ជាតិ
បទវិភាគ
បេសកកម្ម​បង្រួបបង្រួម​របស់​សម្តេច​ក្រុមព្រះ​ជួប​បរាជ័យ?
27, Feb 2015 , 11:17 am        
រូបភាព
ដោយ:
ការប្រកាស​វិលត្រឡប់​ចូល​គណបក្ស ហ្វ៊ុនស៊ិនប៉ិច វិញ​របស់​សម្តេចក្រុមព្រះ ន​រោ​ត្ត​ន រណឫទ្ធិ ត្រូវបាន​គេ​មើលឃើញថា​ជាការ​ផ្សងព្រេង​ក្រោម​ហេតុផល​បង្រួបបង្រួម​អ្នក រាជា និយម។ ពាក្យ​បង្រួបបង្រួម​មិន​ត្រឹមតែ​ពិ​រោះ​ស្តាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជា​ពាក្យ​ដែលមាន​អត្ថន័យ​យ៉ាងខ្លាំង​ផងដែរ។ ប៉ុន្តែ វា​ពិតជា​មិន​ងាយស្រួល​ឡើយ​សម្រាប់​គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច។ ពេលនេះ​សញ្ញា​នៃ​បរាជ័យ​បានបង្ហាញ​ហើយ។


នៅពេល​វិល​ត្រឡប់មក ហ្វ៊ុនស៊ិនប៉ិច វិញ សម្តេចក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ បាន​ប្រើពាក្យ​បង្រួម​អ្នករាជានិយម និង​សីហនុ​និយម ជា​បេសកកម្ម​ចម្បង​ជាងគេ។ ការបង្រួបបង្រួម​ស្តាប់ទៅ​ហាក់ដូចជា​ទំនង និង​ពិតជា​មានន័យ​ណាស់​សម្រាប់​គណបក្ស​ដែល​បែកបាក់​ជា​កម្ទេច​តូចតាច​អស់​មួយ​នេះ។ ប៉ុន្តែ ដូចដែល​គេ​បាន​មើលឃើញ​ជាមុន​អ៊ីចឹង​ថា​សម្តេច ក្រុមព្រះ​ពិបាក​សម្រេច​គោលដៅ​នេះ​ណាស់។

ពិបាក​ម្យ៉ាង​ដោយសារតែ​គណបក្ស​រាជានិយម​បើទោះជា​បាន​បែកបាក់​ខ្ទេចខ្ទី​អស់​ក៏ដោយ ក៏​ភាគី​ដែល​បែកបាក់​នោះ​នៅតែ​បែកខ្ញែក​ជា​ពីរ​បី​ចំណែក​បន្តទៀត។ រីឯ​ម្យ៉ាងទៀត ពី​ព្រោះតែ​សម្តេចក្រុមព្រះ​មិនអាច​តំណាង​ឲ្យ​តួអង្គ​អ្នក​បង្រួបបង្រួម​នោះទេ ជាពិសេស​សម្តេចក្រុមព្រះ​និង​លោក ញ៉ឹក ប៊ុនឆៃ ត្រូវគេ​មើលឃើញថា ជា​ទឹក​និង​ប្រេង​ដែល​ពិ​បាន​រលាយ​ចូលគ្នា។

គេ​នៅ​ចាំបាន​ថា កាលពីមុន​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ២០១២ សម្តេចក្រុមព្រះ​និង​លោក ញ៉ឹក ប៊ុនឆៃ ធ្លាប់បាន​ចុះហត្ថលេខា​ជាមួយគ្នា​ម្តង​ហើយ​ក្រោម​ការសម្របសម្រួល​ពី​លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែ មិន​ទាំង​បាន​ប៉ុន្មាន​ផង អ្នក​ទាំងពីរ​ក៏​ចែកផ្លូវ​គ្នា​ដើរ​ដដែល។ នេះ​គឺ​ដោយសារ​ការមិនចុះសម្រុង​គ្នា​យ៉ាងខ្លាំង​រវាង​អតីត​បងប្អូន​គូសត្រូវ​ទាំងពីរ។  មេរៀន​នៃ​ការបែកបាក់​បានផ្តល់​ឲ្យ​អ្នករាជានិយម​ជាថ្មីទៀត​គឺ​ការបាត់បង់​ទីតាំង​ឈរជើង​ទាំងស្រុង​ពី​ក្នុង​រដ្ឋសភា។ ប្រសិនបើ​មេរៀន​នេះ​ត្រូវបាន​ដក​បទពិសោធ ការបង្រួបបង្រួម​ទំនងជា​មិន​ពិបាក​ទៀត​ទេ។ ប៉ុន្តែ អ្នកណា​ក៏​ដឹង​ដែរ​ថា តួអង្គសំខាន់ៗក្នុង ហ្វ៊ុនស៊ិនប៉ិច មិនបាន​រៀនសូត្រ​ពី​បរាជ័យ​របស់ខ្លួន​ទាល់តែសោះ។

