ជាតិ
ជប៉ុនផ្តល់ទឹកប្រាក់ជាង៥៧ម៉ឺនដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង២នៅកម្ពុជា
×
ទឹកប្រាក់ចំនួន ៥៧៦, ៧៤៥ដុល្លារ ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន នឹងត្រូវផ្តល់ទៅឲ្យអង្គការ Japan Team of Young Human Power (JHP) និងសមាគម សម្រាប់ជំនួយ និងសង្គ្រោះ (AAR) នៅកម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាតទូតជប៉ុននៅថ្ងៃសុក្រនេះ ទឹកប្រាក់ចំនួន ២៧០,៨៨៦ដុល្លារ នឹងផ្តល់ទៅឲ្យសមាគម AAR សម្រាប់គម្រោងលើកកម្ពស់ការអប់រំបញ្ចូលគ្នាដល់កុមារពិការ ក្នុងខេត្តកណ្តាល និងទឹកប្រាក់ចំនួន ២៩៥,៨៥៩ដុល្លារ ទៅដល់អង្គការ JHP សម្រាប់ធ្វើឲ្យប្រសើរឡើងនូវបរិស្ថានអប់រំនៅក្នុងសាលារៀន។
សេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយនេះ នឹងធ្វើឡើងក្រោមវត្តមាន លោក យូជិ គូម៉ាម៉ារូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងកញ្ញា សូណូដា តូម៉ូកូ ប្រធានសមាគម AAR និង កញ្ញា យ៉ាកាបេ សាគី អ្នកសម្របសម្រួលគម្រោងនៃអង្គការ JHP ស្ថានទូតជប៉ុន នៅម៉ោង១១ព្រឹក ថ្ងៃទី៩ ខែមីនា នៅសាលប្រជុំធំនៃស្ថានទូតជប៉ុន ៕
© រក្សាសិទ្ធិដោយ thmeythmey.com