ជាតិ
សង្គមជាតិ
គ្រូបង្រៀន​វិទ្យាល័យ១០មករា​ធ្វើ​កូដកម្ម​សុំ​ដក​គ្រូបង្រៀន​ម្នាក់​ចេញពី​សាលា
25, Feb 2015 , 12:09 pm        
រូបភាព
សៀមរាប៖ គ្រូបង្រៀន​នៃ​វិទ្យាល័យ ១០មករា ១៩៧៩ ដែលជា​សាលា​ធំជាងគេ​នៅក្នុង​ខេត្តសៀមរាប  បានសម្រេច​ចិត្ត​ធ្វើ​កូដកម្ម មិន​ចូល​បង្រៀន​សិស្ស​រយៈពេល៣ថ្ងៃ។ កូដកម្ម​នេះ​ធ្វើឡើង ដើម្បី​ដាក់​សម្ពាធ​ដល់​សាលា ក្នុង​ការដក​គ្រូបង្រៀន​ម្នាក់ ដែល​ធ្វើ​ឲ្យ​ខូច​កិត្តិយស​សាលា នាពេល​កន្លងមក។



គ្រូបង្រៀន​វិទ្យាល័យ១០មករា បានធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ឲ្យ​សាលា​ដក​គ្រូបង្រៀន​ម្នាក់ ដែល​គ្រូបង្រៀន​ទាំងនោះ​អះអាងថា បាន​ប្រព្រឹត្តិ​នូវ​កំហុសឆ្គង​មួយចំនួន ដែល​ធ្វើ​ឲ្យ​ខូច​មុខមាត់​សាលា។ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សិស្ស​មួយចំនួន​បាន​ចូលរៀន និង​ខ្លះទៀត​បាន​ត្រឡប់ទៅផ្ទះ​វិញ ព្រោះ​គ្មាន​គ្រូបង្រៀន។

តំណាង​គ្រូបង្រៀន​នៃ​វិទ្យាល័យ១០មករា បាន​ឲ្យ​ដឹងថា លោកគ្រូ ជាន ស៊ន ដែល​ខាង​លោកគ្រូ អ្នកគ្រូ ចង់​ឲ្យ​ផ្លាស់ប្តូរ​ចេញពី​សាលា គឺ​ធ្លាប់​មានទំនាស់ជារឿយៗនឹង​គ្រូ​ឯទៀត មិនតែប៉ុណ្ណោះ​បុគ្គល​រូបនោះ បាន​ប្រើពាក្យ​ប្រមាថមើលងាយ​ដល់​គ្រូបង្រៀន​ដទៃ ដែលមាន​វ័យ​ចំណាស់​ជាង​ខ្លួន។ តំណាង​គ្រូបង្រៀន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា៖« មូលហេតុ គឺ​លោកគ្រូ ជាន ស៊ន ធ្លាប់ធ្វើ​ទារុណកម្ម​លោកគ្រូ​ម្នាក់ ហើយ​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក។ ទង្វើ​ហ្នឹង ធ្វើ​ឲ្យ​អាប់អោន​ក​តិ្ត​យស​លោកគ្រូ​ដែលជា​ជនរងគ្រោះ មិនតែប៉ុណ្ណោះ​ធ្វើ​ឲ្យ​អាណាព្យាបាល​សិស្ស​លែង​ទុកចិត្ត​គ្រូ​នៅ​សាលា១០មករា ខ្លះ​បាន​ផ្ទេរ​កូន​ទៅ​រៀន​នៅ​សាលា​ឯកជន​វិញ»។ ប្រភព​ដដែល​បន្តថា លោកគ្រូ ជាន ស៊ន បាន​ផ្លាស់​ពី​ខេត្ត​ប៉ៃលិន ក្នុងអំឡុង​ឆ្នាំ២០០៧ ហើយជារឿយៗ បាន​បង្កទំនាស់​ជា​ពាក្យសំដី និង​ប្រើ​ហិង្សា​នឹង​គ្រូ​ឯទៀត។


