អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រឿងអាស្រូវ​គ្រួសារ​អតីត​មហេសី​ថៃ​Srirasmi លេចឡើង​ជាថ្មី
01, Mar 2015 , 2:04 pm        
រូបភាព
ដោយ:
កាលពី​ថ្ងៃ​សុក្រ ប៉ូលិស​ថៃ​បានដាក់​ពន្ធនាគារ​ឳ​ពុក​ម្តាយ​របស់​លោកស្រី​ Srirasmiជា​អតីត​មហេសី​ព្រះអង្គម្ចាស់​ស្នងរាជ្យ​ថៃ​Vajiralongkorn។ ពួកគាត់​ទាំង២នាក់​ជាប់​ចោទថា ធ្លាប់បាន​ប្រើ​ឋានៈ​រាជវង្ស​របស់​Srirasmiដើម្បីអោយ​អាជ្ញាធរ​ឃុំខ្លួន​យុវនារី​ម្នាក់។



រឿងអាស្រូវ​គ្រួសារ​របស់​Srirasmiជា​អតីត​មហេសី​ព្រះអង្គម្ចាស់​ស្នងរាជ្យ​ថៃ Vajiralongkorn នៅ​មិនទាន់​ផុតរលត់​ស្រួល​នៅឡើយ​ទេ។ ឪ​ពុក​ម្តាយ​របស់​លោកស្រី​Srirasmiត្រូវបាន​ប៉ូលិស​ឃុំខ្លួន កាលពី​ថ្ងៃ​សុក្រ ដោយសារតែ កាលពីពេល​លោកស្រី​នៅ​ជា​មហេសី​របស់​ព្រះអង្គ​ Vajiralongkorn នៅឡើយ ឳ​ពុក​ម្តាយ​លោកស្រី​បាន​កុហក​អាជ្ញាធរ​ថា យុវនារី​ម្នាក់​បាន​ប្រមាថ​មហេសី​ Srirasmi។ ដូច្នេះ យុវនារី​រូបនោះ​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះ​ចេស្តា ធ្វើអោយ​អាជ្ញាធរ​ចាប់ខ្លួន​នាង​ដាក់ពន្ធនាគារ។ កាលពី​ថ្ងៃ​សុក្រ ប៉ូលិស​បាន​សួរចម្លើយ ឳ​ពុក​ម្តាយ​របស់​លោកស្រី ​Srirasmiរាប់​ម៉ោង ធ្វើអោយ​ពួកគាត់​ពិបាក​ទ្រាំ ក៏​សម្រេច​សារភាព​ទោសកំហុស​ទៅ។

គួររំលឹកថា កាលពី​ចុងឆ្នាំ២០១៤ ព្រះមហាក្សត្រ​ស្នងរាជ្យ ​Vajiralongkorn បាន​បញ្ជា​អោយ​ដកហូត​តំណែង​គ្រប់​សមាជិក​ក្រុមគ្រួសារ​របស់​មហេសី​Srirasmiពី​ឋានៈ​រាជវង្ស ដោយសារតែ​សមាជិកគ្រួសារ​Srirasmiជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​ថៃ។ ប៉ូលិស​បាន​ដកហូត​ទ្រព្យសម្បត្តិ​មានតម្លៃ​រហូតដល់២៥០ ០០០ ០០០ អឺរ៉ូ ពី​គ្រួសារ​លោកស្រី​Srirasmi។ ឳ​ពុក​មា និង​បងប្អូន​ប្រុស​ស្រី​របស់​លោកស្រី​Srirasmiត្រូវ​ប៉ូលិស​ចាប់​ដាក់ពន្ធនាគា​រ។ រឿងអាស្រូវ​នេះ​បានធ្វើអោយ​ព្រះអង្គ​Vajiralongkornលែងលះ​ជាមួយ​លោកស្រី។

យោងតាម​អ្នកសង្កេតការណ៍​នានា សកម្មភាព​ប្រឆាំង​គ្រួសារ​អតីត​មហេសី​របស់​ព្រះអង្គម្ចាស់​ស្នងរាជ្យ​ Vajiralongkorn ​បង្ហាញថា ព្រះអង្គម្ចាស់​និង​របប​សឹក​បាន​ព្រមព្រៀងគ្នា​ថា នឹង​សំអាត​រាល់​អំពើពុករលួយ​នៅ​ជុំវិញខ្លួន​ព្រះអង្គ មុននឹង​អនុញ្ញាតអោយ​ព្រះអង្គ ​Vajiralongkorn ឡើង​គ្រង​រាជបល្ល័ង្ក៕ 





© រក្សាសិទ្ធិដោយ thmeythmey.com