ជាតិ
សេដ្ឋកិច្ច
កម្ពុជាបាត់បង់​ថវិកា​​ជាង​៤០០លាន​ដុល្លារ​រៀងរាល់ឆ្នាំ ដោយសារ​កង្វះ​ខាត​អាហារូបត្ថម្ភ​
15, Apr 2015 , 7:00 pm        
រូបភាព
ដោយ:
ការសិក្សា​បានបង្ហាញ​ថា កម្ពុជា​បាន​បាត់បង់​ថវិកា​ជាង៤០០លាន​ដុល្លារ​រៀងរាល់ឆ្នាំ ដោយសារតែ​បញ្ហា​កង្វះខាត​អាហារូបត្ថម្ភ​លើ​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ។ ហើយ​ថា​ស្ថានភាព​នេះ​បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ទាំង២៨ក្នុង​ពិភពលោក ដែលមាន​បញ្ហា​អាហារូបត្ថម្ភ​អាក្រក់​បំផុត។


ការសិក្សា​មួយ​ដែល​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​កាសែត អាស៊ី​ប៉ាស៊ីហ្វិក​នៃ​អាហារូបត្ថម្ភ​គ្លីនិក បាន​បង្ហាញថា កង្វះខាត​អាហារូបត្ថម្ភ​កំពុងតែ​ក្លាយជា​បន្ទុក​ធ្ងន់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។ ការសិក្សា​បាន​រកឃើញថា កម្ពុជា​កំពុង​បាត់បង់​ថវិកា​ជាង៤០០លាន​ដុល្លារ​រៀងរាល់ឆ្នាំ ដោយសារ​កង្វះខាត​អាហារូបត្ថម្ភ​លើ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ។ ទឹកប្រាក់​នេះ​ខាតបង់​នេះ​មាន​ទំហំ​ស្មើនឹង២,៥ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប។

លទ្ធផល​នៃ​ការសិក្សា​ដែល​ត្រូវបាន​គេ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី៣មីនា​ នៅក្នុង​សិក្ខាសាលា​មួយ​នៅ​សណ្ឋាគារ Intercontiental សរស​រថា «ប្រសិនបើ​បញ្ហា​អាហារូបត្ថម្ភ​នៅតែ​បន្តធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដល់២,៥ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​នោះ នោះ​ទិសដៅ​ជាតិ​របស់​កម្ពុជា​ដែល​ចង់បាន​កំណើនសេដ្ឋកិច្ច៧ភាគរយ ជា​រៀងរាល់ឆ្នាំ​នោះ នឹង​ពិបាក​សម្រេច​ណាស់»។

ការសិក្សា​ក៏បាន​បង្ហាញ​ផងដែរ ទំហំ​នៃ​ការបាត់បង់​ទៅតាម​ទីកន្លែងនីមួយៗ ដោយសារ​កង្វះខាត​អាហារូបត្ថម្ភ​នេះ។ ទីមួយ កង្វះខាត​អាហារូបត្ថម្ភ​បានធ្វើ​ឲ្យ​មាន​មរ​ភាព​នៃ​កុមារ​អាយុ​ក្រោម៥ឆ្នាំ​ប្រមាណ៦០ភាគរយ។ ការបាត់បង់​នេះ​មានតម្លៃ​ប្រហែល ៨៨,៧ ដុល្លារ​អាមេរិក។ ទី២ ភាព​ក្រេះ​ក្រិន​ដែល​ប៉ះពាល់​ដល់​ផលិតភាព​របស់​កុមារ​នោះ បានធ្វើ​ឲ្យ​បាត់បង់​សេដ្ឋកិច្ច១២៨,៣ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។ទី៣ ភាពស្លេកស្លាំង​ក្នុងចំណោម​កម្មករ​ពេញ​វ័យ ដែល​ប៉ះពាល់​ដល់​ផលិតភាព​របស់​ពួកគេ​នោះ ក៏​តំណាង​ឲ្យ​ការបាត់បង់៨៩លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដែរ។ និង​ចុងក្រោយ​នោះ គឺ​ការបាត់បង់​សេដ្ឋកិច្ច​ទៅ​ការចំណាយ​លើសលប់​លើ​ការថែទាំ​សុខភាព​ដែលមាន​ទំហំ​ប្រហែល១០លាន​ដុល្លារ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ធនាគារពិភពលោក ដែល​បាន​វិភាគ​លើ​ប្រទេស​ចំនួន៧៩ បាន​រកឃើញថា ការកើនឡើង​នៃ​ប្រាក់ចំណូល​អាច​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ បញ្ហា​កង្វះខាត​អាហារ​រូប​ត្ថ​ម្ភ ក៏ប៉ុន្តែ​ថា វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ។ ធនាគារពិភពលោក​បាន​ជំរុញ អោយមាន​ការបង្កើន​ចំនួន​អន្តរាគមន៍​លើ​វិស័យ​អាហារូបត្ថម្ភ​ដោយផ្ទាល់ និង​ប្រកបដោយ​ប្រសិទ្ធិភាព ប្រសិនបើ​គេ​ចង់​កាត់បន្ថយ ឬ​ដោះស្រាយ​បញ្ហា​កង្វះខាត​អាហារូបត្ថម្ភ៕




© រក្សាសិទ្ធិដោយ thmeythmey.com