ជាតិ
សេដ្ឋកិច្ច
សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផ្តល់ឱកាស តែ​កម្ពុជា​មិនទាន់​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ទេ!
17, Apr 2015 , 2:00 pm        
រូបភាព
ភ្នំពេញ៖ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នឹង​ចាប់ផ្តើម​ដាក់អោយ​ដំណើរការ​នៅ​ចុងឆ្នាំ២០១៥ខាងមុខនេះ។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​មាន​គោលដៅ​ធ្វើអោយ​អាស៊ាន​ក្លាយជា​ទីផ្សារ និង​មូលដ្ឋាន​ផលិតកម្ម​រួមគ្នា​តែមួយ ដើម្បី​ជំរុញ​តំបន់​នេះ​អោយមាន​លក្ខណៈ​ប្រកួតប្រជែង សន្ទុះ​ខ្លាំង និង​ធ្វើ​សមាហរណកម្ម​ចូលគ្នា​កាន់តែខ្លាំង។ សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផ្តល់ឱកាស តែ​កម្ពុជា​មិនទាន់​អាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ទេ។



ក្រុមហ៊ុន​ភាគច្រើន​នៅក្នុង​អង្កេត​យល់ឃើញថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ផ្តល់ឱកាស​ច្រើនជាង​ការ​គម្រាមកំហែង។ ក្រុមហ៊ុន​នានា​អាច​បាន​ផលចំណេញ​ពី​សេដ្ឋកិច្ច​បើកចំហរ។ អាស៊ាន​កាន់តែ​ទាក់ទាញ​អ្នក​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​តំបន់​កាន់តែច្រើន​បន្ថែមទៀត។

ពី​ឆ្នាំ១៩៩៩ ដល់​ឆ្នាំ២០១២ តំបន់​អាស៊ាន​ដែលមាន​ប្រជាពលរដ្ឋ​ចំនួន៦២០លាន​នាក់ មាន​អត្រាកំណើន​ជា​មធ្យម៥,៥% ដែល​ជំរុញ​អោយ​ផលិតផល​សរុប​ក្នុងស្រុក​មានតម្លៃ៣ពាន់​ពាន់​លាន​ដុល្លារ។ ការព្យាករណ៍​បានបង្ហាញ​ថា ចំនួន​គ្រួសារ​ថ្នាក់កណ្តាល​នៅក្នុង​អាស៊ាន​នឹង​កើនឡើង​ពី៤០លាន​គ្រួសារ​ក្នុង​ឆ្នាំ២០១០ដល់៨៥លាន​គ្រួសារ​ក្នុង​ឆ្នាំ២០១៧ខាងមុខនេះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៥ខែ​មិនា​ក្នុងឱកាស​សន្និសីទ​ចក្ខុ​វិស័យ​ប្រទេស​កម្ពុជា២០១៥នៅ​ទីក្រុង​ភ្នំពេញ។
   
បច្ចុប្បន្ន អាស៊ាន​មានឱកាស​កាន់តែ​ធំ​ឡើង​ដើម្បី​កសាង​ខ្លួន​អោយ​ក្លាយទៅជា​មជ្ឈមណ្ឌល​ផលិតកម្ម​កាន់តែ​ធំ​បន្ថែមទៀត ដោយសារ​កម្លាំង​ពលកម្ម​នៅមាន​តម្លៃ​ទាប និង​កំណើន​តម្លៃ​កម្លាំង​ពលកម្ម​នៅក្នុង​ប្រទេស​ចិន។ ស្របពេល​ជាមួយគ្នា កម្ពុជា​ក៏​អាច​ទាញ​ឱកាស​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែរ។ ការស្រាវជ្រាវ​នាពេលថ្មីៗកន្លងមកនេះ បាន​បង្ហាញថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​នឹង​ជួយ​អោយ​ផលិតផល​សរុប​ក្នុងស្រុក​កម្ពុជា​កើនឡើង៤,៤% ការនាំចេញ​កើនឡើង៥,៣% ហើយ​ការ​វិនិយោគឯកជន​នឹង​កើនឡើង២៤,៨% ។

បើទោះបីជា​កម្ពុជា​អាច​ទាញ​បាន​ឱកាស​ថ្មី​ពី​ការបើកចំហរ​សេដ្ឋកិច្ច​អាស៊ាន​ក៏ដោយ​ក្តី  ក៏​ការស្រាវជ្រាវ​បង្ហាញ​ក្តី​ព្រួយបារម្ភ​ផងដែរ។ មូលធន​មនុស្ស និង​កម្រិត​អប់រំ​នៅ​កម្ពុជា​ដើរ​ក្រោយ​ស្ទើរ​គ្រប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន។ ទីផ្សារ​កម្ពុជា ខ្វះខាត​កម្លាំង​ពលកម្ម​ជំនាញ។ ជារួម កម្ពុជា​អាច​ទទួលបាន​ផល​ខ្លះ​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​មែន។ ប៉ុន្តែ​ដើម្បីអោយ​កម្ពុជា​អាច​ទទួលបាន​អត្ថប្រយោជន៍​ជា​អតិបរមា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន កម្ពុជា​ត្រូវតែ​ធ្វើកំណែទម្រង់​មួយចំនួន​ក្នុងនោះ ជារួម​មាន៖ ទី១ កែលម្អរ​បរិយាកាស​វិនិយោគ។ ទី២ កែលម្អរ​ការផ្គត់ផ្គង់​ភស្តុភារ និង​ធ្វើអោយ​សាមញ្ញ​នីតិវិធី​គយ។ ទី៣ វិនិយោគ​លើ​មូលធន​មនុស្ស។ ទី៤ លើកកម្ពស់​ការចូលរួម និង​ការពិគ្រោះ​យោបល់​ផ្នែក​អាជីវកម្ម និង​ទី៥ បង្កើត និង​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម។

សូមបញ្ជាក់ថា សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​រួម​ឆ្នាំ២០១៥ សំដៅ​អនុញ្ញាត​អោយមាន៖ ទី១ លំហូរ​ទំនិញ​ដោយ​សេរី។ ទី២ លំហូរ​សេវាកម្ម​ដោយ​សេរី។ ទី៣ លំហូរ​ទុនវិនិយោគ​ដោយ​សេរី។ ទី៤ លំហូរ​មូលធន​ដោយ​សេរី និង​ទី៥ លំហូរ​កម្លាំង​ពលកម្ម​ជំនាញ​ដោយ​សេរី៕
 


Tag:
 អាស៊ាន
  AEC
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com