អន្តរជាតិ
នយោបាយអន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខគំរាមប្រឆាំងរដ្ឋាភិបាលស៊ីរី បើហ៊ានប្រើអាវុធគីមីក្លរីនជាថ្មី
×
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងបោះឆ្នោតអនុម័តសេចក្តីព្រាងដំណោះស្រាយមួយថ្កោលទោសការប្រើប្រាសអាវុធគីមីនៅស៊ីរីនៅថ្ងៃសុក្រនេះ។ សេចក្តីព្រាងដំណោះស្រាយមួយនេះរៀបចំឡើងដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ហើយសមាជិកក្រុមប្រឹក្សានេះគំរាមធ្វើសកម្មភាពប្រឆាំងស៊ីរី បើមានការប្រើប្រាស់អាវុធគីមីប្រឆាំងប្រជាជនស៊ីវិលដូច្នេះទៀត។
មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
នៅថ្ងៃសុក្រនេះ គេរំពឹងថា ក្រុមប្រឹក្សាសន្តិសុខនឹងសម្រេចបោះឆ្នោតអនុម័តសេចក្តីព្រាងដំណោះស្រាយស្តីពីបញ្ហាស៊ីរីនៅក្នុងកិច្ចប្រជុំរបស់ខ្លួន។ ដំណោះស្រាយថ្មីនេះព្រាងឡើងដោយរដ្ឋាភិបាលអាមេរិក ដើម្បីថ្កោលទោសរដ្ឋាភិបាលស៊ីរីដែលប្រើប្រាស់អាវុធគីមីក្លរីននៅក្នុងជម្លោះប្រដាប់អាវុធកន្លងមក។ ក្រៅពីថ្កោលទោសរដ្ឋាភិបាលស៊ីរិ ក្រុមប្រឹក្សានេះបានព្រមានជាស្រេចហើយថា បើសិនមានការប្រើប្រាស់អាវុធគីមី ជីវសាស្ត្រជាថ្មីទៀតប្រឆាំងជនស៊ីវិល ខ្លួននឹងចាប់ផ្តើមចាត់វិធានការភ្លាម។
នៅក្នុងខែមិនានេះ បារាំងធ្វើជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អគ្គរដ្ឋទូតបារាំងប្រចាំនៅក្រុមប្រឹក្សាសន្តិសុខ លោក Francois Delattreបានបង្ហាញក្តីរំពឹងថា បណ្តារដ្ឋជាសមាជិកនឹងព្រមព្រៀងគ្នាបោះឆ្នោតសម្រេចអនុម័តដំណោះស្រាយនេះបានជោគជ័យ។ យ៉ាងណាមិញគេមិនបានដឹងច្បាស់ថា ប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តស៊ីរី នឹងបោះឆ្នោតគាំទ្រដំណោះស្រាយនេះឬអត់ឡើយ។ ភាគរយដែលសង្ឃឹមថារុស្ស៊ីបោះឆ្នោតគាំទ្រដំណោះស្រាយនោះមានភាគរយតិចបំផុត បើមើលតាមស្ថានភាពជាក់ស្តែង។
សេចក្តីព្រាងដំណោះស្រាយថ្មីនេះ មិនមែនថ្កោលទោសការវាយប្រហារដោយសារធាតុក្លរីកាលពីពេលមុននោះឡើយ ប៉ុន្តែវាថ្កោលទោសរាល់ការប្រើប្រាស់សារធាតុគីមីរួមទាំងក្លរីន ដើម្បីផលិតជាអាវុធដើម្បីកម្ចាត់សត្រូវ នៅក្នុងប្រទេសស៊ីរី។ រាល់អ្នកដែលប្រើប្រាស់និងនៅពីក្រោយការប្រើប្រាស់អាវុធគីមីនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ការប្រើប្រាស់អាវុធគីមីជីវសាស្ត្រនៅស៊ីរី នៅតែស្ថិតនៅក្នុងភាពចម្រូងចម្រាសនៅឡើយ ដ្បិតតាំងពីវិបត្តិនៅស៊ីរីកើតមានឡើងមក គេឃើញមានការប្រើប្រាស់អាវុធគីមីនៅក្នុងជម្លោះប្រដាប់អាវុធផងដែរ។ អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី បានរកឃើញភស្តុតាងបញ្ជាក់ថាឧស្ម័នក្លរីនត្រូវបានគេប្រើប្រាស់ជាប្រព័ន្ធ និងច្រើនលើកច្រើនសារក្នុងការប្រយុទ្ធគ្នា ដែលបានបណ្តាលអោយមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងរងគ្រោះថ្នាក់។
ប៉ុន្តែមិនមានការអះអាងអោយច្បាស់លាស់ថា ក្រុមណាមួយដែលប្រើប្រាស់អាវុធគីមីទាំងនេះឡើយ។ យ៉ាងណាក៏ដោយក្រុមប្រទេសលោកខាងលិចបានចោទប្រកាន់រដ្ឋាភិបាល និងកងទ័ពលោក អាសាដ ថាជាអ្នកដែលប្រើប្រាស់អាវុធទាំងនោះសម្លាប់ប្រជាជនខ្លួនឯង។ ប៉ុន្តែរដ្ឋាភិបាលលោក អាសាដ បានប្រកាសទាត់ចោលការចោទប្រកាន់នេះជារឿយ។
យ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០១៣ ស៊ីរីបានព្រមព្រៀងកម្ទេចចោលរាល់កម្មវិធីអាវុធគីមីរបស់ខ្លួន ក្រោមការចង្អុលបង្ហាញពីកិច្ចព្រមព្រៀងដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក និងរុស្ស៊ី បន្ទាប់ពីមានមនុស្សរាប់រយនាក់ស្លាប់ដោយការប្រើប្រាស់ឧស្ម័នគីមីជាអាវុធក្នុងការប្រយុទ្ធគ្នានៅទីក្រុងដាម៉ាស។ កាលនោះរុស្ស៊ីបានប្រកាសគាំទ្រដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខដែលរៀបចំកិច្ចព្រមព្រៀងនិងការឈានទៅកម្ទេចចោលអាវុធគីមីទាំងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com