រុង​ប៉េកាំង​ដែរ។

ត្បិត​ថា ក្រិ​ក​កំពុង​ធ្លាក់​ដុនដាប​ក្នុង​រឿង​ថវិកា និង​កំពុង​រង​សម្ពាធ​ពី​ម្ចាស់បំណុល​ដូចជា​សហភាព​អឺរ៉ុប រឺក៏​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ រដ្ឋាភិបាល​ក្រិ​ក​ដែល​ទើប​ជាប់ឆ្នោត​ថ្មី មិនមែន​ដូច​រដ្ឋាភិបាល​ក្រិ​កចាស់ ដែល​ចេះតែ​ដើរ​តាម​សហភាព​អឺរ៉ុប​ទេ។ រុស្ស៊ី​និង​ចិន ពិតជា​មើលឃើញថា លោក ស៊ី​ប្រា ជា​នាយករដ្ឋមន្ត្រី​ក្រិ​ក​ថ្មី​នេះ​មាន​បុគ្គលិកលក្ខណៈ​មិនធម្មតា​ទេ ព្រោះ​នយោបាយ​ដែល​លោក​ធ្លាប់​បង្ហាញ​ក្នុងការ​ឃោសនាបោះឆ្នោត កន្លងមក គឺជា​នយោបាយ​ប្រឆាំង​ការ​ត្បិតត្បៀត​ថវិកា ធ្វើអោយ​ប្រជាជន​ក្រិ​ក​ពេញចិត្ត​ច្រើន មិនតែប៉ុណ្ណោះ​ទេ បក្សនយោបាយផ្សេងៗនៅ​អឺរ៉ុប ក៏ដូចជា​ពេញចិត្ត​នឹង​នយោបាយ​នេះដែរ។ គ្រាន់តែ​ចូលកាន់​តំណែង​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ស៊ី​ប្រា បាន​អនុវត្ត​ផែនការ​មួយចំនួន​ស្របតាម​ការសន្យា​ក្នុងពេល​បោះឆ្នោត​កន្លងមកភ្លាម។ ក្នុង​គោលនយោបាយ​ប្រឆាំង​ការ​រឹតត្បិត​ថវិកា​នេះ រដ្ឋាភិបាល​ក្រិ​ក​ថ្មី​គ្រោង​ជួយ​អោយ​បុគ្គលិក​រដ្ឋ​ដែល​ត្រូវ​បណ្តេញ​ចេញពី​ការងារ​កន្លងមក ដើម្បី​កាត់បន្ថយ​ចំណាយ​ជាតិ​នោះ អាច​ត្រលប់មក​ធ្វើការ​វិញ​បាន។

បើ​លោក​ស៊ី​ប្រា​មុតមាំ​ចង់​ស្រោចស្រង់​ក្រិ​ក​តាម​ផែនការ​ថ្មី ដែល​លោក​គិតថា មិនចាំបាច់​ពឹង​សហភាព​អឺរ៉ុប​ទៀត​នោះ វា​ជា​ឱកាសល្អ​សម្រាប់​ចិន និង​រុស្ស៊ី​ដែល​ត្រូវការ​ការវិនិយោគ​និង​ពង្រីក​ឥទ្ធិពល​នៅ​អឺរ៉ុប។ រុស្ស៊ី​កំពុង​តានតឹង​ជាមួយ​សហភាព​អឺរ៉ុប​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន ដូច្នេះ បើ​រុស្ស៊ី​ជួយ​ជា​លុយកាក់​ដល់​ក្រិ​ក នោះ​ក្រិ​ក​នឹង​ក្លាយជា​ដៃគូ​សំខាន់​មួយ​ជួយ​ពង្រឹង​ជំហរ​រុស្ស៊ី នៅ​អឺរ៉ុប​ថែមទៀត។ ចិន​ឯណោះ​វិញ ក៏​មិន​ងាយ​ព្រលែង​ក្រិ​ក​ចោល​ដែរ។ នាយករដ្ឋមន្ត្រី​ក្រិ​ក​ថ្មី​សម្រេច​លែងអោយ​មានការ​ទិញយក​កម្មសិទ្ធិ​រដ្ឋ​ក្រិ​ក មក​ធ្វើជា​កម្មសិទ្ធិឯកជន ធ្វើអោយ​ក្រុមហ៊ុន​ចិន​មិនអាច​ទិញយក​ភាគហ៊ុន​រដ្ឋ ដើម្បី​វិនិយោគ​នៅ​កំពង់ផែ Pirée របស់​ក្រិ​កបាន​ទៀត។ ទោះ​ដូច្នេះ​ក្តី រដ្ឋាភិបាល​ចិន​នៅតែ​បបោសអង្អែល​រដ្ឋាភិបាល​ក្រិ​ក ដើម្បី​បន្ត​និង​ពង្រីក​ដៃគូ​រកស៊ី ក្នុង​វិស័យផ្សេងៗទៀត។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ចិន​ក្លាយជា​ដៃគូ​ចំបង​ជាមួយ​ក្រិ​ក បើ​ចិន​ចង់​ព​ង្រឹ​ក​ឥទ្ធិពល​ខ្លួន​នៅ​អឺរ៉ុប ចិន​មិន​ងាយ​បោះបង់​ក្រិ​កស្រួលៗទេ។ ចិន​ហ៊ាន​ទៅរក​ស៊ីឆ្ងាយៗរហូតដល់​ទ្វីបអាហ្វ្រិក ដែល​ក្រីក្រ​ផង រឿង​អី​មិន​ហ៊ាន​រកស៊ី​នៅ​ប្រទេស​ក្រិ​ក​ដែល​ធ្លាប់មាន​អរិយធម៌​រុងរឿង​នៅ​អឺរ៉ុប​នោះ។

