ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង ទទួលពាក្យ​ស្នើសុំ​បង្កើត​បក្ស​របស់​លោក សួន សេរីរដ្ឋា​ តែ​មិនទាន់​ចុះ​បញ្ជី​
06, Mar 2015 , 2:01 pm        
រូបភាព
លោក សួន សេរីរដ្ឋា
លោក សួន សេរីរដ្ឋា
រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស​ ខេង បាន​ទទួល​យក​ពាក្យ​ស្នើសុំបង្កើត​គណបក្ស​របស់​លោក សួន សេរីរដ្ឋា ដែលជា​មេចលនា​ប្រឆាំង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន យ៉ាង​ខ្លាំងក្លានោះ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ នាយ​ឧត្តមសេនីយ​ ខៀវ សុភ័គ បាន​បញ្ជាក់​ប្រាប់សា​រព័ត៌មាន​ថ្មីៗនៅ​ថ្ងៃ​សុក្រ​នេះ​ថា លោក​ឧប​នាយក​រដ្ឋមន្ត្រី​នឹង​ផ្ញើ​​ការ​​ឆ្លើយ​តប​​ទៅ​​លោក​ សួន សេរីរដ្ឋា ​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​៦​មីនា​នេះ។


ប៉ុន្តែ​បើតាម​ការ​បញ្ជាក់របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ដដែល ការ​យល់ព្រមទទួល​ពាក្យ​សុំ​​បង្កើត​គណបក្ស​របស់​លោក​ សួន សេរីរដ្ឋា នោះ ក៏​មិនមាន​ន័យ​ថា វា​នឹង​អាច​មាន​គណបក្ស​ឈ្មោះ «អំណាចខ្មែរ» របស់​លោក​ សួន សេរីរដ្ឋា​ ដោយ​ស្វ័យប្រវត្តិ​នោះដែរ។ មន្រ្តីជាន់ខ្ពស់​របស់នៃ​ក្រសួង​មហាផ្ទៃ​បាន​ពន្យល់​យ៉ាង​ដូច្នេះថា៖«នេះជា​ការ​យល់ព្រម​លើ​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​។ ប៉ុន្តែ​វាមិនមែនជា​ការ​ចុះ​បញ្ជី​គណបក្ស​នោះទេ។ គេ​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​ចុះ​បញ្ជី​គណបក្ស​បន្តទៀត។ ឧទាហរណ៍ គេ​ត្រូវមាន​ស្នាមមេដៃ​គាំទ្រ​៤០០០នាក់ជាដើម»។

វាអាច​ជា​ដំណឹង​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើ​ល​មួយ​សម្រាប់​អ្នកតាម​ដាន​ស្ថានការ​នយោបាយ​នៅ​កម្ពុជា និង​សម្រាប់​លោក សួន សេរីរដ្ឋា​ ខ្លួន​ឯង​ផង នៅពេល​ដែល​ក្រសួង​មហាផ្ទៃ​កម្ពុជា យល់ព្រម​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​គណបក្ស​របស់​លោក​ សួន សេរីរដ្ឋា នៅពេលនេះ។ ប៉ុន្តែ​លោក​ ខៀវ សុភ័គ បានបកស្រាយយ៉ាង​ដូច្នេះ​ថា៖«យើង​ពិនិត្យ​មើល​ច្បាប់​ហើយ ក្នុង​ដំណាក់កាលនៃ​ការ​ស្នើសុំបង្កើ​តគណបក្ស ​វាមិនមានច្បាប់​ចែង​ពាក់ព័ន្ធដល់បុគ្គល​ភាព​នៃអ្នកបង្កើត​គណបក្ស​នោះទេ។ កន្លងមក​ ក៏មាន​ករណី​សម្តេច​ក្រុមព្រះ និង​លោក សម រង្ស៊ី ដូចគ្នា​ដែរ»។

លោក សួន សេរីរដ្ឋា​ ត្រូវបាន​គេ​ស្គាល់ថា ជាអ្នករិះគន់​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មិនសំចៃ​មាត់។ លោក សួន សេរីរដ្ឋា​ ក៏​ធ្លាប់បានស្នើ​សុំ​ក្រសួង​មហាផ្ទៃ​ដើម្បី​គណបក្ស​នយោបាយ​របស់​ខ្លួន​ដែរ ប៉ុន្តែ​លោក​មិនដែលទទួលបាន​លទ្ធផល​ល្អ​ដូចពេលនេះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com