សង្គមអន្តរជាតិ​
អន្តរជាតិ
Angelina Jolie និង Bill Gates ជា​បុគ្គល​ដែល​គេ​សរសើរ​ច្រើនជាងគេ​ក្នុង​ពិភពលោក
20, Feb 2015 , 4:24 pm        
រូបភាព
ដោយ:
 
ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​អន្តរជាតិ YouGovបានធ្វើ​ការស្ទង់មតិ​តាមរយៈ​ការបោះឆ្នោត​ជា​សកល​មួយ​នៅក្នុង​ប្រទេស​ចំនួន ៣៤ដើម្បី​ស្វែងរក ថា​តើ​បុគ្គល​រូប​ណា​ដែល​ត្រូវបាន​គេ​សរសើរ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក​ក្នុង​ឆ្នាំ២០១៤ ។លទ្ធផល​បាន​បង្ហាញថា​មនុស្ស​ដែល​គួរឱ្យ​កោតសរសើរ​ជាងគេ គឺ​រួមមាន​មេដឹកនាំ​របស់​ប្រទេស​មហាអំណាចធំៗនៅលើ​ពិភពលោក​អ្នកធ្វើការ​ម​នុស្ស​ធម៌ និង​តារាភាពយន្ដ ជាដើម។



ក្រុមហ៊ុន YouGovបាន​ប្រមូលផ្តុំ​លទ្ធផល​នៃ​ការបោះឆ្នោត ដើម្បី​ចងក្រង​ជា​បញ្ជី​ដែលមាន បុរស ២៥ នាក់ និង​ស្ត្រី ២៥នាក់ ដែល​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស ជា​មនុស្ស​ដែល​គួរ​ឲ្យ​សរសើរ​ខ្លាំង​បំផុត​ក្នុង​ឆ្នាំ ២០១៤ កន្លងទៅនេះ។

លទ្ធផល​នៃ​ការបោះឆ្នោត​បានបង្ហាញ​ថា បុរស​ដែល​គេ​សរសើរ​ច្រើនជាងគេ​បំផុត​នៅលើ​ពិភពលោក គឺ​លោក Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​អ្នកផ្ដល់ជំនួយ​សប្បុរស​ធម៌​ទៀតផង​នោះ។ ចំណែកឯ ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់​អូ​បា​ម៉ា បាន​ជាប់​ចំណាត់ថ្នាក់​ទី២ ខណៈ​ប្រធានាធិបតី​ចិន​លោក​ស៊ី​ជីន​ពីង ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៣ ហើយ​ប្រធានាធិបតី​រុស្ស៊ី វ្លា​ឌី​មៀ ពូ​ទីន បាន​ជាប់​ចំណាត់ថ្នាក់​ទី១១ ។

ដោយឡែក​បើតាម​ការស្ទង់មតិ​រប​ស់ ក្រុមហ៊ុន YouGovដដែល​នេះ ស្ត្រី​ដែល​ទទួលបាន​ការសរសើ​រ​ច្រើនជាងគេ​បំផុត ពី​អ្នកបោះឆ្នោត​គឺ​តារា​ហូលីវូត​ដ៏​ល្បីល្បាញ នាង Angelina Jolie បន្ទាប់មក​គឺ​ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព ២០១៤ ដែលជា​សកម្មជន​សិទ្ធិមនុស្ស​ប៉ា​គី​ស្ថាន​នាង MalalaYousafzai ខណៈពេលដែល អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោកស្រី ហ៊ីល​ឡា​រី​គ្លី​ន​តុ​ន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី៣ ។

ក្រៅពីនេះ​ស្ត្រីល្បីៗជាច្រើន​ទៀត​ក៏បាន​ជាប់​ក្នុង​បញ្ជី ស្ត្រី​ដែល​ទទួលបាន​ការសរសើ​រ​ច្រើនជាងគេ គឺមាន​ជា​បន្តបន្ទាប់​ដូចជា ម្ចាស់​ក្ស​ត្រី Elizabeth II របស់​អង់គ្លេស លោកស្រី Michelle Obama និង​លោកស្រី អង់​សាន​ស៊ូ​ជី ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com