ជាតិ
នយោបាយជាតិ
លោក ហ៊ុន សែន ប្រតិកម្មនឹងសង្គមស៊ីវិលដែលថា លោកជ្រៀតជ្រែកតុលាការ
× ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំង តបទៅនឹងការធ្វើអត្ថាធិប្បាយរបស់អង្គការក្រៅរដ្ឋាភិបាល ដែលរិះគន់ថា លោកបានប្រើអំណាចបំពានលើអំណាចតុលាការ ក្នុងករណីចាប់ខ្លួនឪពុកម្តាយរបស់លោកថោង សារ៉ាត់ ត្រឡប់មកវិញ។
លោកនាយករដ្ឋមន្ត្រីបានចេញមុខជាថ្មី ដើម្បីឆ្លើយតបនឹងមតិរិះគន់លោក ក្នុងសំណុំរឿងចាប់បញ្ជូនឪពុកម្តាយលោក ថោងសារ៉ាត់ ចូលមន្ទីរឃុំឃាំងបណ្តោះអាសន្នវិញ។ ក្រោយពេលដែលមានមន្ត្រីសង្គមស៊ីវិលមួយចំនួន អត្ថាធិប្បាយថា លោកនាយករដ្ឋមន្ត្រីបានប្រើអំណាចគ្របដណ្តប់តុលាការនោះ លោកនាយករដ្ឋមន្ត្រីបានបដិសេធការចោទប្រកាន់នេះ ហើយស្នើឲ្យអ្នករិះគន់ ពិនិត្យទំនាក់ទំនងរវាងស្ថាប័នកំពូលទាំង៣៖ នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ដែលលោកនាយករដ្ឋមន្ត្រីអះអាងថា «វាមិនអាចនៅដាច់ពីគ្នា»។ ក្នុងសំណុំរឿងចាប់បញ្ជូនឪពុកម្តាយលោកថោង សារ៉ាត់ ត្រឡប់មកវិញនេះ លោកនាយករដ្ឋមន្ត្រីក៏បានថ្លែងថា មានអ្នកស្វាគមន៍លោកដែរ។
នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងជាង៤០០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានរិះគន់ក្រុមអង្គការសង្គមស៊ីវិលថា «បានព្យាយាមដើរតួនាទីធំជាងសភា ធំជាងរដ្ឋាភិបាល និងធំជាងតុលាការទៀត»។ «កុំអាងខ្លួនជាអង្គការក្រៅរដ្ឋាភិបាល មកអង្គុយលើក្បាលនីតិប្រតិបត្តិឲ្យសោះ !» នេះជាប្រសាសន៍ប្រតិកម្មរបស់លោក ហ៊ុន សែន។
ទាក់ទងនឹងអន្តរាគមន៍របស់លោកដែលស្នើឲ្យមានការធ្វើអធិការកិច្ចក្នុងសំណុំរឿងដោះលែងឪពុកម្តាយថោង សារ៉ាត់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ននោះ លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ៖«មានអ្នកខ្លះ គេថាខ្ញុំល្អ មានអ្នកខ្លះទៀតថាខ្ញុំបំពានអំណាច (តុលាការ)។ ខ្ញុំមិនបានបំពានអំណាចទេ»។ ប៉ុន្តែបើគេស្តាប់ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី ប្រតិកម្មរបស់លោក ក្នុងសំណុំរឿងដោះលែងឪពុកម្តាយ ថោង សារ៉ាត់ នៅក្រៅឃុំ ត្រូវបានធ្វើឡើងទាន់ពេលវេលា។ លោកប្រមុខរដ្ឋាភិបាលបានថ្លែងបន្តដោយប្រើភាសាប្រៀបធៀបយ៉ាងដូច្នេះថា៖«ឥឡូវឃើញរឿងនៅពីក្រោយច្រើនទេ? អាហ្នឹងហើយដែលខ្ញុំចង់និយាយថា បិទក្រោលសេះ មុនពេលសេះចេញផុត ឬក៏យកសេះដែលមិនទាន់ទៅឆ្ងាយចូលក្នុងក្រោលវិញ។ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយបន្ថែមទេ ដើម្បីកុំឲ្យវាក្លាយជាបញ្ហាដាក់បន្ទុក»។
នៅថ្ងៃទី២២ខែកុម្ភៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលចុះផ្សាយវិចារណាកថាមួយដែលសរសេរថា ពួកគេព្រួយបារម្ភ ចំពោះការដកតំណែងលោក អាំង មាលតី ដែលពួកគេអះអាងថា ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមបានធ្វើឡើងដោយប្រញាប់ប្រញាល់ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីស្នើសុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមស៊ើបអង្កេតសំណុំរឿងដោះលែងឪពុកម្តាយលោកថោង សារ៉ាត់។ CCHR បានសរសេរយ៉ាងដូច្នេះ៖«ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើឥទ្ធិពលហួសហេតុនៃស្ថាប័ននីតិប្រតិបត្តិទៅលើការបំពេញមុខងាររបស់តុលាការ»។ វិចារណកថាដែលដកស្រង់ប្រសាសន៍អ្នកសម្របសម្រួលគម្រោងកំណែទម្រង់ប្រព័ន្ធតុលាការនៃ CCHR លោក សួន ប៊ុនធឿន សរសេរពន្យល់ថា៖«ទោះបីជាមាន សញ្ញាបង្ហាញថា ការដោះលែងលោក ថោង ចំរើន និងអ្នកស្រី កែវ សាវី អាចបណ្តាលមកពីការអនុវត្តខុសនីតិវិធីនៅក្នុងតុលាការកម្ពុជាក្តី ក៏ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវតែជាស្ថាប័នឯករាជ្យ។ យើងខ្ញុំសង្ឃឹមថាអ្វីដែលយើងកំពុងឃើញនោះគឺជាឯករាជ្យភាពតុលាការ ពិតប្រាកដមិនមានការឆ្លុះបញ្ចាំងពីការជ្រៀតជ្រែកហួសហេតុរបស់ស្ថាប័ននីតិប្រតិបត្តិទៅក្នុងប្រព័ន្ធតុលាការ។ យ៉ាងណាក៏ដោយ យើងខ្ញុំសូមស្វាគមន៍រាល់សញ្ញាវិជ្ជមាន ដែលមានទំនួលខុសត្រូវដែលនេះ នឹងនាំទៅរកកំណែទម្រង់ប្រព័ន្ធតុលាការពិតប្រាកដ»។
សូមរម្លឹកថា លោក ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកុម្ភៈ បានប្រតិកម្មប្រឆាំងការដោះលែងឪពុកម្ដាយលោក ថោង សារ៉ាត់ គឺលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ឲ្យនៅក្រៅឃុំ។ លោក ហ៊ុន សែន សង្ស័យថា ការដោះលែងនោះ គឺអាចមានពាក់ព័ន្ធនឹងអំពើពុករលួយច្រើនលានដុល្លារ។ លោកបានស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលជាសមាជិកនៃឧត្ដម ក្រុម ប្រឹក្សានៃអង្គចៅក្រម បើកការស៊ើបអង្កេតទៅលើសំណុំរឿងនេះ។
ប៉ុន្មានម៉ោងក្រោយប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ក្រុមប្រឹក្សានៃអង្គចៅក្រមបានបើកកិច្ចប្រជុំសម្រេច ផ្លាស់ប្តូរតំណែងប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក អាំង មាលតី។ មនុស្សមួយចំនួនទៀត ដែលត្រូវសង្ស័យថា ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងដោះលែងឪពុកម្តាយថោង សារ៉ាត់ ក៏ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com