ជាតិ
បទវិភាគ
រដ្ឋាភិបាល​គួរប្រើ​ប្រាស់​ធនធានមនុស្ស​ឱ្យបាន​ត្រឹមត្រូវ!
25, Feb 2015 , 8:15 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ធនធានមនុស្ស ជាទូទៅ​សំដៅយក​មនុស្ស​ទាំងអស់​ដែល​បំពេញការងារ​ក្នុង​ស្ថាប័ន ឬ​ធុរកិច្ច។ ធនធានមនុស្ស​ដែលមាន​គុណភាព​ខ្ពស់ ត្រូវមាន​ទាំង​សុខភាព​រឹងមាំ មនសិការ សុ​ឆន្ទៈ ទេពកោសល្យ ជំនាញ បទពិសោធ ភាពជា​អ្នកដឹកនាំ វិធីសាស្ត្រ​គ្រប់គ្រង និង​សីលធម៌​វិជ្ជាជីវៈ។ ធនធានមនុស្ស​ប្រភេទ​នេះ ប្រសិនបើ​ត្រូវបាន​គេ​យកទៅ​ប្រើ​ចំពេល​វេលា ទីកន្លែង និង​វិស័យ​ដែល​ស្របទៅនឹង​ទេពកោសល្យ ជំនាញ និង​បទពិសោធ​របស់​ពួកគេ​នោះ នាំឱ្យ​សង្គម​ទទួលបាន​ផលិតភាព​និង​ផលិតផល​គួរ​ជាទី​ពេញចិត្ត។ តើ​សង្គម​ខ្មែរ បច្ចុប្បន្ន ប្រើប្រាស់​ធនធានមនុស្ស​របស់ខ្លួន​បាន​ត្រឹមត្រូវ​ហើយ​ឬ​នៅ?



ក្រោយ​ថ្ងៃ​រំដោះ ទី៧ ខែមករា ឆ្នាំ១៩៧៩ ធនធានមនុស្ស​របស់​កម្ពុជា​នៅ​សេសសល់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ។ ខណៈនោះ កម្ពុជា​បាន​ប្រកាន់យក​ទស្សនៈ«អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច, អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ​សោះ»។

នៅពេលនោះ គ្រូបង្រៀន​និង​មន្ត្រីរាជការ​គ្រប់​ប្រភេទ រួមទាំង​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផងដែរ ភាគច្រើន​គឺជា​មនុស្ស​ចាស់ និង​មានចំណេះដឹង​មិនសូវ​ខ្ពស់​ទេ។ ចរន្ត​នេះ នៅតែ​បន្ត​កើតមាន​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ជា​ពិស​សេស ចំពោះ​អ្នកដឹកនាំ​និង​អ្នកគ្រប់គ្រង​ជាន់ខ្ពស់។ ការណ៍​ដែល​ចរន្ត​នេះ​នៅ​អាច​បន្ត​បានយូរ​ដូច្នេះ ពីព្រោះ​តែ​វា​ស្រប​នឹង​ទម្លាប់​របស់​សង្គម​ខ្មែរ​ដែល​មិនសូវ​ឱ្យ​តម្លៃ​មនុស្សវ័យក្មេង, មិនទាន់​យល់ច្បាស់​ពី​របៀប​ប្រើប្រាស់​ធាន​ធាន​មនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​រារែក​ក្នុង​ការផ្ដល់​សិទ្ធិអំណាច​ឱ្យ​អ្នក​បន្តវេន។

ប៉ុន្តែ ក្នុង​រយៈពេលថ្មីៗនេះ ខណៈដែល​កម្ពុជា​បាន​កសាង​ធនធានមនុស្ស​របស់ខ្លួន​បាន​ច្រើន​គួរសម យើង​បាន​សង្កេតឃើញថា ការប្រើប្រាស់​ធនធាន​នុស្ស មានការ​ប្រែប្រួល​គួរឱ្យកត់សម្គាល់ ទាំង​ក្នុង​កម្រិត​គណបក្សនយោបាយ ដោយបាន​បញ្ចូល​យុវជន​ទៅក្នុង​សមាជិកសំខាន់ៗរបស់​បក្ស និង​កម្រិត​ស្ថាប័នរដ្ឋ ដោយបាន​តែងតាំង​យុ​ជន ជា​អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី តំណាងរាស្ត្រ និង​តំណែងផ្សេងៗទៀត​ក្នុង​ជួរ​កងទ័ព​និង​នគរបាលជាតិ​ជាដើម។ ការប្រែប្រួល​ថ្មី​នេះ បាន​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន​ដែល​កំពុង​តាមដាន​ឃ្លាំមើល​រឿងនេះ។

