ជាតិ
ចង្វាក់«រាំ​ក្បាលពោះ»នឹង​បើក​បង្រៀន​ជា​ផ្លូវការ​នៅ​កម្ពុជា
05, Mar 2015 , 12:47 pm        
រូបភាព
ភ្នំពេញ៖ Belly Dance ឬ​បកប្រែ​តាម​ភាសា​ខ្មែរ​ថា ចង្វាក់រាំ​ក្បាលពោះ​ដែលមាន​ដើមកំណើត​នៅក្នុង​ប្រទេស​អារ៉ាប់ បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ។ ចាប់ពី​ថ្ងៃទី១៥ខែ​មិនា​ឆ្នាំ២០១៥ខាងមុខនេះ ចង្វាក់រាំ​ក្បាលពោះ​នឹងត្រូវ​គេ​បើក​បង្រៀន​នៅក្នុង​មជ្ឈមណ្ឌល​កីឡា លី​ឡា នៅ​រាជធានី​ភ្នំពេញ។ សាលា​ចង្វាក់រាំ​ក្បាលពោះ​នេះ​មាន​វត្តមាន​រួចហើយ​នៅក្នុង​ប្រទេស​ថៃ វៀតណាម ជប៉ុន និង​កូរ៉េខាងត្បូង។



កញ្ញា Linda Asha Abdalla ដើមកំណើត​ឆែក រស់នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ដែល​បាន​ចូលមក​រស់នៅក្នុង ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​ជា៣ឆ្នាំ​មកហើយ​នោះ ត្រៀម​បើក​សាលា​តន្ត្រី​នៅ​ថ្ងៃទី១៥ខែ​មិនា​ខាងមុខនេះ នៅក្នុង​មជ្ឈមណ្ឌល​កីឡា លី​ឡា នៅ​ក្រុងភ្នំពេញ។ នៅក្នុង​សាលា​តន្ត្រី​នេះ ចង្វាក់«រាំ​ក្បាលពោះ»ដែលជា​ក្បាច់​រាំ​បែប​បុរាណ​របស់​ជនជាតិ​អារ៉ាប់​តាំងពី​ច្រើន​ពាន់​ឆ្នាំ​មកហើយ​នោះ ក៏ត្រូវ​បាន​គេ​បើក​បង្រៀន​ដែរ។

កញ្ញា Linda Asha Abdalla ដែលជា​សាស្ត្រាចារ្យ​ចង្វាក់«រាំ​ក្បាលពោះ»បាន​និយាយថា ក្បាច់​រាំ​នេះ មាន​វត្តមាន​នៅក្នុង​ប្រទេស​ថៃ វៀតណាម ជប៉ុន និង​កូរ៉េ រួចហើយ ហើយ​នៅពេល​ខាងមុខនេះ សាលា​តន្ត្រី​ដែលមាន​បញ្ចូល​ក្បាច់​រាំ​ប្រពៃណី​អារ៉ាប់​នេះ នឹង​បើក​ជា​ផ្លូវការ​នៅ​ទីក្រុង​ភ្នំពេញ។ កញ្ញា បាន​និយាយថា៖«ក្បាច់​រាំ​នេះ កំពុង​ពេញនិយម​នៅក្នុង​ប្រទេស​ប្រទេស​ថៃ និង​វៀតណាម»។ អ្នកជំនាញ​រូបនេះ បាន​អួត​សរសើរ​ក្បាច់​រាំ Belly Dance ថា វា​គឺជា​ក្បាច់​រាំ​ដែល​ធ្វើអោយ​ស្ត្រី​មាន​រាង​កាន់តែ​ស្អាត តូច​ច្រឡឹង​ជាង​មុន និង​មាន​ភាពរហ័សរហួន​ខ្លាំង​ឡើង។ Belly Dance គឺជា​ក្បាច់​រាំ​ក្បាលពោះ។

