ជាតិ
មន្ត្រីអប់រំ និងសុខាភិបាលនឹងទទួលបានប្រាក់ខែអប្បបរមា១លានរៀល
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានថ្លែងឲ្យដឹងថា មន្ត្រីរាជការគ្រប់ក្របខ័ណ្ឌ ទូទាំងប្រទេសមានចំនួនជាង ១៨ម៉ឺននាក់ ក្នុងនោះរួមមាន មន្ត្រីអប់រំជាង ១១ម៉ឺននាក់ និងមន្ត្រីសុខាភិបាលជាង ២ម៉ឺននាក់។ ក្នុងចំណោមមន្ត្រីរាជការទាំងអស់ រដ្ឋាភិបាលបាន កំណត់ដំឡើងប្រាក់ខែដល់មន្ត្រីអប់រំ និងមន្ត្រីសុខាភិបាលឲ្យបានអប្បបរមា ១លានរៀល ស្មើប្រមាណ ២៥០ ដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០១៨ ។ នេះបើតាមប្រសាសន៍របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន។
នៅក្នុងពិធីបើកយុទ្ធនាការអក្ខរកម្មជាតិ ឆ្នាំ ២០១៥ នៅថ្ងៃទី២ ខែមីនា នេះ លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា មន្ត្រីអប់រំ និងមន្ត្រីសុខាភិបាលសរុបជាង ១៣ម៉ឺននាក់ នឹងទទួលប្រាក់ខែ ១លានរៀល ប្រមាណ ២៥០ដុល្លារអាមេរិក ត្រឹមឆ្នាំ ២០១៨ ។ តាមរយៈ គោលនយោបាយកំណត់ដំឡើងប្រាក់បៀវត្សនេះ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា គុណភាព អប់រំ នឹងកាន់តែមានភាពល្អប្រសើរថែមទៀត។
ជាមួយគ្នានឹងការដំឡើងប្រាក់បៀវរត្សដល់មមន្ត្រីរាជការនេះដែរ រដ្ឋាភិបាលបានសម្រេចកាត់ បន្ថយការចំណាយថវិកាជាតិលើការវិស័យមួយចំនួន រួមមាន ការសាងសង់ហេដ្ឋានរចនា សម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ជាដើម។ នេះបើតាមប្រសាសន៍លោក ហ៊ុន សែន ។
សូមបញ្ជាក់ផងដែរថា នៅត្រឹមខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ រដ្ឋាភិបាលបានកំណត់ ដំឡើងប្រាក់ខែអប្បបរមាដល់មន្ត្រីអប់រំ ៦៥ ម៉ឺនរៀល ស្មើប្រមាណ ១៥០ដុល្លារអាមេរិក។
ទាក់ទិននឹងការដំឡើងប្រាក់ខែដល់មន្ត្រីអប់រំនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជា លោក រ៉ុង ឈុន បានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែសិក្សារក្សាពីស្ថិរភាពតម្លៃទំនិញក្នុងទីផ្សារ ប្រសើរជាងការដំឡើងប្រាក់ខែដល់មន្ត្រីអប់រំ។ លោកបញ្ជាក់ថា ការដំឡើងប្រាក់ខែនេះ ជាកត្តាចម្បង ដើម្បីជំរុញកំណែទម្រង់គុណភាពអប់រំរបស់កម្ពុជា តែប្រសិនបើការដំឡើងនេះ មិនសមស្របនឹងតម្លៃទំនិញនោះ ក៏ការកំណែទម្រង់នឹងមិនមានភាពល្អប្រសើរនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com