ជាតិ
គិត​ត្រឹម​ខែមីនា​នេះ អាជ្ញាធរខេត្ត​ស្វាយរៀង​បណ្ដេញ​ជនបរទេស​ខុសច្បាប់ ២៤២នាក់
06, Mar 2015 , 9:48 am        
រូបភាព

 
គិត​ចាប់ពី​អំឡុង​ឆ្នាំ២០១៤ ដល់​ដើមខែ​មីនាឆ្នាំ២០១៥នេះ អាជ្ញាធរខេត្ត​ស្វាយរៀង បាន​បណ្ដេញ​ជនបរទេស​ចំនួន ២៤២នាក់ ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលមក​កម្ពុជា។ នេះ​បើតាម​ការចុះផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ។


អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​ចាត់វិធានការ​លើ​បទល្មើស​ឆ្លងដែន​ខុសច្បាប់​មាន​ចំនួន១០លើក គិត​ចាប់​ឆ្នាំ២០១៤ ដល់​ខែមីនា​ឆ្នាំ២០១៥នេះ​ដោយមាន​ជនបរទេស​ខុសច្បាប់​ចំនួន ២៤២ នាក់ ក្នុងនោះ​មាន​ជនជាតិ​វៀតណាម ២០៧ នាក់ តួ​គី ២១ នាក់ និង​អ៊ុយ​ហ្គ័​រ ១៤ នាក់ ។

អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ស្រង់​សំដី​លោក​ឧ​ត្ត​ម​សេនីយ៍ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង បាន​បញ្ជាក់ថា បទល្មើស​ឆ្លងដែន​ខុសច្បាប់​ក្នុង​ខេត្តស្វាយរៀង បានកើត​ឡើង​តាម​ច្រករបៀង​មួយចំនួន​នៃ​ខ្សែបន្ទាត់​ព្រំដែន ដែលមាន​ព្រំប្រទល់​ជាប់​ជាមួយ​ប្រទេស​វៀតណាម ។ លោក​បន្តថា ជនបរទេស​មួយចំនួន​ដែល​ឆ្លង​ចូលមក​កម្ពុជា ពួកគេ​តែងតែ​ធ្វើឡើង​តាម​ច្រករបៀង​ប៉ែក​ខាងជើង និង​ខាងត្បូង ច្រកទ្វារ​អន្តរជាតិ​បាវិត ។

យ៉ាងណាក៏ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ កឹង ឃ​ន បាន​អះអាងថា សមត្ថកិច្ច​បាន​ចាត់វិធានការ​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ចំពោះ​ជនបរទេស​ដែល​ឆ្លងដែន​ខុសច្បាប់ ដោយ​និង​ចាប់​ប​ញ្ចួ​ន​ចេញពី​កម្ពុជា​វិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com