ជាតិ
បទវិភាគ
សង្គមជាតិ
ភាព​ជា​​ដៃ​គូ​​រវាង​​រដ្ឋាភិបាល​ និង​​សង្គម​​ស៊ីវិល ​​នៅ​តែ​​រក​​មិន​ឃើញ !​
22, Feb 2015 , 9:52 pm        
រូបភាព
ដោយ:
ជាថ្មី​ម្តងទៀត​របាយការណ៍​ស្តីពី​ជម្លោះដីធ្លី​បានបង្ហាញ​និន្នាការ​ផ្ទុយគ្នា​ស្រឡះ​រវាង​អង្គការ​លីកាដូ​និង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។ ម្ខាង​បង្ហាញ​ពី​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ជម្លោះដីធ្លី និង​ម្ខាង​ទៀត​បង្ហាញ​ពី​ការថយចុះ​យ៉ាងច្រើន​ស្ទើរតែ​អស់។  នេះ​បង្ហាញ​ឲ្យ​ឃើញថា​កិច្ចសហការ​គ្នា​ជា​ដៃគូ​រវាង​ក្រសួង​មាន​សមត្ថកិច្ច​របស់រ​ដ្ឋា​ភិ​បាល​និង​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ក្នុង​វិស័យ​តែមួយ​នៅតែ​មិនអាច​រកឃើញ​ដដែល។


របាយការណ៍​របស់​អង្គការ​លីកាដូ​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បង្ហាញថា ក្នុង​ឆ្នាំ ២០១៤ ករណី​ជម្លោះដីធ្លី​កើនឡើង​បី​ដង​បើ​ធៀប​នឹង​ឆ្នាំ ២០១៣ ។ ផ្ទុយ​ពី​របាយការណ៍​នេះ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​បាន​បង្ហាញ​ពី​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នៃ​ករណី​ជម្លោះដីធ្លី​ពោលគឺ​ចុះ​ពី​ជាង​ជាង ៦ ៥០០ ករណី​មក​នៅត្រឹមតែ ៧៥០ ករណី​ប៉ុណ្ណោះ​ក្នុង​ដំណាច់ឆ្នាំ ២០១៤ ។

តើ​ហេតុអ្វី​បានជា​អ្នកធ្វើការងារ​ក្នុង​វិស័យ​តែមួយ​បែរជា​បង្ហាញ​តួលេខ​ខុសគ្នា​ស្រឡះ​បែបនេះ? បើទោះជា​គេ​មិនអាច​ផ្ទៀងផ្ទាត់​បាន​អំពី​តួលេខ​ពិតប្រាកដ​នៃ​ជម្លោះដីធ្លី​ក៏ដោយ ក៏​អ្វីដែល​គេ​អាចនិយាយបាន​នោះ​គឺ លទ្ធផល​ផ្ទុយគ្នា​នេះ​គឺ​មកពី​កង្វះ​កិច្ចសហការ​ណ៍​គ្នា​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល។ ម្យ៉ាងទៀត ជាទូទៅ របាយការណ៍​របស់​ក្រសួង​មាន​សមត្ថកិច្ច​ច្រើនតែ​មិនសូវ​ទទួលបាន​ការជឿ​ជាក់​ពី​សាធារណជន​ប៉ុន្មាន​ទេពី​ព្រោះ​វា​អាចជា​របាយការណ៍​លាក់បាំង​ថ្នាក់លើ អាចជា​របាយការណ៍​មិន​គ្រប់​ជ្រុងជ្រោយ ឬ​អាចមកពី​ការ​ឲ្យ​និយមន័យ​ខុសគ្នា​ស្តីពី​ជម្លោះដីធ្លី។

