អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាវាចម្បាំង​ណា​តូ​ចល័ត​ក្បែរ​រុស្ស៊ី ខណៈ​អាមេរិក​បញ្ជូន​ទ័ព​ទៅ​អ៊ុយ​ក្រែ​ន
06, Mar 2015 , 7:00 pm        
រូបភាព
ដោយ:

វត្តមាន​នាវាចម្បាំង​ជាច្រើន​គ្រឿង​របស់​សមាជិក​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅក្នុង​សមុទ្រ​ខ្មៅ បានធ្វើអោយ​ការប្រឈមមុខ​ដាក់គ្នា​កើតឡើង​ខ្លាំង​រវាង​រុស្ស៊ី និង​លោកខាងលិច។ មិនទាន់​ទាំង​បាន​ប៉ុន្មាន​ផង ស្រាប់តែ​អាមេរិក​បានប្រកាស​បញ្ជូន​ទ័ព​បន្ថែម​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន​រាប់រយ​នាក់​ទៀត​ចុង​សប្តាហ៍​នេះ។ រុស្ស៊ី​រិះគន់​លោកខាងលិច ដោយ​អះអាងថា ក្រុម​នេះ​ប្រើប្រាស់​ជម្លោះ​អ៊ុយ​ក្រែ​ន​ដើម្បី​រករឿង​រុស្ស៊ី​ដោយ​កសាង​កម្លាំង​ទ័ព​នៅក្បែរ​ព្រំដែន​រុស្ស៊ី។



ក្រោយពី​មាន​វត្តមាន​នាវាចម្បាំង​បក្សសម្ព័ន្ធ​ណា​តូ​ជាច្រើន​គ្រឿង​នៅក្នុង​សមុទ្រ​ខ្មៅ ស្រាប់​តែមាន​ព័ត៌មាន​បញ្ជាក់ថា​សហរ​ដ្ឋ​អាមេរិក​នឹង​បញ្ជូន​កងទ័ព​រាប់រយ​នាក់​បន្ថែមទៀត​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​បង្វឹក​កងទ័ព​នៅ​ទីនោះ។ នាវាចម្បាំង​ប្រមាណ ៦គ្រឿង​នោះ​មាន​នាវា​របស់​អាមេរិក​ផង រ៉ូ​ម៉ា​នី​ផង កាណាដា ផង ប៊ុល​ការី​ផង និង​តួ​ក​គី​ផងដែរ ហើយ​ការធ្វើដំណើរ​ទៅកាន់​សមុទ្រ​ខ្មៅ​នោះ​គឺ​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​ណា​តូ។

 រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៍​កំពុង​បញ្ជូន​កងទ័ព​ចំនួន ៦០០នាក់​ទៅកាន់​ទឹកដី​អ៊ុយ​ក្រែ​ន​នៅ​ចុង​សប្តាហ៍​នេះ។  បើតាម​ការ​អោយដឹងពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោក AleksandrLukashevich កងទ័ព​អាមេរិក​ដែល​ស្ថិតនៅ​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​ស្រាប់​នោះ​មាន​ប្រហែល ៣០០នាក់​រួចទៅហើយ។ កងទ័ព​ដែល​ត្រូវបញ្ជូន​ទៅ​អឹ​រ៉ុ​ប​ខាងកើត​ជាពិសេស​អ៊ុយ​ក្រែ​ន​នោះ គឺ​ដើម្បី​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​របស់​កម្លាំង​ណា​តូ និង​ផ្តល់​ការហ្វឹកហ្វឺន​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ផង។

គេ​ឃើញ​មានការ​បញ្ជូន​កងទ័ព ប៉ុន្តែ​មិនទាន់​ឃើញ​មានការ​បញ្ជូន​អាវុធយុទ្ធភណ្ឌ​ទៅកាន់​អ៊ុយ​ក្រែ​ន​នោះឡើយ ហើយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ក៏​កំំ​ពុង​ថ្លឹងថ្លែង​មើលថា បើ​បញ្ជូន​សព្វាវុធ​ទៅអោយ​អ៊ុយ​ក្រែ​ន គេ​នឹង​បាន​ប្រយោជន៍​អ្វីខ្លះ​មកវិញ។ យ៉ាងណាក៏ដោយ​លោក អូ​បា​ម៉ា ធ្លាប់​ព្រមាន​ច្រើនដង​ហើយ​ថា រដ្ឋាភិបាល​លោក​នឹង​បំពាក់អាវុធ​ដល់​កងកម្លាំង​រដ្ឋាភិបាល​ក្រុង​គៀវ​ដើម្បី​កម្ទេច​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ដែល​ស្ម័គ្រស្មោះ​នឹង​រុស្ស៊ី ក្នុងករណី​ដែល​រុស្ស៊ី​មិនអាច​ដោះស្រាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​បាន។ ក្រុង​ម៉ូស្គូ​បាន​រិះគន់ និង​ថ្កោលទោស​ក្រុង​វ៉ាស៊ីនតោន​ដែលមាន​ចេតនា ចង់​បញ្ជូន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទៅ​អ៊ុយ​ក្រែ​ន ដ្បិត​វា​គ្មាន​ចំណេញ​អ្វី​ក្រៅពី​បង្កើត​សង្គ្រាម​បង្ហូរឈាម​គ្នា។

ដោយឡែក​ក្រៅពី​វត្តមាន​កងទ័ព​ណា​តូ និង​សព្វាវុធ​ដូចជា​នាវាចម្បាំង​ជាច្រើន​គ្រឿងនៅក្បែរៗព្រំដែន​រុស្ស៊ី គេ​ក៏​ឃើញ​មាន​លំ​ហាត់​យោធា​ច្រើនយ៉ាងប្លែកៗគ្នា​នៅ​តំបន់​បាល់​ទិ​ក​ផងដែរ។ ជា​ឧទាហរណ៍ លំ​ហាត់​យោធា​ដែល​ទើប​ធ្វើឡើង​នៅ​នៅ​អេ​ស្តូ​នី​ក្បែរ​ព្រំដែន​រុស្ស៊ី​កាលពី​ថ្ងៃ ២៤កម្ភៈ​កន្លងទៅ។ លំ​ហាត់​យោធា​រៀបចំឡើង​ចម្ងាយ​ត្រឹម៣០០ម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន ហើយ​មាន​យានយន្ត​ជាច្រើន​រយ​គ្រឿង និង​កងទ័ព​រាប់ពាន់​នាក់​ក្នុងនោះ​មាន​ទ័ព​អាមេរិក​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com