អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ចាប់ផ្តើម​បំផ្លាញ​វាំង​បុរាណ​មាន​អាយុ៣ពាន់​ឆ្នាំ​នៅ​អ៊ីរ៉ាក់
06, Mar 2015 , 4:24 pm        
រូបភាព

ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បាន​ប្រើប្រាស់​គ្រឿងចក្រធំៗដើម្បី​បំផ្លិចបំផ្លាញ​វិមាន​Assyrianសម័យបុរាណ​មួយ​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ បើតាម​ការ​អោយដឹងពី​អ្នក​បុរាណ​វិទូ​ម្សិលមិញ។ រាជវាំង​ដែល​ត្រូវ​រង​ការបំផ្លាញ​ដោយសារ​ស្នាដៃ​ក្រុម​រដ្ឋ​ឥស្លាម​នោះ​មាន​អាយុកាល​ប្រហែល​ជាង ៣ពាន់​ឆ្នាំ​ទៅហើយ ដែល​វា​ត្រូវបាន​គេ​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​ផង។ នេះ​បើ​យោងតាម​សារព័ត៌មាន  Al Jazeera ។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



ក្រោយ​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ការបំផ្លាញ​វត្ថុ​បុរាណ និង​រូបចម្លាក់​ជាច្រើន​នៅក្នុង​សារមន្ទីរ​មួយនា​ទីក្រុង Mosul ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​ចាប់ផ្តើម​សកម្មភាព​កម្ទេច​វត្ថុ​បុរាណ​ជាថ្មីទៀត​នៅ​អ៊ីរ៉ាក់។ បើតាម​ការ​អោយដឹងពី​អ្នក​បុរាណ​វិទូ និង​មន្ត្រី​រដ្ឋាភិបាល​អ៊ីរ៉ាក់ ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នោះបាន​ប្រើប្រាស់​គ្រឿងចក្រធំៗ ដើម្បី​កម្ទេច​រាជវាំង​បុរាណ​មួយកន្លែង​នៅក្បែរ​ទីក្រុង Mosul ភាគ​ខាងជើង​អ៊ីរ៉ាក់។

តាមពិតទៅ​កាលពី​សប្តាហ៍​មុន​ក្រុម​រដ្ឋ​ឥស្លាម​នេះ​បាន​ព្យាយាម​វាយកម្ទេច​វត្ថុ​បុរាណ រូបចម្លាក់​ជាច្រើន​រួច​ម្តងមកហើយ ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​អាមេរិក នា​សារមន្ទីរ​នៅ​ក្រុង Mosul។ ការបំផ្លាញ​វត្ថុ​បុរាណ​នេះ​ត្រូវបាន​សាធារណជន អង្គការ​អន្តរជាតិ​ថ្កោលទោស​ជាខ្លាំង។

ដោយឡែក​ជុំវិញ​ការបំផ្លាញ​ទីតាំង​ប្រវត្តិសាស្ត្រ​ថ្មី​នេះ គេ​មិន​បានដឹង​ច្បាស់​ថា​ការបំផ្លិចបំផ្លាញ​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ​បានចាប់ផ្តើម​នៅ​ថ្ងៃ​ណា និង​ពេលណា​នោះឡើយ​ប៉ុន្តែ​ព័ត៌មាន​នេះ​ទើបតែ​ត្រូវគេ​បង្ហាញ​អោយដឹង​កាលពី​ម្សិលមិញ​នេះ។បើតាម​រដ្ឋាភិបាល​អ៊ីរ៉ាក់ រាជវាំង​ដែល​រង​ការបំផ្លាញ​នោះ ជា​រាជវាំង​សាងសង់ឡើង​ក្នុងសម័យ Assyrian ដែលមាន​រយៈពេល ៣ពាន់​ឆ្នាំ​ទៅហើយនោះ ដែល​ស្ថិតក្នុង​ទីក្រុង Nimrud។

ទ្រព្យសម្បត្តិ ឬ​បេតិកភណ្ឌ​ដែលជា​កេរ្តិ៍ដំណែល​មនុស្សជាតិ​នេះ​ត្រូវបាន​ក្រុម​ជ្រុលនិយម​នេះ​បំផ្លាញចោល​គ្មាន​ស្តាយស្រណោះ គ្មាន​ញញើត​ដៃ​អ្វី​បន្តិច​សោះ។ ក្រោយ​ពេលដែល​មានការ​កម្ទេច​ទីតាំង​ប្រវត្តិសាស្ត្រ​នេះ ក្រសួងទេសចរណ៍​អ៊ីរ៉ាក់ បាន​ចេញមុខ​ថ្កោលទោស​ក្រុម​នេះ ប៉ុន្តែ​មិនមាន​របាយការណ៍​ណា​បញ្ជាក់ថា​ទេ​ថា វាំង​បុរាណ​នោះ​ខូចខាត​កម្រិតណា​ទេ។

ទីក្រុង Nimrud ត្រូវបាន​គេ​ស្គាល់​ថា ជាទី​ក្រុង​បុរាណ​មួយ​ដែល​គេ​ជឿជាក់ថា ត្រូវបាន​សាងសង់ឡើង​កាលពី៧ពាន់​ឆ្នាំមុន។ ចំណែក​រាជ​រាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ព្រះ​ចៅ Ashurnasirpalទី ២ ដែល​គ្រប់គ្រង​អាណាចក្រ​ដ៏​មាន​ឥទ្ធិពល​បំផុត​មួយ​ដែល​រួមទាំង​ទឹកដី​អ៊ីរ៉ាក់ ស៊ី​រី និង​ភាគ​ខាងក្រោម​ប្រទេស​អេ​ហ្ស៊ី​ប និង​ផ្នែក​ខ្លះ​នៃ​ប្រទេស​តួ​ក​គី​ផង។  

កាលពី​ឆ្នាំ ២០០២ មូលនិធិ​កេរ្តិ៍ដំណែល​ពិភពលោក​បាន​ចាត់​ទីក្រុង Nimrud ជាទី​តាំង​បុរាណ​ដែល​ងាយ​រងគ្រោះថ្នាក់​ជាងគេ​លើ​ពិភពលោក​ព្រោះ​វា​ងាយ​រង​ការបំផ្លិចបំផ្លាញ​ដោយ​ធម្មជាតិ និង​គ្មាន​សន្តិសុខ​ជុំវិញ​ដែល​បណ្តាលអោយ​ក្រុម​ជនល្មើស​អាច​លួច​វត្ថុ​បុរាណ​បាន​យ៉ាង​ងាយ​ផងដែរ។

យ៉ាងណាក៏ដោយ គេ​ឃើញ​មានមតិ​រិះគន់​ស្ថាប័ន​និង​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​យឺត​យ៉ាង​និង​ស្ទាក់ស្ទើរ​ក្នុងការ​ទប់ស្កាត់​និង​បញ្ឈប់​បញ្ហា​នេះ។  សហគមន៍​អន្តរជាតិ​ជាពិសេស​ស្ថាប័ន​ដែលមាន​តួនាទី​រក្សា និង​ការពារ​បេតិកភណ្ឌ​ពិភពលោក គួរ​បង្កើន​តួនាទី​របស់ខ្លួន និង ចាត់វិធានការ​អោយមាន​ប្រសិទ្ធភាព​ដើម្បី​ទប់ស្កាត់​រាល់​ទង្វើ​ដែល​ប៉ះពាល់​និង​ខូចខាត​រាល់​វត្ថុ​ឬ​ទីតាំង​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​ទាំងនេះ​ផង៕




© រក្សាសិទ្ធិដោយ thmeythmey.com