អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានាធិបតី​ក្រ​បំផុត​លើ​លោក​ចេញពី​តំណែង​ដោយ​បន្សល់ទុក​សមិទ្ធផល​ច្រើនសន្ធឹក​សន្ធាប់
02, Mar 2015 , 2:27 pm        
រូបភាព
អ៊ុយ​រូ​ហ្កា​យ កំណត់​អាណត្តិ​ប្រធានាធិបតី ដោយ​ប្រធានាធិបតី​អាច​កាន់តំណែង​បាន​ត្រឹម​មួយ​អាណត្តិ​ប៉ុណ្ណោះ។ ប្រធានាធិបតី​ដែល​គួរអោយ​គោរព និង​ក្រីក្រ​បំផុត Jose Mujica ត្រៀមខ្លួន​រួចរាល់​ហើយដោយ​ចុះ​ចេញពី​តំណែង ហើយ​លោក​មិន​គាំទ្រ​ឡើយ​ចំពោះ​ការ​កាន់អំណាច​យូរ​ឆ្នាំ។ ក្រោម​ការដឹកនាំ​របស់​លោក​ប្រាំ​ឆ្នាំ អ៊ុយ​រ៉ូ​ហ្កា​យ បាន​រីកលូតលាស់​ទៅមុខ​បាន​ឆាប់រហ័ស ហើយ​ប្រជាជន​នៃ​រដ្ឋ​អាមេរិក​ឡាទីន​នេះ​មិន​ចង់អោយ​ប្រធានាធិបតី Mujica ចុះ​ចេញពី​តំណែង​នោះឡើយ។ លោក Mujica រំពឹងថា​រដ្ឋាភិបាល​ថ្មី​នឹងមាន​សមត្ថភាព​ដឹកនាំ​ខ្ពស់ និង​ល្អប្រសើរ​ជាង​រដ្ឋាភិបាល​លោក​ទៅទៀត។


 
សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ៖


លោក Jose Mujica វ័យ ៧៩ឆ្នាំ បាន​ចុះ​ចេញពី​តំណែង​ហើយ ក្រោយ​ពេលដែល​អាណត្តិ​ប្រាំ​ឆ្នាំ​របស់លោក​បញ្ចប់ទៅ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អ៊ុយ​រ៉ូ​ហ្កា​យ​កន្លងមក។ លោក​ត្រូវបាន​គេ​ចាត់ទុកជា​ប្រធានាធិបតី​ដែល​ដែលមាន​ប្រជាប្រិយភាព​បំផុត​លើ​លោក និង​ជា​អ្នកនយោបាយ​ដែល​គិតគូរ​ពី​ប្រយោជន៍​ប្រជាជន​ច្រើនជាង​ខ្លួនឯង​ផ្ទាល់។ អោយ​ប្រាកដ​ទៅ លោក​ក៏​ធ្លាប់ជា​អតីត​ទ័ពព្រៃ​ដែល​និយម​ទ្រឹស្តី​ម៉ាក បាន​តស៊ូ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល ក្រោយមក​លោក​ក៏​ត្រូ​បាន​ចាប់ខ្លួន ហើយ​ត្រូវបាន​ដាក់ពន្ធនាគារ​ប្រមាណ ១៤ឆ្នាំ។ មុននឹង​ក្លាយជា​ប្រធានាធិបតី​លោក Mujica បាន​កាន់កាប់​តំណែង​ជាច្រើន​ក្នុងនោះ​រួមមាន​តំណែង​សមាជិក​ព្រឹទ្ធសភា​ផង និង​ជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ផង។ 