បញ្ហា​ចំពោះ​កំណែទម្រង់​ថ្មី​នេះ ស្ថិត​នៅត្រង់ថា តើ​យុវជន​ដែល​ត្រូវបាន​បញ្ចូល​នៅក្នុង​មុខតំណែងសំខាន់ៗរបស់​បក្សនយោបាយ និង​ស្ថាប័ន​នានា​របស់​រដ្ឋ​នោះ តើ​ពួកគេ​ត្រូវបាន​សម្រួច​និង​រៀបចំ​ឱ្យមាន​សក្ដានុពល​គ្រប់គ្រាន់​ហើយ​ឬ​នៅ ដែល​រួមមាន​ទាំង​សុខភាព​រឹងមាំ មនសិការ សុ​ឆន្ទៈ ទេពកោសល្យ ជំនាញ បទពិសោធ ភាពជា​អ្នកដឹកនាំ វិធីសាស្ត្រ​គ្រប់គ្រង និង​សីលធម៌​វិជ្ជាជីវៈ សម​ស្រម​ទៅនឹង​មុខតំណែង តួនាទី ភារកិច្ច កាតព្វកិច្ច និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​ហើយ​ឬ​នៅ ឬមួយ​ពួកគេ​គ្រាន់តែ​ទទួលបាន​ឱកាស​ទាំងនេះ ដោយសារតែ​ពួកគេ​ជា​សកម្មជន​ក្នុង​បក្សនយោបាយ ឬ​ជា​សាច់​ញាតរ​បស់​អ្នកធំ​ក្នុង​បក្ស និង​ក្នុង​ស្ថាប័នរដ្ឋ​តែប៉ុណ្ណោះ។ 

បើ​អ៊ីចឹង​មែន​នោះ រូបភាព​នៃ​កំណែទម្រង់​ក្នុង​បក្សនយោបាយ និង​ស្ថាប័នរដ្ឋ​ដូចដែល​យើង​បានឃើញ​នោះ វា​នឹងមិន​បានធ្វើឱ្យ​មានការ​ប្រែប្រួល​សង្គម​របស់​យើង​ជា​ដុំកំភួន​ទេ វា​គ្រាន់តែ​ជា​ដំណាក់កាល​នៃ​ការប្ដូ​វេន​ពី​អ្នក​ជំនាន់​មុន​ដែលមាន​អាយុ​ចាស់ ធ្វើការ​ស្ទើរតែ​លែងកើត​ទៅហើយនោះ មកឱ្យ​អ្នកជំនាន់ក្រោយ​របស់ខ្លួន​តែប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើ​យុវជន​ទាំងនោះ មាន​សក្ដានុពល​គ្រប់គ្រាន់ សង្គម​ខ្មែរ​ទាំងមូល ជាពិសេស មន្ត្រី​ដែលមាន​អាយុ​ចាស់ គួរតែ​រីករាយ​និង​ស្វាគមន៍​ចំពោះ​យុវជន​ទាំងនោះ។ លើសពីនេះទៅទៀត មន្ត្រី​ដែលមាន​អាយុ​ចាស់​ជាង​និង​មន្ត្រី​ដែលមាន​អាយុ​ក្មេង​ជាង(យុវជន) ត្រូវតែ​បំពេញបន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក ដើម្បី​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ ហើយ​មិនគួរ​មានការ​រើសអើង​គ្នា​ទៅវិញទៅមក​លើ​មូលដ្ឋាន​អាយុ​របស់​មន្ត្រី​នោះទេ៕
 
  ដោយ សច្ច​វិទូ


© រក្សាសិទ្ធិដោយ thmeythmey.com