បើ​យើង​មើល​ផែនការ​រដ្ឋាភិបាល​ក្រិ​ក​ថ្មី​ក៏​ហាក់ដូចជា​មិន​អន់​ដែរ។ ជា​ផែនការ​មាន​ទិសដៅ​ជំរុញ​សំទុះ​សេដ្ឋកិច្ច​ឡើងវិញ អាច​ទាក់ទាញ​ប្រទេសផ្សេងៗ អោយ​ចូលមក​វិនិយោគ​នៅ​ក្រិ​ក​ផង​ក៏​ថា​បាន។ ថ្មីៗនេះ រដ្ឋមន្ត្រី​ការពារជាតិ​ក្រិ​ក លោក​Panos Kammenos បាន​ព្រលយ​ពាក្យ​បង្អួត​ទៀតថា បើ​ការចរចា​បំណុល​ក្រិ​ក​ជាមួយ​សហភាព​អឺរ៉ុប​បរាជ័យ ក្រិ​ក​ប្រហែល​អាច​នឹង​រក​ថវិកា​ពី​ចិន អាមេរិក រុស្ស៊ី រឺក៏​ពី​ប្រទេសផ្សេងៗទៀត។ នេះ​ស​បង្ហាញថា បើ​សហភាព​អឺរ៉ុប​បោះបង់​ក្រុង​អាថែន​ចោល មិន​ខ្វះ​ទេ​ប្រទេស​ដែល​មក​ចែចង់​ក្រិ​ក សូម្បី​អាមេរិក​ក៏​សម្លឹង​ក្រិ​ក​ដែរ។

តាមមើល សហភាព​អឺរ៉ុប​មិន​ហ៊ាន​បោះបង់​ក្រិ​ក​អោយ​ឯការ​ទេ ព្រោះ​បើ​ក្រិ​ក​រត់ទៅរក​រុស្ស៊ី វា​អាច​ជះឥទ្ធិពល​មិនល្អ​ដល់​នយោបាយ​សេដ្ឋកិច្ច​តំបន់​អឺរ៉ូ​បាន។ ស្រួល​មិន​ស្រួល ប្រទេសផ្សេងៗទៀត​អាចធ្វើ​នយោបាយ​តាម​ក្រិ​ក​ផង​ក៏​ថា​បាន ព្រោះថា ប្រជាជន​អឺរ៉ុប​កំពុងមាន​ជីវភាព​លំបាក​ជាង​មុន​ផង​នោះ។ ម្យ៉ាងទៀត រុស្ស៊ី​កំពុង​ប្រឈម​នឹង​អឺរ៉ុប​ក្នុង​រឿង​អ៊ុយ​ក្រែ​ន​ទៀត ហើយ​ចិន​ដែល​កំពុង​ចែចង់​ក្រិ​ក​ដែរនោះ ក៏​ជា​មិត្ត​នឹង​រុស្ស៊ី​ដែរ។ អឺរ៉ុប​ប្រហែល​មិនអាច​បោះបង់​ក្រិ​ក​អោយ​រត់ទៅរក​រុស្ស៊ី ធ្វើអោយ​រុស្ស៊ី​កាន់តែ​បានចិត្ត​នោះទេ។

ពេលនេះ ពេល​ក្រិ​ក​កំពុង​ចរចា​បំណុល​យ៉ាង​លំបាក អ្នកការទូត​អឺរ៉ុប​នៅតែ​បង្ហាញ​សុទិដ្ឋិនិយម​ថា សហភាព​អឺរ៉ុប​អាច​នឹង​សម្រេចបាន​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រិ​ក នៅ​ទីបញ្ចប់។ ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ធនាគារកណ្តាល​អឺរ៉ុប​ដែលជា​ម្ចាស់បំណុល​របស់​ក្រិ​កមួយ​ដែរនោះ ហាក់​ចង់​សម្រួល​ភាព​តានតឹង​ជាមួយ​ក្រិ​ក​មកវិញ ដោយបាន​សម្រេចចិត្តថា អាចអោយ​ក្រិ​ក​ខ្ចី​បាន៦៥ពាន់​លាន​អឺរ៉ូ​ថែមទៀត​ក្នុងករណី​បន្ទាន់៕




© រក្សាសិទ្ធិដោយ thmeythmey.com