ពិភពតារា៖ គឹម រ៉ូ​ហ្សា បរិយាយ​ប្រវត្តិ​មុន​ក្លាយជា​តារា
02, Mar 2015 , 10:09 am        
រូបភាព
ដោយ:


ភ្នំពេញ ៖ តារា​បង្ហាញ​ម៉ូដ នាង គឹម រ៉ូ​ហ្សា ក្នុង​វ័យ២៥ឆ្នាំ មាន​រូប​សម្ផស្ស​ស្រស់​សោភា និង​ទេពកោសល្យ​បង្ហាញ​ម៉ូដ​យ៉ាង​ល្អ​នាង​ធ្លាប់ជា​តួឯក​ក្នុង​រឿង«ចន្ទ​ចាក​វេហាស៍»របស់​ផលិតកម្ម​វិស្ណុ​ភាពយន្ត។ រ៉ូ​ហ្សា បាន​ចូលខ្លួន​មក​បង្ហាញ​ពី​ប្រវត្តិ​ពិត​របស់​នាង មុន​ឈាន​ជើង​ចូល​សិល្បៈ​ឲ្យ​ដឹង​តាមរយៈថ្មី។



កញ្ញា​គឹម រ៉ូ​ហ្សា ឱ្យដឹងថា នាង​មាន​ស្រុកកំណើត​នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ។នាង​មាន​បងប្អូន​ស្រី២នាក់ ក្នុងនោះ​រូបនាង​ជា​កូនពៅ  ។ ដោយសារ​ស្រឡាញ់​សិល្បៈ​បង្ហាញ​ម៉ូដ​នៅ​ឆ្នាំ២០០៥ នាង​បានមក​ភ្នំពេញ​ចូល​ហាត់រៀន​ជាមួយ​លោក​ខេ​វិ​ន នៅ​ស្ថានីយទូរទស្សន៍​CTN  ។ មិនយូរប៉ុន្មាន​នាង​ក្លាយជា​តារា​បង្ហាញ​ម៉ូដ ហើយ​តែងតែ​ចេញ​បង្ហាញ​ម៉ូដ​ឱ្យ​ក្រុមហ៊ុន​នានា​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ធ្លាប់​ចេញទៅ​សម្តែង​នៅ​ប្រទេស​បារាំង​ម្តង។

កញ្ញា​គឹម រ៉ូ​ហ្សា រំលឹកថា កាលពី​ឆ្នាំ១៩៩៩ នាង​ធ្លាប់​ប្រឡង​ច្រៀង​ជាប់​ចំណាត់ថ្នាក់​លេខ១ ប្រចាំខេត្ត​បាត់ដំបង ដោយ​ច្រៀង​បទ«ស្នេហ៍​ក្រោម​ម្លប់ជ្រៃ» ។ នាង​សំរេចចិត្ត​បណ្តែត​ជីវិត​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចាប់ពី​ឆ្នាំ២០០៥  មក​គឺ​ធ្វើជា​តារា​បង្ហាញ​ម៉ូដ។ ក្នុង​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូដ​រយៈពេល៥ឆ្នាំនេះ​នាង​មាន​ការងារ​ច្រើន ពិសេស​នៅ​ឆ្នាំ២០១១នេះ​នាង​មានឱកាស​បាន​ចូលរួម​សម្តែង​ឱ្យ​ផលិតកម្ម​វិស្ណុ​ភាពយន្ត​ដោយ​អ្នកដឹកនាំ​រឿង​តម្រូវឱ្យ​នាង​សម្តែង​ជា​តួឯក។ រឿងនេះ​នឹង​ចេញ​ថត​នៅ​ថ្ងៃទី៧ ខែ​កម្ភៈ ឆ្នាំ២០១១ ។ រឿង«ចន្ទ​ចាក​វេហាស៍»និពន្ធ​និង​ដឹកនាំ​រឿង​ដោយ​លោក​ជ័យ រិ​ទ្ធា ។

កញ្ញា​គឹម រ៉ូ​ហ្សា និយាយថា សាច់រឿង​ចន្ទ​ចាក​វេហាស៍​ឆ្លុះបញ្ចាំង​ពី​ជីវិត​ក្មេងស្រី​លក់​កាសែត ខាត់​ស្បែកជើង លក់​ផ្កា លក់​ប៉េងប៉ោង ដើម្បី​រកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ និង​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​រហូត​ក្លាយខ្លួនជា​និស្សិត​ពូកែ។ កញ្ញា​រ៉ូ​ហ្សា និយាយថា នេះ​ជា​លើក​ទី១ហើយ​ដែល​នាង​បាន​សម្តែង​ជា​តួឯកភាពយន្ត​ដូច្នេះ​នាង​នឹង​ខិតខំ​ប្រឹង​សម្តែង​ឱ្យ​អស់ពី​សមត្ថភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com