ជាធម្មតា​ទេ​ដែល​រដ្ឋាភិបាល​តែង​ចង់បង្ហាញ​អ្វី​ដែលជា​រូបភាព​វិជ្ជមាន​របស់ខ្លួន ប៉ុន្តែ គេ​ក៏​មិនគួរ​លាក់បាំង​ការពិត​នោះដែរ។ ការស្នើសុំ​ឲ្យ​អង្គការ​លីកាដូ​បង្ហាញ​ទិន្នន័យ​មួយចំនួន​ដើម្បី​ផ្ទៀងផ្ទាត់​អាចជា​មធ្យោបាយ​មួយ​ដើម្បី​ឲ្យ​មាន​ភាពច្បាស់លាស់​ថា តើ​របាយការណ៍​ណាមួយ​ដែលមាន​ភាពជាក់លាក់​ជាង។ ទោះជា​យ៉ាងណាក៏ដោយ ការស្វែងរក​តួលេខ​ពិតប្រាកដ​នៃ​ជម្លោះដីធ្លី​ជា​រឿង​មួយ ប៉ុន្តែ ការខិតខំ​ដោះស្រាយ​បញ្ចប់​បញ្ហាដីធ្លី​ទាំងអស់​គឺជា​រឿង​សំខាន់​ជាងគេ​ដែល​រដ្ឋាភិបាល​ត្រូវ​ធ្វើជា​ចាំបាច់។

រហូតមកដល់​ពេលនេះ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បង្ហាញ​ម្តង​ហើយ​ម្តងទៀត​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​ដីធ្លី​នោះ នៅតែ​មិនទាន់​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​នៅឡើយ​ទេ។ បញ្ហាដីធ្លី​នៅតែ​ជា​រឿង​ក្តៅគគុក និង​បន្ត​ដុត​រោល​ប្រជាប្រិយភាព​គណបក្សកាន់អំណាច​ឲ្យ​ស្វិត​ស្រពោន​មិនទាន់​ឈប់​ឡើយ។

គេ​នៅ​ចាំបាន​ថា កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១២ កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​បានប្រកាស​ចេញ​គោលនយោបាយ«ដ៏​សំខាន់»មួយ​សំដៅ​បញ្ចប់​បញ្ហាដីធ្លី​ដ៏​រ៉ាំរ៉ៃ។ ប្រមុខ​រដ្ឋាភិបាល​បាន​សន្យាថា​នឹង​កាត់​ដី​ចែកជូន​ប្រជាពលរដ្ឋ​ណា​ដែល​កំពុង​រស់នៅ​លើដី​មានទំនាស់​ទោះជា​ដី​នោះ​ជា​របស់​រដ្ឋ​ឬក៏​ជា​របស់​ក្រុមហ៊ុន​ឯកជន​ក្តី(តាម​រូបមន្ត​ស្បែក​ខ្លា)។ ក្រោយមក ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន​បានប្រកាស​ជា​បន្តបន្ទាប់​អំពី​ការដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ដែល​មិន​អនុវត្តតាម​កិច្ចសន្យា។ យ៉ាងណាក៏ដោយ បញ្ហាដីធ្លី​នៅតែ​ជា​រឿង​ក្តៅគគុក​នៅឡើយ​ទេ។

ដំណោះស្រាយ​បញ្ហាដីធ្លី​អាចមាន​ប្រសិទ្ធភាព​និង​មាន​ភាពជឿជាក់​ប្រសិនបើ​មាន​កិច្ចសហការ​ណ៍​គ្នា​ល្អ​រវាង​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ កន្លងទៅ កិច្ចខិតខំ​ប្រឹងប្រែងរ​វាង​ភាគី​ទាំងពីរ​តែង​ជួប​បរាជ័យ។ ដូចជា​ករណី​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង ខេត្តកំពង់ឆ្នាំង និង​នៅ​បូរី​កីឡា ក្នុង​ទីក្រុង​ភ្នំពេញ​ជាដើម។ ទីបំផុត ភាគី​ទាំង​ពីរបាន​ត្រឹម​បាចទឹក​ដាក់គ្នា​ហើយ​ដើរ​ចេញពី​កិច្ចសហការ​ណ៍។
តាមពិត​ពាក្យ​ថា​ជា​ដៃគូ​គឺ​ចង់​មានន័យថា ប្រសិនបើ​មាន​ករណី​ទំនាស់​ដីធ្លី​កើតឡើង សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​ដីធ្លី​និង​ក្រសួង​ពាក់ព័ន្ធ​គួរតែ​សហ​ការណ៍​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ជាមួយគ្នា។ ភាគី​ទាំងពីរ​ត្រូវ​ពន្យល់ និង​ស្តាប់​ហេតុផល​គ្នា​ទៅវិញទៅមក​និង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា។

