សង្គមអន្តរជាតិ
អន្តរជាតិ
ថៃអនុម័តច្បាប់ហាមឃាត់ជនបរទេសជួលស្ត្រីថៃពពោះបង្កើតកូន
× របបសឹកថៃបានសម្រេចកិច្ចការដ៏ធំរបស់ខ្លួន នៅចុងសប្តាហ៍នេះ ដោយបានអនុម័តច្បាប់ហាមឃាត់ជនបរទេស អោយឈប់ជួលស្ត្រីថៃពពោះបង្កើតកូនអោយខ្លួន។ បើមិនដូច្នោះទេ ពួកគេអាចជាប់ពន្ធនាគារ១០ឆ្នាំ។ ច្បាប់ថ្មីនេះនឹងចូលជាធរមានក្នុងខែមិថុនាខាងមុខ។
យោងតាមច្បាប់ថៃដែលទើបអនុម័តនេះ គូស្រករជនបរទេសដែលមានសិទ្ធិអោយស្ត្រីថៃពពោះកូនអោយពួកគេបាន ទាល់តែមានម្នាក់មានសញ្ជាតិថៃ ហើយគូស្វាមីភរិយានេះត្រូវរៀបការរួចហើយយ៉ាងហោចក៏៣ឆ្នាំដែរ។ ចំណែកស្ត្រីថៃដែលត្រូវពពោរកូនអោយគេ ត្រូវមានអាយុលើសពី២៥ឆ្នាំឡើងទៅ ត្រូវតែរៀបការហើយ ហើយត្រូវតែមានកូនផ្ទាល់ខ្លួនយ៉ាងហោចក៏ម្នាក់ដែរ។ លើសពីនេះទៀត ទាល់តែមានការយល់ព្រមពីស្វាមីនាង ទើបនាងអាចពពោះកូនអោយគេបាន។
ថៃបានអនុម័តច្បាប់នេះឡើង បន្ទាប់ពីជួបរឿងអាស្រូវច្រើនលើក កាលពីខែសីហាឆ្នាំ២០១៤កន្លងទៅ ហើយនៅតែបន្តរាលដាលរហូតដល់ដើមឆ្នាំ២០១៥នេះ។ កាលពីខែសីហាឆ្នាំមុន ប្តីប្រពន្ធជនជាតិអូស្ត្រាលីមួយគូបានបោះបង់ទារកមានជំងឺទ្រីសូមី ឈ្មោះថា ហ្កាមីGammy អោយទៅស្ត្រីថៃដែលជាម្តាយពពោះកូនអោយពួកគេ។ ស្ត្រីថៃរូបនោះបានបង្កើតបានកូនភ្លោះ ប្រុសមួយ ស្រីមួយ។ តែប្តីប្រពន្ធអូស្ត្រាលីនេះត្រលប់ទៅស្រុកវិញ ដោយយកតែកូនស្រីដែលមានសុខភាពល្អ ទៅជាមួយប៉ុណ្ណោះ។ ប៉ុន្មានសប្តាហ៍ក្រោយមកទៀត មានរឿងអាស្រូវរោងចក្រផលិតទារកផ្ទុះឡើងទៀត។ រឿងនេះជាប់ពាក់ព័ន្ធនឹងបុរសអ្នកមានជនជាតិជប៉ុនម្នាក់ ដែលបានជួលស្ត្រីថៃជាច្រើនរូបអោយពពោរបង្កើតកូន។
គួរបញ្ជាក់ដែរថា មុននឹងមានរឿងអាស្រូវជនជាតិអូស្ត្រាលី និងជនជាតិជប៉ុននេះកើតឡើង អាជីវកម្មជួលស្ត្រីពពោះនេះបានរីកដូចផ្សិតនៅស្រុកថៃ។ ក្រៅពីច្បាប់ហាមជនបរទេសដែលអនុម័តនៅចុងសប្តាហ៍នេះ ថៃក៏បានបោះឆ្នោតហាមឃាត់មិនអោយផ្សាយពាណិជ្ជកម្មពីអាជីវកម្មពពោះក្មេងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com