សង្គមអន្តរជាតិ​
អន្តរជាតិ
បុរស​ម្នាក់​ទិញ​នាឡិកាដៃ​តម្លៃ ៦ដុល្លារ តែ​លក់​វិញ​បាន ៣៥ ០០០ដុល្លារ
21, Feb 2015 , 11:30 am        
រូបភាព
ដោយ:
បុរស​អាមេរិក​ម្នាក់ បាន​រកឃើញ​នាឡិកា​ស្វ៊ី​ស​ដ៏​កម្រ​មួយគ្រឿង នៅក្នុង​ហាង​លក់​សម្ភារ​ជជុះ​ក្នុង​ទីក្រុង Phoenix ហើយ​បុរស​នោះបាន​ទិញ​វា ក្នុងតម្លៃ ៥,៩៩ ដុល្លារ បន្ទាប់មក​លោក​បានប្រកាស​ដាក់​ដេញថ្លៃ​តាម​អ៊ី​ធើ​ណែ​ត ហើយ​នាឡិកា​នេះ​មាន​គេ​ឲ្យ​តម្លៃ​រហូតដល់ ៣៥ ០០០ ដុល្លារ ។ នេះ​បើ​យោងតាម​កាសែត New York Post ។



ប្រភព​ដដែល​ក៏បាន​ឲ្យ​ដឹងថា  លោក Zach Norrisបាន​ទៅ​ហាង​ជជុះ​មួយកន្លែង​នៅក្នុង​ទីក្រុង Phoenix រដ្ឋ​អា​រី​សូ​ណា សហរដ្ឋអាមេរិក លពី​ខែមករា​កន្លងទៅនេះ ដើម្បី​រក​ទិញ​រថយន្ត golf cart សម្រាប់​ជិះ​ពេល​ទៅ​កីឡាវាយកូនគោល​ប៉ុន្តែ​លោក​បាន​ចំណាយ​ពេលខ្លះ​ដើម្បី​ដើរ​មើល​កន្លែង​លក់​នាឡិកាចាស់ៗង​ដែរ។លោក​Norrisបាន​ប្រាប់​ទូរទស្សន៍ KTVK ថា​លោក​មានការ​រំភើប​ជាខ្លាំង នៅពេលដែល​គាត់​បានទទួល​នាឡិកា​មុជទឹក​លិ​ត​ក្នុងប្រទេស​ស្វ៊ី​ស ដ៏​កម្រ​មួយ គឺ​ម៉ាក Jaeger-LeCoultreផលិត​ក្នុង​ឆ្នាំ១៩៥៩ ដែល​ត្រូវបាន​គេ​ដាក់លក់​ក្នុងតម្លៃ ៥,៩៩ ដុល្លារ។

លោក Norris បាន​ទិញយក​នាឡិកា​នោះ ហើយ​បាន​យក​វា​ទៅ​ហាង​លក់​គ្រឿង​រតន​ភណ្ឌ មួយកន្លែង ដើម្បី​ពិនិត្យមើល​ពី​ម៉ាក​របស់​នាឡិកា​នោះ។ បន្ទាប់មក​ម្ចាស់​ហាង ក៏បាន​ផ្ទៀងផ្ទាត់​រួច​បញ្ជាក់ថា វា​គឺជា​នាឡិកា​ម៉ាក Jaeger-LeCoultreផលិត​ក្នុង​ឆ្នាំ១៩៥៩ ពិតមែន។

ភ្លាមៗក្រោយពី​ការបញ្ជាក់​របស់​អ្នកជំនាញ លោក Norrisបានប្រកាស​ពី​ការរកឃើញ​របស់គាត់​នៅលើ​គេហទំព័រ​ដើម្បី​ដាក់លក់​នាឡិកា​នោះ ទៅ​ឲ្យ​ក្រុម​អ្នកប្រមូល​ទិញ​នាឡិកាចាស់។ បន្ទាប់ពី​ការប្រកាស​ដាក់លក់​នេះ មាន​អ្នក​ស្រលាញ់​នាឡិកាចាស់ៗក្នុង​ទីក្រុង​សាន​ហ្វ្រា​ន់​ស៊ី​ស្កូ​ម្នាក់ បាន​ឲ្យ​តម្លៃ​នាឡិកា​នោះ ៣៥ ០០០ ដុល្លារ​បូក​នឹង​នាឡិកា​ដ៏​តម្លៃ​មួយគ្រឿង​ថែមទៀត​ផងដែរ។

នៅពេល​គេ​សាកសួរ​អំពី​តម្លៃ​នាឡិកា​នេះ​ហាង​លក់​គ្រឿង​រតន​ភណ្ឌ​បាន​និយាយថា​គឺ​វា​នឹងត្រូវ​កំណត់​តាម​ទីផ្សារ​ព្រោះថា​នាឡិកា​នេះ​គឺជា​នាឡិកា​មួយគ្រឿង​ក្នុងចំណោម ១០០០ គ្រឿង​ដែល​បាន​ផលិតកម្ម​ដោយ​កម្រ កាលពី​ឆ្នាំ១៩៥៩ នោះ ហើយ​វា​នឹង​បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកដេញថ្លៃ៕




© រក្សាសិទ្ធិដោយ thmeythmey.com