យោងតាម​រដ្ឋធម្មនុញ្ញ​ប្រទេស​អ៊ុយ​រ៉ូ​ហ្កា​យ ប្រធានាធិបតី​អាច​កាន់តំណែង​តែមួយ​អាណត្តិ​ប៉ុណ្ណោះ ហើយ​អ្នកនយោបាយ​ដែល​កាន់តំណែង​បាន​មួយ​អាណត្តិ​ហើយ​មិនអាច​បន្ត​ឈរឈ្មោះ​ជាថ្មី​បាន​ទៀតឡើយ។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បរទេសមួយ អតីត​ប្រធានាធិបតី​រូបនេះ​បាន​លើកឡើងថា លោក​ពិតជា​សប្បាយរីករាយ​ក្នុង​ការដឹកនាំ​ប្រទេសជាតិ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​នៅក្នុង​ប្រទេស​អ៊ុយ​រ៉ូ​ហ្កា​យ។ លោក​សង្ឃឹមថា រដ្ឋាភិបាល​ថ្មី​របស់ Tabare Vazquez ដែល​ទើប​ជាប់ឆ្នោត​កាលពី​ចុងឆ្នាំ​មុន​នោះ​អាច​នឹង​ដឹកនាំ​ប្រទេសជាតិ​បានល្អ​ប្រសើរ និង​ទទួលបាន​ជោគជ័យ​ខ្ពស់។

លោក Mujica ត្រូវបាន​ប្រជាជន​ទូទាំង​ពិភពលោក​ប្រសិទ្ធ​នាម​ថា ជា​ប្រធានាធិបតី​ក្រីក្រ​បំផុត​ក្នុង​លោក ព្រោះ​លោក​មិនមាន​ទ្រព្យសម្បត្តិ​ច្រើន​ដូច​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​ទេ។ យ៉ាងណាក៏ដោយ​លោក បាន​អះអាងថា លោក​មិនមែន​ក្រីក្រ​ទេ ព្រោះ​អ្វី​លោក​មាននៅ​ជាប់​ខ្លួន​បច្ចុប្បន្ន​វា​ច្រើនជាង​តម្រូវការ​របស់លោក​ទៅទៀត។ លោក​មាន​ភរិយា​ជា​សមាជិក​ព្រឹទ្ធសភា ដោយ​ប្រាក់បៀវត្ស​ន៍​អ្នក​ទាំងពីរ​នៅ​សេសសល់​បូក​បញ្ជូន​គ្នា​អាច​អនុញ្ញាតអោយ​ពួកគេ​រស់នៅ​បាន​សុខ​ស្រួល គ្រាន់តែ​មិនមាន​ហូរហៀរ​ប៉ុណ្ណោះ។

 ដូច្នេះ​ពាក្យ​ថា​ក្រីក្រ​មិនអាច​ប្រើប្រាស់​ចំពោះ​លោក​បាន​នោះឡើយ។ ដោយឡែក​លោក Mujica ក៏​ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​ពី​សំណាក់​ប្រជាជន​ទូទាំង​ពិភពលោក​ដោយសារតែ​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ក្នុងនាម​ជា​មេដឹកនាំ​ប្រទេសមួយ ហើយ​លោក​គិតគូរ​ប្រជាជន​របស់លោក​ច្រើន​ជា​ខ្លូន​លោក​ផ្ទាល់។

ក្នុងពេល​លោក​កាន់កាប់​តំណែង​ជា​ប្រធានាធិបតី គោលនយោបាយសំខាន់ៗរបស់លោក​ជាច្រើន ត្រូវបាន​អនុវត្ត ដែល​វា​ជំ​រុញអោយ អ៊ុយ​រ៉ូ​ហ្កា​យ​អភិវឌ្ឍ​ទៅមុខ​បាន​រហ័ស​នោះ​មានដូចជា គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រ​ក្រ ប្រឆាំង​ការធ្វើ​ទំនើបកម្ម​យោធា ធ្វើអោយ​ការជួញដូរ​កញ្ឆារ​ស្របច្បាប់ ប្រឆាំង​ការជក់បារី​ទីសាធារណៈ ប្រឆាំង​ការបំពុល​បរិស្ថាន អនុញ្ញាតអោយ​មានការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​មនុស្ស​ភេទ​ដូចគ្នា និង ចំណាយ​ប្រាក់បៀវត្ស​ន៍​របស់លោក​ស្ទើរ​ទាំងអស់​ទៅកាន់​ស្ថាប័ន​មនុស្សធម៌​ជាដើម។