តើ​ហេតុអ្វី​បាន​ជាមាន​ជម្លោះ​កើតឡើង? តើ​សង្គម​ស៊ីវិល​អាចជួយ​អ្វី​បាន​ខ្លះ​ដើម្បី​ជួយ​កែលម្អ​ស្ថានការណ៍? តើ​ភាគី​រដ្ឋាភិបាល​ត្រូវការ​ជំនួយ​បច្ចេកទេស ថវិកា ឬ​សម្ភារៈ និង​ស្មារតី ដើម្បី​សម្រេច​កិច្ចការ​របស់ខ្លួន​ឲ្យ​បានល្អ? ចំណែក​បក្ស​សង្គម​ស៊ីវិល​វិញ​តើ​អាចជួយ​អ្វី​បាន​ខ្លះ? ទាំងនេះ​ជា​សំណួរសំខាន់ៗដែល​ភាគី​ទាំងពីរ​គួរតែ​ពិភាក្សាគ្នា​ក្នុងនាម​ជា​ដៃគូ។ ប៉ុន្តែ អ្វីដែល​បាន និង​កំពុង​កើត​មាននៅ​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ ហាក់ដូចជា​ដើរ​ផ្ទុយ​ពីនេះ។ អ្នក​រិះគន់​គេ និង​អ្នក​ដែល​ត្រូវគេ​រិះគន់​បែរជា​តាំងខ្លួន​ជាស​ត្រូវ​ជាមួយគ្នា​ទៅវិញ។
ដូច្នេះ ដល់ពេល​ហើយ​ដែល​គ្រប់ភាគី​ត្រូវ​ផ្លាស់ប្តូរ​របៀប​ធ្វើ​ការងារ​ខ្លះ​ដើម្បី​ស្វែងរក​ចំណុច​ល្អ​សម្រាប់​ជា​ផលប្រយោជន៍​ទាំងអស់គ្នា​គឺ​ប្រយោជន៍​ប្រទេស និង​ប្រជា​ជាតិខ្មែរ​ទាំងមូល។ ការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ក្នុងនាម​ជា​ដៃគូ ពិតជា​ប្រសើរ​ជាង​ការដោះស្រាយ​តែម្នាក់ឯង ដោយ​ទុក​ឲ្យ​ភាគី​ម្ខាង​ទៀត​ឲ្យ​នៅក្រៅ​សង្វៀន​ហើយ​ចាំតែ​បរិហារ​រិះគន់។

សរុប​មកវិញ ដំណោះស្រាយ​បញ្ហា​បញ្ហាដីធ្លី​គឺ​អាស្រ័យទៅលើ​ឆន្ទៈ សមត្ថភាព និង​ភាពស្មោះត្រង់​របស់​អាជ្ញាធ​រ​ដែលជា​សេនាធិការ​របស់​រដ្ឋាភិបាល។ ប្រសិនបើ​រាល់​បញ្ហា​ត្រូវបាន​ដោះស្រាយ​ដោយ​ឈរលើ​ច្បាប់ លើ​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​ចៀស​ឲ្យ​ផុតពី​ផលប្រយោជន៍​បុគ្គល បញ្ហាដីធ្លី​នឹងត្រូវ​បាន​ដោះស្រាយ។ ភាពជា​ដៃគូ​រវាង​ភាគី​ពាក់ព័ន្ធ​ក៏​ជា​កត្តាចាំបាច់​មិនអាច​ខ្វះ​បានដែរ។ ប្រសិនបើ​កត្តាសំខាន់ៗទាំងនេះ​មិនអាច​រកឃើញ​ទេ រដ្ឋាភិបាល​ប្រហែលជា​យឺត​ពេល​ហើយ​សម្រាប់​សង្គ្រោះ​សភាពការណ៍​នេះ៕




© រក្សាសិទ្ធិដោយ thmeythmey.com