គេ​អាច​យល់បាន​ហើយ​ថា សម្រាប់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ការបង្កើត​គណបក្សនយោបាយ​ថ្មី​មួយ​ឬក៏​ការបង្រួបបង្រួម​គណបក្ស​ដែល​បែកបាក់​ខ្ទេចខ្ទី​មិន​ងាយ​ដណ្តើមបាន​សំឡេង គាំទ្រ​ក្នុង​សភា​ទេ។ ម្យ៉ាងទៀត តួអង្គ​សម្តេចក្រុមព្រះ​ធ្លាប់​ស្គាល់​បរាជ័យ​យ៉ាង​ជូរចត់​បំផុត​ក្នុង​ជីវិត​នយោបាយ​រួចទៅហើយ។ ដូច្នេះ ព្រះអង្គ​ច្បាស់​ជា​ពិបាក​រក​សំឡេងគាំទ្រ​ពី​មហាជន​ខ្មែរ​ជាថ្មី​ម្តងទៀត​ណាស់។ ក្តីសង្ឃឹម​មានតែ​រំពឹង​លើ​អ្នក​ដែល​ធ្លាប់មាន​សមានចិត្ត​ជាមួយ​គណបក្ស​រាជានិយម​នេះឯង។

ដូច្នេះ ការប្រមែប្រមូល​អ្នក​ទាំ​ង​នោះ​ឲ្យ​មក​នៅក្រោម​ដំបូល​គណបក្ស​តែមួយ​គឺជា​រឿង​ចាំបាច់។ ចាំបាច់​ពីព្រោះ ម្យ៉ាង វា​អាច​ពូត​ផ្តុំគ្នា​បាន​សំឡេង​ច្រើនជាង​មុន និង​ម្យ៉ាងទៀត​វា​ក៏​អាច​ទាក់ទាញ​អ្នក​ស្រឡាញ់​គណបក្ស​រាជានិយម​ខ្លះទៀត​ឲ្យ​ងាក​មក​សាកល្បង​បោះឆ្នោត​ឲ្យ​សម្តេចព្រះ​ជាថ្មី​ម្តងទៀត​ក៏​ថា​បាន​ពីព្រោះ​ការបង្រួបបង្រួម​អាច​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ពួកគេ​ខ្លះ​ជាមិនខាន។

សូម​កុំភ្លេចថា ប្រសិនបើ​សម្តេចក្រុមព្រះ​រកបាន​តែ​ពីរ​កៅអី​ក្នុង​សភា​ក៏​ព្រះអង្គ​អាច មាន​ទឹកមាត់ប្រៃ​យ៉ាងខ្លាំង​មិន​ចាញ់​គណបក្សធំៗដែរ​ពីព្រោះ គណបក្សធំៗនឹង​ប្រជែង​ជើង​គ្នា​ទាក់ទាញ​ព្រះអង្គ​ជាមិនខាន។ ក្នុងន័យនេះ ល្បែង​បង្រួបបង្រួម​គួរតែ​ត្រូវបាន​ចាត់​ទុ​ជាអាទិ​ភាពជា​ចាំបាច់។ ការមើលរំលង​ចំណុច​នេះ​មិនមែនជា​ភាព​ឈ្លា​វៃ​ខាង​នយោបាយ​នោះឡើយ។

ប៉ុន្តែ គ្រាន់តែ​ចាប់ផ្តើម​ជីវិត​នយោបាយ​ថ្មី​ជាមួយ​គណបក្ស​ចាស់​មិនបាន​ប៉ុន្មាន​ផង ការបែកបាក់​ក៏បាន​កើតឡើង​ជាថ្មី។ នេះ​បង្ហាញថា ព្រះអង្គ​និង​លោក ញ៉ឹក ប៊ុនឆៃ មិន​ប្រើ​ភាព​ឆ្លាត​វៃ​ដើម្បី​ផលប្រយោជន៍​គណបក្ស​ទេ។ ផ្ទុយទៅវិញ ពួកគេ​នៅតែ​ប្រើ​ស្នៀត​ចាស់ដដែលៗគឺ​ស្នៀត​ចាញ់​នេះឯង។ ហេតុផល​ដែល​នាំ​ឲ្យ​ព្រះអង្គ​មិនអាច​ដើរតួ​ជា​អ្នក​បង្រួបបង្រួម​បាន​មានដូចជា ការចូល​ចិត្ត​ប្រកាន់​ភាពជា​ប្រធាន​ដែលមាន​សិទ្ធិ​ធ្វើ​អ្វី​តាមចិត្ត និង គំនិត​បក្សពួកនិយម​នៅតែ​យកឈ្នះ​ប្រជាធិបតេយ្យ​ក្នុង​បក្ស។ 
 
ក្នុងស្ថានភាព​នេះ  តើ​សម្តេចក្រុមព្រះ​អាច​ប្រមែប្រមូល​អ្នកគាំទ្រ ឲ្យ​បោះឆ្នោត​ថ្វាយ​ព្រះអង្គ​ម្តងទៀត​បាន​យ៉ាងដូចម្តេច? សូម​កុំភ្លេចថា ពេលនេះ​គណបក្ស​រាជានិយម​បាត់បង់ ទីតាំង​ឈរជើង​ទាំងស្រុង​ពី​ក្នុង​រដ្ឋសភា​ទៅ​ហើយពី​ព្រោះតែ​គណបក្ស​នេះ​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ខក​ចិត្តជា​បន្តបន្ទាប់។ ដូច្នេះ សម្តេចក្រុមព្រះ​មិនអាច​ពឹង​លើ​ឱកាស​ដោយ​ខ្វះ​ការបង្រួបបង្រួម​បានឡើយ​ពីព្រោះ​នេះ​ជា​ឱកាស​ចុងក្រោយ​ហើយ​សម្រាប់​ជីវិត​នយោបាយ​របស់​ព្រះអង្គ​ក៏ដូចជា​របស់ ហ្វ៊ុនស៊ិនប៉ិច ដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com