ជាតិ
លោក Raoul Marc Jennar ផ្តល់​ឯកសារ​ផ្ទាល់ខ្លួន​ទម្ងន់១តោន​ជូន​លោក ហ៊ុន សែន
25, Feb 2015 , 11:12 am        
រូបភាព

ភ្នំពេញ៖ លោក Raoul Marc Jennar ជនជាតិ​បារាំង​ដើមកំណើត​ប៊ែ​ល​ហ្ស៊ី​ក បច្ចុប្បន្ន​ទទួលបាន​ស​ញ្ជា​តិ​ខ្មែរ ដែល​បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​កាលពី​ឆ្នាំ១៩៨៩ ក្នុងនាម​ជា​អ្នកជំនាញ​នីតិសាធារណៈ​សម្រាប់​ប្រទេស​កម្ពុជា និង​ជា​បន្តបន្ទាប់ លោក​បានធ្វើ​កិច្ចការ​ជាច្រើន​ជួយ​ប្រទេស​កម្ពុជា​នោះ បានទទួល​មេដាយ​កិត្តិយស​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី១៧ខែកុម្ភៈ​កន្លងមក។ ជា​កិច្ច​ឆ្លើយតប​ជូន​លោក ហ៊ុន សែន វិញ អ្នកជំនាញ​ជនជាតិ​បារាំង និង​ខ្មែរ​រូបនេះ បានផ្តល់​ឯកសារ​ផ្ទាល់ខ្លួន​របស់លោក​ទម្ងន់១តោន​ជូន​រាជរដ្ឋាភិបាល​កម្ពុជា។ បច្ចុប្បន្ន ឯកសារ​ទម្ងន់១តោន​នេះ ស្ថិតនៅក្នុង​វិមាន​សន្តិភាព​ដែលជា​ការិយាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។



«ខ្ញុំ គឺ​មនុស្ស​ម្នាក់​គោរព​ស្ថាប័ន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ខ្ញុំ​ក៏​ជា​ជនជាតិខ្មែរ​ដែរ។ ខ្ញុំ​មាន​កិត្តិយស​ណាស់​នៅពេលដែល​លោកនាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផ្តល់​មេដាយ​កិត្តិយស​ជូន​មកអោយ​ខ្ញុំ»។ នេះ​គឺជា​ការបង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​របស់លោក Raoul Marc Jennar ប៉ុន្មាន​ថ្ងៃក្រោយ​ពេលដែល​លោក​ទទួលបាន​មេដាយ​កិត្តិយស​ពី​ដៃ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ទាល់។

នៅក្នុង​បទសម្ភាសន៍​មួយ​ដែល​លោក Raoul Marc Jennar ផ្តល់ជូន​សារព័ត៌មានថ្មីៗកាលពី​ថ្ងៃអាទិត្យ​ទី២២ខែកុម្ភៈ​កន្លងមកនេះ លោក Raoul បាន​បញ្ជាក់ថា កិត្តិយស​ដែល​លោក​ទទួលបាន​នេះ គឺ​ដោយសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យល់ឃើញ និង​នឹកឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ក្នុង​កិច្ចការផ្សេងៗរបស់​កម្ពុជា​ក្នុង​រយៈពេល២៦ឆ្នាំ​ចុង​ក្រោយនេះ។ បច្ចុប្បន្ននេះ លោក Raoul Marc Jennar នៅ​បន្ត​មាន​តួនាទី​ជាទី​ប្រឹក្សា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

កាលពី២៦ឆ្នាំមុន ពោលគឺ​នៅ​ឆ្នាំ១៩៨៩ លោក Raoul Marc Jennar បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ក្នុងនាម​ជា​អ្នកជំនាញ​នីតិសាធារណៈ​ដើម្បី​ចូលរួមចំណែក​កែលម្អ​រដ្ឋធម្មនុញ​ឡើងវិញ និង​ជា​បន្តបន្ទាប់ លោក​បាន​សរសេរ​អត្ថបទ ធ្វើ​កំណត់ត្រា សរសេរ​អត្ថបទ​កាសែត សរសេរ​សៀវភៅ​ដើម្បី​បង្ហាញ​កម្ពុជា​ទៅកាន់​ពិភពលោក។ កាល​ជំនាន់​នោះ ពិភពលោក​ស្គាល់​កម្ពុជា​ក្នុង​កម្រិត​ណាមួយ​តែប៉ុណ្ណោះ។

