ជាតិ
រាត្រី​លង្វែក៖ ស្តាប់ភ្លេង​បុរាណ​និង​ស្លៀក​សំលៀកបំពាក់​សម័យ​លង្វែក
03, Mar 2015 , 10:53 am        
រូបភាព

 
មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​សហការ​ជាមួយ​សាលា​តន្ត្រី​មរតក​ហ្វ៊ូ​ណន​នឹង​រៀបចំ​ព្រឹត្តិការណ៍​មួយ​ដែលមាន​ឈ្មោះថា«រាត្រី​លង្វែក» នៅ​ល្ងាច​ថ្ងៃទី៣មិនា​នេះ​ចាប់ពី​ម៉ោង៤រសៀល​ដល់​ម៉ោង៨យប់។



នេះ​ជា​លើក​ទី១ហើយ​ដែល​កម្មវិធី​រាត្រី​លង្វែក ត្រូវបាន​រៀបចំឡើង​ហើយ​តម្រូវ​ឲ្យ​អ្នកចូលរួម​ទាំង​ខ្មែរ និង​បរទេស​ស្លៀក​សំលៀកបំពាក់​នា​សម័យ​លង្វែក។នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ស៊ុប ​ស​ក្ខ​រ៉ា នាយក សាលា​តន្ត្រី​មរតក​ហ្វ៊ូ​ណន។

លោក​ស៊ុប​ ស​ក្ខ​រ៉ា​បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា​កម្មវិធី​រៀបចំឡើង​ក្នុង​គោលបំណង អបអរ​ទិវា​វប្បធម៌​ជាតិ៣មិនា​លើក​ទី១៧លើកកម្ពស់​តន្ត្រីសម័យ​បុរាណ​ដល់​សាធារណជន​ជាពិសេស​យុវជន​និង​ជំរុញ​ឲ្យ​ស្ថាប័នផ្សេងៗរៀបចំ​កម្មវិធី​ទាក់ទង​នឹង​វប្បធម៌​ឲ្យ​បាន​ច្រើន​ដើម្បី​ទប់ស្កាត់​លំហូរ​នៃ​វប្បធម៌​បរទេស។

កម្មវិធី​រាត្រី​លង្វែក នៅ​ល្ងាច​នេះ​នឹងមាន​រៀបចំ​កម្មវិធី​ដូចជា ការប្រគំ​នាដ​ឯក​ខ្លុយ​ភ្លេងពិណពាទ្យ​ភ្លេង​មហោរី​ការសម្តែង​របាំ​អប្សរា ការ​រាំ​កម្សាន្ត​ចង្វាក់​ប្រជាប្រិយ​ម្ហូប​និង​បង្អែម​ខ្មែរ​ក៏បាន​រៀបចំ​សម្រាប់​ភ្ញៀវ​ដែល​បាន​ចូលរួម​និង​កម្មវិធី​កម្សាន្ត​ជាច្រើន​ទៀត។

បើតាម​លោក​ស៊ុប​ស​ក្ខ​រ៉ា​មាន​មនុស្ស​ចំនួន១៤០នាក់​ហើយ​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​រាត្រី​លង្វែក​នៅ​មជ្ឈមណ្ឌល​សោតទស្សន៍​បុប្ផា​ណា​នៅ​ល្ងាច​នេះ។ចំនួន​នេះ​គឺ​លើសពី​ការរំពឹងទុក​ខណៈដែល​លោក សង្ឃឹមថា​មនុស្ស​យ៉ាងច្រើន៨០នាក់​ចូលរួម​នោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com