ជាតិ
មនុស្ស​ប្រមាណ១ពាន់​នាក់​ជួបជុំគ្នា​រៀបចំ​យុទ្ធនាការ​ទីក្រុង​មាន​សុ​វត្តិភាព​សម្រាប់​ស្ត្រី
06, Mar 2015 , 8:30 pm        
រូបភាព

 
ក្រុម​អង្គការ​សង្គម​ស៊ីវិល យុវជន និង​កម្មករ​ប្រមាណ១ពាន់​នាក់ នឹង​ជួបជុំគ្នា​ប្រារព្ធ​យុទ្ធនាការ​ទីក្រុង​មាន​សុ​វត្តិភាព​សម្រាប់​ស្ត្រី នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​អបអរ​ទិវា​នារី​អន្តរជាតិ​លើក​ទី ១០៤ ៨មិនា។ យុទ្ធនាការ​នេះ ប្រារព្ធ​ឡើង​ក្រោម​ពាក្យស្លោក«សំឡេង​អ្នកជា​អំណាច បំបាត់​អំពើហិង្សា​លើ​ស្ត្រី» ដែល​នឹង​ចាប់ផ្តើម​ពី​ម៉ោង៣រសៀល​ដល់​ម៉ោង៧យប់ ។



បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី អុល ពុទ្ធា​វុ​ធ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​របស់​អង្គការ Action Aid Cambodia បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា យុទ្ធនាការ​ទីក្រុង​មាន​សុ​វត្តិភាព​សម្រាប់​ស្ត្រី​នេះ ក្នុង​គោលបំណង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​ហ៊ាន​បញ្ចេញមតិ ចែករំលែក​បទពិសោធ​ន៍ និង​ប្រាប់​ពី​បញ្ហា​ប្រឈម​របស់​ពួកគាត់​នៅតាម​ទីសាធារណៈ ដើម្បី​ឈានទៅ​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី។

អ្នកស្រី​បន្តថា អំពើហិង្សា​លើ​ស្ត្រី​នៅទីនេះ គឺ​មិន​សំដៅ​តែ​អំពើហិង្សា​ក្នុង​គ្រួសារ​លើ​ស្ត្រី​នោះទេ ប៉ុន្តែ​សំដៅ​ទៅលើ​ការរំលោភបំពាន​ផ្លូវភេទ ការរើសអើង ការប្រើប្រាស់​ពាក្យសម្តី​មិន​សមរម្យ ឬ​កាយវិការ​មើលងាយ​ជាដើម។

សូមបញ្ជាក់ថា​នៅក្នុង​យុទ្ធនាការ​នេះ ក៏មាន​ការចែក​ខិតប័ណ្ណ​និយាយ​អំពី​បញ្ហា​ប្រឈម​របស់​ស្ត្រី និង​ផល​អវិជ្ជមាន​មួយចំនួន​នៅពេលដែល​ស្ត្រី​មិនត្រូវ​បាន​គេ​ឲ្យ​តម្លៃ ហើយ​អ្នកចូលរួម​ទាំងអស់ នឹង​ទទួលបាន​អាវយឺត​ពណ៌​ស្វាយ​ម្នា​ក់មួយ ដែល​ពណ៌​ស្វាយ​នេះ តំណាង​ឲ្យ​ពណ៌​របស់​យុទ្ធនាការ​ទីក្រុង​មាន​សុ​វត្តិភាព​សម្រាប់​ស្ត្រី និង​តំណាង​ឲ្យ​ស្ត្រី និង​ការផ្លាស់ប្តូរ៕
 



© រក្សាសិទ្ធិដោយ thmeythmey.com