កីឡាជាតិ
គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ លោក Lee Tae Hoonទទួលបាន​បៀវត្សរ៍៣៣០០ដុល្លារ​ក្នុង១ខែ
06, Mar 2015 , 10:02 am        
រូបភាព
ដោយ:

សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ចំណាយ​ប្រាក់​ចំនួន៣៣០០ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​មួយខែ​ស្មើនឹង ៣៩.៦០០ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​ផ្ដល់​ជា​ប្រាក់បៀវត្សរ៍​ដល់​លោកគ្រូ​បង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ជនជាតិ​កូរ៉េខាងត្បូង​Lee Tae Hoon កាលពី​ឆ្នាំ២០១៤។



ទិន្នន័យ​នេះ​បានបង្ហាញ​ឱ្យដឹង​ក្នុង​របាយការណ៍​សកម្ម​ភាព​ការងារ​ឆ្នាំ២០១៤នៅ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី៥ ខែ មីនា ម្សិលមិញ​នៅ​មជ្ឈមណ្ឌល​និង​សាលា​បាល់ទាត់​ជាតិ​បាទី​ក្នុង​ខេត្តតាកែវ។

លោក​Lee បាន​កាន់តំណែង​ជា​គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ជា​លើក​ទី២ ចាប់ពី​ថ្ងៃទី១ ខែ សីហា ២០១៣ ដល់ ថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ ២០១៥ពូ​ល​គឺ​ក្នុង​កិច្ចសន្យា២ ឆ្នាំ។ សម្រាប់​ឆ្នាំ ២០១៤កន្លងទៅនេះ​លោក​បាន​ដឹកនាំ​ក្រុមបាល់ទាត់ U21របស់​កម្ពុជា​ទៅ​ចូលរួម​ក្នុង​ពានរង្វាន់ 2014 Hassanal Bolkiah Trophy នៅ​ប្រទេស​ប្រ៊ុយណេ, ចូលរួម​ជម្រុះ​ក្នុង​ពានរង្វាន់​AFF Suzuki Cup 2014 និង​ប្រកួត​មិត្តភាព​នានា​ជាច្រើន។

បេសកកម្ម​បន្ទាប់​របស់លោក​គ្រូបង្វឹក​វ័យ៤៣ ឆ្នាំ​រូបនេះ​គឺ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចូលរួម​វគ្គ​ជម្រុះ​ពានរង្វាន់​FIFA World Cup 2018ជើង​ទី១ ប្រចាំ​ទ្វីបអាស៊ី​ជាមួយ​ក្រុម​កោះ​ម៉ា​កាវ​នៅ​ថ្ងៃទី ១២ និង ១៧ ខែ មីនា​រួមទាំង​ចូលរួម​ជម្រុះ​ពានរង្វាន់​AFC U23 Championship 2016នៅ​ប្រទេស​ថៃ​និង កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០១៥ នៅ​សិង្ហ​បុរី ជាដើម។

នៅក្នុង​មហាសន្និបាត​ម្សិលមិញ​នេះដែរ​មានការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ចំនួន២ ថ្មី​ជំនួស​អ្នក​ដែល​អស់​អាណត្តិ​មាន​លោក​លី គឹមឈុន និង លោក អ៊ុក​សិទ្ធ​ជាតិ។ប៉ុន្ដែ​លោក អ៊ុក​សិទ្ធ​ជាតិ​បាន​ឈរឈ្មោះ​សាជាថ្មី​ឡើងវិញ។ក្នុងចំណោម​សមាជិក​ឈរឈ្មោះ៨ នាក់ លោក អ៊ុក សិទ្ធ​ជាតិ​ទទួល​សំឡេងគាំទ្រ​ច្រើន​លើសលប់​រហូតដល់៣៣ សំឡេង តាម​ពីក្រោយ​ដោយ​លោក​ខៀវ ចិន្តា​វ័​ន្ត​មន្ត្រី​សមាគម​បាល់ទាត់​មកពី​ខេត្តព្រះវិហារ​ទទួលបាន១៧ សំឡេង៕




© រក្សាសិទ្ធិដោយ thmeythmey.com