អន្តរជាតិ
ពិធី​រៀបការ​មួយ​នៅ​អេ​ហ្ស៊ី​ប យក​ស្ទីល​ប្រហារជីវិត​របស់​ក្រុម ISIS មក​សម្ដែង
06, Mar 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ

កូនកំលោះ​ម្នាក់​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​បានធ្វើ​ឲ្យ​កូនក្រមុំ និង​ភ្ញៀវ​ក្នុង​ពិធី​រៀបការ មានការ​ភ្ញាក់ផ្អើល​និង​ភិតភ័យ​ជាខ្លាំង​ដោយសារតែ​មានការ​សម្ដែង​ជាការ​ចាប់ជំរិត និង​ប្រហារជីវិត​ដែល​យក​ស្ទីល​តាម​ការប្រហារជីវិត​របស់​ក្រុម ISIS មួយ​កើតឡើង​ដោយ​មិន​បានដឹង​មុន នៅពេលដែល​ពិធី​រៀបការ​ជិត​បញ្ចប់​នោះ។



យោងតាម​កាសែត The Guardianការសម្ដែង​នោះ​គឺ​ហាក់ដូចជា​សកម្មភាពពិតៗ ដោយមាន​បុរស​មួយក្រុម ពាក់​ម៉ា​សមុខ​ពណ៌​ខ្មៅ ហើយ​កាន់​កំបិត​ជ័រ ដើរ​សំដៅ​មករក​កូនកំលោះ​កូនក្រមុំ ដែល​កំពុងតែ​អង្គុយ​នៅលើ​ឆាក។ បន្ទាប់មក​ពួគគេ​បាន​នាំយក​ប្ដី​ប្រពន្ធ​មួយគូ​នេះ ដាក់បញ្ចូល​ទៅក្នុង​ទ្រុង​មួយ​ហើយ​ចាក់សោរ​ជាប់។ ពេលនោះ​ឪពុក​របស់​កូនក្រមុំ​ភ័យ​ស្លន់ស្លោ ហើយ​បាន​រត់​ពេញ​បន្ទប់​រៀបការ ព្រោះ​គាត់​គិតថា​កូនស្រី និង​កូនប្រសារ​របស់គាត់ ត្រូវគេ​ចាប់ជំរិត​ពិតមែន​នោះ។

ប៉ុន្តែ​ក្រោយមក នៅពេលដែល​គេ​ដាក់​គូស្នេហ៍​នៅក្នុង​ទ្រុង​រួចមក ក៏មាន​ការចាក់​បទ​ច​ម្រៀ​ង​ញាក់​កន្ត្រាក់​អារម្មណ៍ ហើយ​ទាំង​កូនកំលោះ កូនក្រមុំ អ្នក​សម្ដែង​ជា​ក្រុម​ISIS បាន​រាំ​តាម​បទ​ភ្លេង​នោះ ដើម្បី​បញ្ជាក់ថា​នេះ​គឺជា​ការសម្ដែង​ប៉ុណ្ណោះ ទើប​ភ្ញៀវ​ដែល​ចូលរួម​ក្នុង​ពិធី​រាំ​តាម​ពួកគេ យ៉ាង​សប្បាយរីករាយ​ជាមួយគ្នា​តែម្ដងទៅ។

កូនក្រមុំ​ឈ្មោះ​នាង ShaimaaDeif អាយុ ២៣ ឆ្នាំ បាន​និយាយថា នាង​បាន​គិតទុក​មុន​ថា ស្វាមី​របស់​នាង​គឺ លោក Ahmed Shehata អាយុ ២៥ នឹងធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​ក្នុង​ថ្ងៃ​រៀបការ​របស់​ពួកគេ។ ប៉ុន្តែ​នាង​មិនដែល​រំពឹងទុក​ថា ប្ដី​របស់​នាង​បែរជា​សម្ដែង​បែបនេះ ធ្វើ​ឲ្យ​នាង​ភ្ញាក់ផ្អើល​និង​ភ័យ​ជាខ្លាំង ហួស​ពីអ្វី​ដែល​នាង​បាន​គិតទុក។

ពិធី​រៀប​អាពាហ៍ពិពាហ៍ ដោយ​យក​ស្ទីល​តាម ក្រុម ISIS បែបនេះ​ត្រូវបាន​គេ​ពេញនិយម​ធ្វើ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​ដើម្បី​ជាការ​ចំអក​និង​សម្ដែង​នូវ​កំហឹង​របស់​ពួកគេ ទៅលើ​ក្រុម ISIS ដែល​បាន​កាត់​ក្បាល​ពួក​គ្រី​ស្ទា​ន​ជនជាតិ​អេ​ស៊ី​ប​ចំនួន ២១ នាក់​នៅក្នុង​ប្រទេស​លី​ប៊ី កាលពីពេល​ថ្មី​កន្លងទៅនេះ៕

ទស្សនាវីដេអូ



© រក្សាសិទ្ធិដោយ thmeythmey.com