ជាតិ
បទវិភាគ
អ្នកជំនួញ​ជោគជ័យ​ជា​និរន្តរ៍​ជាង៩៩% គឺជា​អ្នកជំនួញ​ដែលមាន​ការអប់រំ​ល្អ
02, Oct 2016 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ
 
ការធ្វើ​ជំនួញ និង​ភាពជោគជ័យ​ក្នុង​ការងារ នឹង​កើត​ឡើងជា​លក្ខណៈ​ធម្មជាតិ។ ប៉ុន្តែ​មុននឹង​ទទួលបាន​ជោគជ័យ ជាដំបូង លោកអ្នក​ត្រូវ​ចាប់យក​ឱកាស​ដ៏​ល្អ​បំផុត ក្នុងនោះ​ជារួម​មាន៖ ការទទួលបាន​នូវ​ការអប់រំ នៅពេលដែល​លោកអ្នក​នៅមាន​វ័យក្មេង និង​គំនិត​របស់លោក​អ្នក​នៅ​ជ្រះថ្លា​ល្អ​បំផុត។ ឱកាស គឺ​មិន​កើតឡើង​ពីរដង​នោះទេ ដូច្នេះ លោកអ្នក​ត្រូវ​ចាប់ផ្តើម​បង្កើត​ឱកាស ដោយ​ចូល​សាលារៀន សិក្សា និង​ស្វែងយល់។ អ្នកជំនួញ​ជោគជ័យ​ជា​និរន្តរ៍​ជាង៩៩% គឺជា​អ្នកជំនួញ​ដែលមាន​ការអប់រំ​ខ្ពស់។



ការអប់រំ​ទាំង​ក្នុង ឬ​ក្រៅប្រទេស នឹង​ជួយ​លោកអ្នក​អោយ​កាន់តែ​មាន​ភាព​ល្អិតល្អន់ ឬ​ចាស់ទុំ​ជាង​មុន។ ទស្សនៈវិស័យ​របស់លោក​អ្នក​យល់ដឹង​ពី​ពិភពលោក នឹងមាន​ការផ្លាស់ប្តូរ។ ពិ​ភ​លោក​របស់​លោកអ្នក នឹង​កាន់​តែមាន​ភាពទូលំទូលាយ និង​សាកល​ជាង​មុន ហើយ​ចំណេះដឹង​របស់លោក​អ្នក នឹង​កាន់​ជ្រៅជ្រះ​ជាង​មុន។ លោកអ្នក នឹង​ក្លាយជា​បុគ្គល​ដែល​ប្រកបដោយ​ឧ​ត្ត​ម​គតិ និង​ចិត្ត​មេត្តាធម៌​ផងដែរ។

មុខវិជ្ជា​សិក្សា គឺ​មិនមែនជា​ចំណោទបញ្ហា​នោះទេ។ សិក្សា​កាន់តែច្រើន កាន់តែ​ល្អ វា​អាស្រ័យទៅលើ​ខួរក្បាល​របស់​អ្នក​អាច​ទទួលយកបាន ប្រាជ្ញា​របស់លោក​អ្នក​អាច​ទទួលយកបាន ឬ​ជ្រួតជ្រាប​បាន និង​លទ្ធភាព​របស់លោក​អ្នក​អាចឆ្លើយតប​ទៅនឹង​ការសិក្សា​នោះបាន។ ហើយ​វា​គ្មានអ្វី​ល្អ ប្រសើរ​ជាង​ការសិក្សា​ច្រើន​នោះទេ។

តាមរយៈ​ការអប់រំ មូលដ្ឋានគ្រឹះ​នៃ​ជីវិត​របស់លោក​អ្នកមាន​ភាពរឹងមាំ​ដូច​សរសេរ​បេតុង​គ្រឹះ​នៃ​គេហដ្ឋាន។ មូលដ្ឋានគ្រឹះ​ចំណេះដឹង​របស់លោក​អ្នក​នឹង​កាន់តែ​រឹង​ម៉ាំ ប្រសិនបើ​លោក​ដកស្រង់​អ្នក​ពិសោធន៍​ជាក់ស្តែង​ច្រើន​នៅក្នុង​ការងារ ព្រម​ជាមួយនឹង​ការអាន​ជាច្រើន​ផងដែរ។

អាន​ច្រើន ពិសោធន៍​ការងារ​ច្រើន​នឹងធ្វើ​អោយ​លោកអ្នក​ក្លាយជា​បុគ្គល​ដែលមាន​ចំណេះដឹង និង​ភាពជឿជាក់​កាន់តែខ្លាំង។ ប្រសិនបើ​អាច លោកអ្នក​ត្រូវ​ព្យាយាម​យ៉ាងណា​អោយបាន​ទៅ​សិក្សា​នៅក្រៅ​ប្រទេស ព្រោះ​វា​នឹង​ធ្វើអោយ​លោកអ្នក ប្រែ​កា្ល​យ​ទៅជា បុគ្គល​ដែល​កាន់​តែមាន​ភាពល្អប្រសើរ​ផ្នែក​ការយល់ដឹង ក្លាយជា​បុគ្គល​មាន​ហេតុផល មានការ​វិនិច្ឆ័យ​ខ្ពស់ និង មាន​ចក្ខុវិស័យ​ខ្ពស់​លើ​អ្វីដែល​មាននៅ​ជុំវិញខ្លួន។

