កីឡាជាតិ
លីក​បាល់បោះ​​កម្ពុជា បង្ហាញ​​ឈ្មោះ​ក្រុម​ចូលរួម​រដូវកាល​ថ្មី
06, Mar 2015 , 12:13 pm        
រូបភាព
ដោយ:
លីក ​បាល់បោះ​ប្រចាំ​ឆ្នាំ ២០១៥ (Cambodian Basketball League ) ដែល​រៀបចំ​ឡើង​ដោយ សហព័ន្ធ​កីឡា​បាល់​បោះ​កម្ពុជា ​នឹង​ចាប់​ផ្ដើម​រដូវកាល​ថ្មី​របស់​ខ្លួន​​ពី​​ថ្ងៃ​ទី ២១ ខែ មីនា ខាង​មុខ​នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី ២៦ ខែ សីហា ឆ្នាំ​ ២០១៥ ក្នុង​ទីលាន​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ រៀងរាល់​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ ចុង​សប្ដាហ៍។



ក្រុម​ចំនួន ១២ បាន​ចុះ​ឈ្មោះ​មក​ចុះ​ឈ្មោះ​នៅ​សហព័ន្ធ​ រួម​មាន Extra Joss Fighter, Wood's Lozenges, Davies Megacryl, Conquerors, TCT Rock, Pate Phnom Penh 301, Mekong Tiger, Phnom Penh Post Buffaloes, Emperors, SOHO Phnom Penh, NSK Dream, CCPL Warriors។

យោង​តាម​ថ្នាក់​ដឹកនាំ​សហព័ន្ធ លីក​បាល់​បោះ​​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​ អភិវឌ្ឍ​វិស័យ​បាល់​បោះ​ឲ្យ​មានការ​រីក​ចំរើន។ ជា​ពិសេស​ សម្រាប់​​ស្រទាប់​យុវជន​ដើម្បី​​ជួយ​ជំរុញ​ឲ្យ​ពូក​គេ​ចូល​រួម​ហ្វឹកហាត់ វិស័យ​បាល់​បោះ​ហើយ​ឈាន​ទៅ​រក​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ នៅ​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

លោក អ៊ុង ខែននិត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់បោះ​​ លើ​ឡើង​​ក្នុង​សន្និសីទ​សារព័ត៌មាន​​ព្រឹក​ថ្ងៃ​ទី ៦ ខែ មីនា នេះ​​នៅ​ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ ថា​​ក្រុម​នីមួយ​អាច​​សុំ​ធ្វើការ​ចុះឈ្មោះ​កីឡាករ​បាន​ចំនួន​ ១៦​ នាក់ ហើយ​នៅ​គ្រប់​​ពេល​ប្រកួត​ត្រូវ​បំពេញ​ឈ្មោះ​កីឡាករ​ ក្នុង​បញ្ជី​រាយ​នាម​ចំនួន​ ១២ នាក់​ផ្ដល់​ឲ្យ​​គណៈកម្មការ​ប្រកួត​ សម្រាប់​ក្រុម​កីឡាបាល់បោះ​បរទេស​ត្រូវ​មាន​កីឡាករ​កម្ពុជា​យ៉ាង​តិច​ ០៣ នាក់​ហើយ​ម្នាក់​ត្រូវ​លេង​នៅ​លើ​ទីលាន​ប្រកួត​គ្រប់​វគ្គ​ទាំង​អស់​។

ចំណែក​លោក អ៊ុក សិទ្ធីជាតិ អគ្គនាយក​នៃ​នាយកដ្ឋាន​កីឡា របស់​ក្រសួងអប់រំយុវជន​និង​កីឡា សង្ឃឹម​ថា​ការ​ប្រកួត​នេះ​អាច​ជួយ​ពង្រឹង​​សមត្ថភាព​កីឡា​ជម្រើស​ជាតិ​បាល់បោះ​កម្ពុជា ហើយ​យក​ទៅ​បូក​បន្ថែម​ជាមួយ​កីឡាករ​ខ្មែរ​នៅ​ក្រៅ​ស្រុក ត្រៀម​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម ក្នុង​​ខែ មិថុនា ​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហបុរី។

ក្រុម​ជើង​ឯក​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៣០០០$ ហើយ​​ជើង​ឯក​រង​នឹង​បាន​ទឹក​ប្រាក់ ​ ២០០០$​ និង​ក្រុម​ចំណាត់​ថ្នាក់​លេខ ៣ ត្រូវ​ទទួល​បាន​​ប្រាក់ ១០០០$។ សម្រាប់​​រដូវកាល​ឆ្នាំ ២០១៤ កន្លង​ទៅ ក្រុម​ជើង​ឯក​បាន​ទៅ​ Pate 310​ ហើយ​ក្រុម Davies Paints ​ជា​​ជើង​ឯករង និង​ក្រុម​លេខ​៣ បាន​ទៅ ​​ Mekong Tigers។

ងាក​ទៅ​លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ប្រកាស​ឱ្យ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន​ឱ្យ​បាន​ច្រើន​ដើម្បី​ឱ្យ​ព្រឹត្តិការណ៍​នេះ​ដំណើរការ​កាន់​តែ​រលូន​ថែម​ទៅ​ទៀត​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com