សង្គមអន្តរជាតិ​
អន្តរជាតិ
មី​យ៉ាន់​ម៉ា៖ ជនភៀសខ្លួន​រាប់ម៉ឺន​នាក់​រត់​ចូល​ទឹកដី​ចិន​ដោយសារ​ជម្លោះ​ប្រដាប់អាវុធ
22, Feb 2015 , 3:30 pm        
រូបភាព
ការប្រយុទ្ធ​គ្នា​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា​នៅជាប់​ព្រំដែន​ចិន កើនឡើង​កាន់តែខ្លាំងរ​ហូត​ដល់​មាន​ការប្រើ​យន្តហោះ និង​កាំភ្លើង​ធំ​ផង។ ជនភៀសខ្លួន​ជាច្រើន​នាក់​ឆ្លង​ចូល​ប្រទេស​ចិន​ដើម្បី​ស្វែងរក​សុវត្ថិភាព ចំណែក​ចំនួន​អ្នកស្លាប់​ឬ របួស​មិនទាន់មាន​របាយការណ៍​បញ្ជាក់​ឡើយ ប៉ុន្តែ​គ្រាន់តែ​ម្សិលមិញ​សាកសព​មនុស្ស​ប្រហែល២០នាក់​មាន​ស្រី​មាន​ប្រុស​នៅតាម​ផ្លូវ​ក្បែរ​តំបន់​ប្រយុទ្ធ។



កងកម្លាំង​ឧទ្ទាម​ដែលជា​ជនជាតិភាគតិច​ចិន បន្ត​ប្រយុទ្ធ​គ្នា​កាន់តែខ្លាំងឡើងៗជាមួយ​កងកម្លាំង​រដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា ដែល​គោលបំណង​ក្រុម​ឧទ្ទាម​គឺ​ចង់បាន​ស្វ័យភាព​បន្ថែម​នៅក្នុង​តំបន់។ ការប្រយុទ្ធ​គ្នា​នេះ រហូតដល់​មានការ​បាញ់​ផ្លោង​កាំភ្លើង​ធំ​លើ​តំបន់ Kokangនៃ​រដ្ឋ​សាន ពេញ​មួយថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ។ គេ​ឃើញ​ប្រជាជន​នៅក្នុង​តំបន់​ពី៣ ទៅ ៥ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ចូលក្នុង​ខេត្ត​យូ​ណាន​ប្រទេស​ចិន ដើម្បី​គេច​អោយ​ផុតពី​គ្រោះថ្នាក់ ប៉ុន្តែ​មិនមាន​របាយការណ៍​ណាមួយ​បញ្ជាក់​អោយ​ច្បាស់​ពី​ចំនួន​អ្នកស្លាប់​និង​របួស​ឡើយ។ បើតាម​អ្នកយកព័ត៌មាន Al Jazeera  សាកសព​ចំនួន២០ មាន​ប្រុស​មាន​ស្រី ដេករ​ណូ​ក​រណែល​នៅលើ​ផ្លូវ នៅក្នុង​ទីក្រុង Laukkaiនៃ​ប្រទេស​មី​យ៉ាន់​ម៉ា។

ទាក់ទង​ការប្រយុទ្ធ​ទាមទារ​ស្វ័យភាព​បន្ថែម តំបន់​ដែល​កំពុងមាន​ជម្លោះ​ប្រដាប់អាវុធ​នោះ​មាន​ជនជាតិ​ហាន (ចិន) ភាគច្រើន​កំពុង​រស់នៅ​និង​កាន់កាប់​តំបន់​នោះ។ ហើយ​តំបន់​មួយ​នេះ​ក៏​តែងតែមាន​ជម្លោះ​កើតឡើង​ជាប្រចាំ ហើយ​ការប្រយុទ្ធ​គ្នា​កើតឡើង​កាន់តែខ្លាំង​តាំងពី​ថ្ងៃ ៩កុម្ភៈ​រវាង​កងកម្លាំង​សម្ព័ន្ធ​ទាហាន​ប្រជាធិបតេយ្យ​ជាតិ​មី​យ៉ាន់​ម៉ា។

បើតាម​មន្ត្រី​យោធា​ជា​កងកម្លាំង​រដ្ឋាភិបាល ក្រុម​ឧទ្ទាម​ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​កងកម្លាំង​រដ្ឋាភិបាល​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​ឧទ្ទាម​ជនជាតិភាគតិច​ផ្សេងទៀត និង​អតីត​ទាហាន​ចិន ដែលជា​ទាហាន​ស៊ីឈ្នួល​ផងដែរ។ ក្រុម​ទាំងអស់នោះ​សុទ្ធតែ​ប្តូរផ្តាច់​ប្រយុទ្ធ​ដើម្បី​ស្វែងរក​ស្វ័យភាព​បន្ថែម​ពី​រដ្ឋាភិបាល​ក្រុង​ណៃ​ពី​ដ៏។ ក្រុម​កង​ម្លាំ​ង​ផ្សេងទៀត​បានស្នើ​សុំអោយ​រដ្ឋា​ភិ​បាល​កណ្តាល​ព្រម​ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​តំបន់ Kokangនិង​ទទួលស្គាល់​ការទាមទារ​ស្វ័យភាព​នេះ ដើម្បី​ឈានទៅ​សម្រេចបាន​សន្តិភាព​ជាមួយ​ក្រុម​ឧទ្ទាម​ផ្សេងទៀត​ផងដែរ។បច្ចុប្បន្ននេះ​តំបន់​ដែល​កំពុងមាន​ជម្លោះ​ប្រដាប់អាវុធ​របស់​មី​យ៉ាន់​ម៉ា​កំពុង​ស្ថិតក្រោម​ច្បាប់អាជ្ញាសឹក ហើយ​មី​យ៉ាន់​ម៉ា​បានប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​រួចរាល់​ហើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com