ក្រោយពី​ទទួលបាន​នូវ​ចំណេះ​ហើយ លោកអ្នក​នឹង​អាច​ដឹងថា នរណា គឺជា​នរណា ហើយ​លោក​អ្នកនឹង​ចេះ​ដឹងថា តើ​ត្រូវ​ដូចម្តេច​ដើម្បី​ទំនាក់ទំនង ឬ​ត្រូវ​ធ្វើការ​ជាមួយ​បុគ្គល​ទាំងនោះ។ លោកអ្នក​នឹង​អាចធ្វើ​ការបែងចែក​រវាង​តួនាទី​កូនចៅ​គេ( yes-sir men) និង ចៅហ្វាយ​គេ (do-it men)។ លោកអ្នក​នឹង​អាច​ទទួលបាន​ការគោរព​ពី​បុគ្គល​ក្រោម​ឱវាទ​របស់​អ្នក។ បុគ្គលិក គឺជា​បុគ្គល​ដែល​អាចធ្វើអោយ​លោកអ្នក ឬ​ក្រុមហ៊ុន​លោកអ្នក​រីកចម្រើន​លឿន​បំផុត និង​ផ្ទុយ​មកវិញ។

អ្នកដឹកនាំ​ល្អ គឺជា​អ្នកដឹកនាំ​ដែល​ស្គា​ល់ពី​វិធីសាស្ត្រ​ក្នុងការ​លើកទឹកចិត្ត និង​ផ្តល់​ការគាំទ្រ ដល់​បុគ្គលិក​ដែលមាន​ការប្រឹងប្រែង និង​តាំងចិត្ត​ខ្ពស់។  ប្រសិនបើ​លោកអ្នក​យល់​បញ្ហា​នេះ លោកអ្នក​នឹងមិន​ទទួលបាន​នូវ​ភាព​សៅហ្មង​មកវិញ​ឡើយ។ លើសពីនេះទៅទៀត បុគ្គលិក របស់លោក​អ្នកនឹង​ជួយ​អ្នក​អោយ​កាន់​តែមាន​ភាពរុងរឿង។

អ្នកដឹកនាំ​ដែល​អស្ចារ្យ ត្រូវតែមាន​ការជឿជាក់ និង​សំដែង​ការស្មោះត្រង់​ជាមួយ​បុគ្គលិក​របស់ខ្លួន ហើយ​បុគ្គលិក​ដ៏​អស្ចារ្យ គឺជា​បុគ្គលិក ដែល​ពួតដៃគ្នា​ជា​ក្រុម​ជា​ធ្លុង​មួយ ហើយ​បង្កើត​ចក្រភព​ដ៏​អស្ចារ្យ។

ជារួម​មក បុគ្គល​ដែល​ជោគជ័យ គឺ​កើតឡើង​ដោយ​កត្តា​មួយចំនួន​ក្នុងនោះ​ជារួម​មាន៖ ការអប់រំ បទពិសោធន៍​ការងារ ធ្វើ​ចរិត​ដូចជា​បុគ្គលិក ពោលគឺ​មិន​ធ្វើខ្លួន​ជា​ចៅហ្វាយ និង​ត្រូវ​ការអាន​អោយបាន​ច្រើន។ ត្រូវ​អាន​អ្វីដែល​ធ្វើអោយ​លោកអ្នក​ចាប់អារម្មណ៍  និង​អាន​អ្វីដែល​លោកអ្នក​ចាប់អារម្មណ៍។ ចាប់ពី​នេះ​តទៅ លោកអ្នក​នឹង​អាច​កសាង​នូវ​ការយល់ដឹង​រួម និង​ចំណេះដឹង​ទូទៅ​ជាមួយនឹង​ផ្នត់គំនិត​ដែល​ប្រកបដោយ​ភាពត្រឹមត្រូវ ដែល​នឹង​ធ្វើអោយ​ជីវិត​របស់​លោកអ្នក ឬ​ជំនួញ​របស់លោក​អ្នក​ជោគ​ជ័យ ឬ​បរាជ័យ។
លោកអ្នក​ត្រូវ​ចងចាំ​ថា មនុស្ស​គ្រប់គ្នា គឺ​សុទ្ធសឹង​តែមាន​ទេពកោសល្យ​ដូចគ្នា ក៏ប៉ុន្តែ ភាព​វៃឆ្លាត​កើតឡើង​អាស្រ័យ​ទៅ​កត្តា​ទាំងអស់ ដូចដែល​បាន​រៀបរាប់​ខាងលើ។

ខ្ញុំ​សូម​ធានា​អស់លោកអ្នក​ថា លោកអ្នក​នឹង​អាច​ឃើញ​នូវ​ពិភពលោក ក្នុង​ទស្សនវិស័យ​ផ្សេងគ្នា នៅពេលដែល​លោកអ្នក​បានបញ្ចប់​នូវ​ការងារ​ណាមួយ​ដែល​ស្របទៅតាម​ការគ្រោងទុក​របស់លោក​អ្នក។ លោកអ្នក​នឹងមាន​អារម្មណ៍​ថា ពិភពលោក​ហាក់បីដូចជា​កម្មសិទ្ធិរ​បស់​លោកអ្នក ហើយ​វា​ស្ថិតនៅក្នុង​ដៃ​របស់​អ្នក ដែល​នឹង​ធ្វើអោយ​លោក​អ្នកមាន​អារម្មណ៍​ថា លោកអ្នក​កំពុង​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​អនាគត​របស់​លោកអ្នក៕

លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ស្ថាបនិក​សាលារៀន​អន្តរទ្វីប​អាមេរិកាំង AIS និង​វិទ្យាស្ថាន​អន្តរទ្វីប​អា​មេ​កាំ​ង AII




© រក្សាសិទ្ធិដោយ thmeythmey.com