ក្រៅពី​ការសរសេរ​អត្ថបទ​នានា លោក Raoul Marc Jennar បាន​ចូលរួមចំណែក​ស្វែងរក​សន្តិ​ភាពជា​លក្ខណៈ​ក្រៅផ្លូវការ​ក្នុងការ​ចរចា​រវាង​លោក ហ៊ុន សែន និង​អតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ ក្នុងដំណាក់កាល​សម័យ​អ៊ុនតាក់ និង​មុន​សម័យកាល​អ៊ុនតាក់ លោក Raoul Marc Jennar គឺជា​ទីប្រឹក្សា​ច្បាប់​នៃ​ប្រទេស​កម្ពុជា។ ក្រោយមកទៀត លោក​បាន​បម្រើ​ការអោយ​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ទទួលបន្ទុក​កម្ម​វិធី«វប្បធម៌​សន្តិភាព​នៅ​កម្ពុជា»។

ក្រោយពី​ចាកចេញ​ពី​អង្គការ​យូណេស្កូ លោក​បាន​សរសេរ​សៀវភៅ​ថ្នាក់បណ្ឌិត​របស់លោក​ស្តីពី​ព្រំដែន​កម្ពុជា។ ដោយសារ​កិច្ចការ​ស្រាវជ្រាវ​ទាក់ទង​នឹង​សំណុំរឿង​ព្រំដែន​នេះ នៅ​ឆ្នាំ២០០៧ លោក​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​តែងតាំង​ជាទី​ប្រឹក្សា​កិច្ចការ​ព្រំដែន ហើយ​ក្រោយមក​លោក​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់តាំង​អោយទៅ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូរ​កម្ពុ​ជា​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទីក្រុង​ឡាអេ​ក្នុង​សំណុំរឿង​ព្រះវិហារ​ជាមួយ​ប្រទេស​ថៃ។

២៦ឆ្នាំ ក្នុង​កិច្ច​ការជួយ​ការងារ​មួយចំនួន​ជូន​ប្រទេស​កម្ពុជា​ជា​លក្ខណៈ​ក្រៅផ្លូវការ និង​ផ្លូវការ​ផង​នោះ លោក Raoul Marc Jennar បាន​ប្រមូល​និង​ចងក្រង​ឯកសារ​ទាក់ទង​នឹង​កម្ពុជា​បាន​ទម្ងន់១តោន(ឯកសារ​ទាក់ទង​នឹង​ការចរចា​ស្វែងរក​សន្តិភាព ឯកសារ​ព្រំដែន ការវិភាគ​នានា និង​កំណត់ត្រា​នានា)។ បច្ចុប្បន្ននេះ លោក​បាន​ដឹក​ឯកសារ​ទាំងនោះ​ពី​ប្រទេស​បារាំង​មក​ប្រគល់ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន រួចហើយ​កាលពី១ខែ​មុននេះ។ ឯកសារ​ដែល​ភាគច្រើន​ជា​ភាសា​បារាំង និង​អង់គ្លេស​កំពុងស្ថិត​នៅក្នុង​វិមាន​សន្តិភាព​ដែលជា​ការិយាល័យ​ការងារ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន។ កិច្ច​ការបន្ត​របស់លោក  Raoul Marc Jennar គឺ​ការរៀបចំ​ឯកសារ​ទាំង​នោះ​អោយមាន​របៀបរៀបរយ​តាម​ក្បួនខ្នាត​ប័ណ្ណ​សារ៕
   


© រក្សាសិទ្ធិដោយ thmeythmey.com