ជុំវិញ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​របស់លោក Mujica គេ​សង្កេតឃើញថា​អ៊ុយ​រ៉ូ​ហ្កា​យ​បាន​ក្លាយជា​រដ្ឋ​មួយ​ដែលមាន​ស្ថិរភាព​សេដ្ឋកិច្ច នយោបាយ មាន​សមភាព​ក្នុងសង្គម ល្អប្រសើរ​ជា​បណ្តា​រដ្ឋធំៗនៅ​អាមេរិក​ឡាទីន​ផ្សេង​ទៀតផង យោងតាម​របាយការណ៍​ធនាគារពិភពលោក សេដ្ឋកិច្ច​អ៊ុយ​រ៉ូ​ហ្កា​យ កើន​ឡើងជា​មធ្យម​ចន្លោះ​ពី ៥.៧ ភាគរយ​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ ២០០៥ រហូត​មកហើយ អ្វីដែល​គួរ​ភ្ងា​ក់​ផ្អើល​នោះ​រដ្ឋ​ដ៏​តូច​មួយ​នេះ​អាច​សម្រេច​ជោគជ័យ​ក្នុងការ​កាត់បន្ថយ​បំណុល​សាធារណៈ​ពី ១០០ភាគរយ​ត្រឹម​ឆ្នាំ ២០០៣ មក​ត្រឹមតែ ៦០ភាគរយ​នៅក្នុង​ឆ្នាំ ២០១៤ ហើយ​កាត់បន្ថយ​កម្រិត​នៃ​ការប្រើប្រាស់​លុយ​ដុល្លារ​ក្នុង​សេដ្ឋកិច្ច​ពី ៨០ភាគរយ​មក​ត្រឹម ៥០ភាគរយ។

ចំណែក​ការកាត់បន្ថយ​ភាពក្រីក្រ​វិញ​នោះ រដ្ឋាភិបាល​លោក Mujica បានរួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​ភាពមិន​ស្មើគ្នា​ក្នុងសង្គម​រវាង​អ្នកមាន​និង​អ្នកក្រ ដោយ​រុញច្រាន​អត្រា​ភាពក្រីក្រ​ពី៣៩ភាគរយ​មក​ត្រឹមតែ ១១ភាគរយ​ប៉ុណ្ណោះ​ក្នុង​រយៈពេល១០ឆ្នាំ​ចុង​ក្រោយនេះ។ ប្រធានាធិបតី​ខាងលើ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព​មនុស្សធម៌​ដោយ​ការបរិច្ចាក​ធន​ធន​ដល់​អ្នក​អត់ឃ្លាន ដែល​វា​ជាការ​លើកទឹកចិត្ត និង​ជំរុញ​អោយ​ប្រជាជន​ចេះ​ស្រលាញ់ និង​ជួយ​គ្នា​ដើម្បី​ភាពសុខសាន្ត​នៃ​មនុស្សជាតិ។

ប្រហែលជា​មានតែ​ប្រធានាធិបតី​ម្នាក់នេះ​ទេ ដែល​ហ៊ាន​លះបង់​ទ្រព្យធន លុយកាក់​ដែល​ខ្លួន​មាន និង​រកបាន​ស្ទើ​តែ​ទាំងអស់​ជួយ​សកម្មភាព​មនុស្សធម៌ និង​ប្រជាជន​ដែល​កំពុង​អត់ឃ្លាន​នោះ។ លោក Mujica ត្រូវបាន​គេ​កោតស្ញប់ស្ញែង ចំពោះ​សន្តាន​ចិត្ត​និង​ការបរិច្ចាក​ដ៏​ធំធេង​បំផុត ដោយ​ផ្តល់​ថវិកា ប្រមាណ ៩០ភាគរយ​នៃ​ប្រាក់បៀវត្ស​ន៍​សរុប ១២០០០ដុល្លារ​អាមេរិក​ក្នុង​មួយខែ ជួយ​ដល់​សកម្មភាព​មនុស្សធម៌៕

© រក្សាសិទ្ធិដោយ thmeythmey.com