បើ​យោងតាម​កញ្ញា Linda Asha Abdalla ក្បាច់​រាំ​នេះ មិនមែន​ជួយ​សម្រួល​តែ​សុខភាព​ប៉ុណ្ណោះ​ទេ តែ​វា​អាចជួយ​អោយ​ស្ត្រី​សម្រាលកូន​បាន​ស្រួល​ទៀតផង ពីព្រោះ ក្បាច់​រាំ​នេះ ជំរុញ​ចលនា​សាច់ដុំ​ក្បាលពោះ​ខ្លាំងណាស់។ ការបង្រៀន​ក្បាច់​រាំ​នេះ អនុញ្ញាតអោយ​តែ​នារី​ប៉ុណ្ណោះ​ចូលរួម​សិក្សា។ មូលហេតុ គឺ​ដោយសារ ចង្វាក់​នេះ​តម្រូវអោយ​នារី​ស្លៀក​សម្លៀកបំពាក់​ខ្លី​ផ្នែក​លើ។

លោក Lewis Pragasam ជនជាតិ​ម៉ាឡេស៊ី ដែលជា​នាយក​សាលា​តន្ត្រី Startworks Academy នៅក្នុង​មជ្ឈមណ្ឌល​កីឡា លី​ឡា បាន​និយាយប្រាប់​សារព័ត៌មានថ្មីៗថា លោក​ត្រូវតែ​បង្កើត​សាលា​តន្ត្រី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ។ «ប្រជាជន​ខ្មែរ​មាន​ទេ​ព្យ​កោសល្យ​សិល្បៈ​ល្អ​ណាស់ តែ​ខ្វះ​ការបណ្តុះបណ្តាល​ក្ខ​ណៈ​អាជីព»។ នេះ គឺជា​ការកត់សម្គាល់រ​ប​ស់លោក Lewis Pragasam សាស្ត្រាចារ្យ​តន្ត្រី​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី។ លោក​បាន​បន្តទៀតថា៖«ខ្ញុំ​ចង់​បណ្តុះបណ្តាល​កូន​ខ្មែរ​អោយក្លាយ​ទៅជា​សិល្បៈករ សិល្បៈការិនី​អាជីព។ ខ្ញុំ​ចង់អោយ​ពួកគេ​ចេះ​តែង​ចម្រៀង​ដោយ​ខ្លួនឯង​ដោយ​មិន​លួច​ចម្លង​ពី​គេ​ដូច​សព្វថ្ងៃនេះ»។

សាលា​តន្ត្រី Startworks Academy នៅក្នុង​មជ្ឈមណ្ឌល​កីឡា លី​ឡា នឹង​បើក​បង្រៀន​ក្បាច់​រាំ សរសេរ​ទំនុក​បទ​ភ្លេង បង្រៀន​របៀប​ក្លាយទៅជា​សិល្បៈ ច្រៀង​ដាក់ Album។ល។ ការសិក្សា​មានតម្លៃ១២០ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ការសិក្សា​ជា​លក្ខណៈ​បុគ្គល​ម្នាក់, ៤០ដុល្លារ​សម្រាប់​ការសិក្សា​ជា​ក្រុម។ ក្រៅពី​ការសិក្សា​បង់ប្រាក់ សាលា​តន្ត្រី​ថ្មី​នេះ នឹង​អនុញ្ញាតអោយ​កុមារ​ក្រីក្រ​ខ្មែរ​ចំនួន១០នាក់​សិក្សា​ដោយ​មិន​បង់ប្រាក់។ លើសពីនេះទៅទៀត កុមារ​ទាំង១០នាក់​នោះ ទទួលបាន​ការថែទាំ បង្រៀន ស្នាក់នៅ​រយៈពេល១ឆ្នាំ។ គោលបំណង​របស់​សាលា គឺ​ចង់​បណ្តុះបណ្តាលក្មេងៗក្រីក្រ​ទាំងនោះ អោយ​ក្លាយទៅជា​តន្ត្រីករ​ជំនាញ​ប្រចាំ​កម្ពុជា​នាពេល​អនាគត៕

ទំនាក់ទំនង​លោក Lewis ៖ ០៧៧ ៦៨ ៤៤ ៣៨








© រក្សាសិទ្ធិដោយ thmeythmey.com