ការសុំ​ផ្លាស់ប្តូរ​លោកគ្រូ ជាន ស៊ន ដែល​បង្រៀន​មុខវិជ្ជា​ភាសា​ខ្មែរ​នេះ គឺ​ដើម្បី​ស្តារ​មុខមាត់​វិទ្យាល័យ១០មករា ដែល​សាលា​គំរូ​នៅក្នុង​ខេត្តសៀមរាប និង​ធ្លាប់​មានឈ្មោះ​ខាង​បណ្តុះ​អ្នក​ពូកែ​ជាច្រើន ជាក់ស្តែង​សិស្ស​ជាប់​និទ្ទេស​A នៅ​ឆ្នាំ២០១៤ យុវ​សិស្ស វណ្ណ លីដា ក៏​ធ្លា​ប់រៀន​នៅ​សាលា​នេះដែរ។ នេះ​បើតាម​ឲ្យ​បញ្ជាក់​ពី​តំណាង​គ្រូបង្រៀន ដែល​ចេញ​ធ្វើ​កូដកម្ម។
 
នាយក​វិទ្យាល័យ១០មករា លោក គឹម ឡេង សុំ​មិន​បកស្រាយ​ចំពោះ​រឿងនេះ ចំណែក​ខាង​គ្រូបង្រៀន​បញ្ជាក់ថា នាយក​សាលា​ទំនង​ចូល​ដៃ​ចូល​ជើង​និង​លោកគ្រូ ជាន ស៊ន។

កូដកម្ម​មិន​ចូល​បង្រៀន​របស់​គ្រូបង្រៀន​វិទ្យាល័យ១០មករា មាន​រយៈពេល៣ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី២៥ ដល់​ថ្ងៃទី២៧ ខែកុម្ភៈ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង ដែល​ដាក់​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត។ កាលពី​ថ្ងៃទី៨ ខែមករា កន្លងទៅ ក្រុម​គ្រូបង្រៀន ដែលមាន​ស្នា​មេដៃ​ចំនួន ១២៦នាក់ ក្នុងចំណោម​គ្រូបង្រៀន​ទាំង ១៧៦នាក់ ក្នុង​វិទ្យាល័យ១០មករា បានដាក់​សំណើរ​របស់​ខ្លួន​ទៅ​មន្ទីរអប់រំ​ដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មិនទាន់មាន​ការឆ្លើយតប​បែបណា ទើប​ពួកគេ​សម្រេច​ធ្វើ​កូដកម្ម ដើម្បី​សុំ​ដំណោះស្រាយ។

ជុំវិញ​បញ្ហា​នេះ លោក អ៊ុង សេរី​ឌី ប្រធាន​មន្ទីរអប់រំ​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ខាង​មន្ទីរ​បាន​ប្រជុំ៤លើក​មកហើយ  ក្នុង​ការរក​ដំណោះស្រាយ។ លោក សេរី​ឌី ស្នើ​ឲ្យ​គ្រូបង្រៀន​ទាំងអស់​រង់ចាំ​ដំណោះស្រាយ​ពី​ថ្នាក់​ខេត្ត ហើយ​ត្រូវការ​ពេលវេលា​បន្ថែម​សម្រាប់​ការស្រាវជ្រាវ​រឿងនេះ។ យ៉ាងណាមិញ លោក សេរី​ឌី​អះអាងថា នេះ​ជា​រឿង​ទំនាស់​បុគ្គល ប៉ុន្តែ​បាន​ទាញ​ចូលទៅក្នុង​ការគ្រប់គ្រង​របស់​សាលា។ លោក​សំណូមពរ​ឲ្យ​គ្រូបង្រៀន​ទាំងអស់ គិតគូរ​ពី​ផលប្រយោជន៍​សិស្ស​ជាធំ មុន​សម្រេច​ធ្វើ​កូដកម្ម៕


© រក្សាសិទ្ធិដោយ thmeythmey.com