ជាតិ
សង្គមជាតិ
យោធា​អាមេរិក និង​យោធា​កម្ពុជា​ផ្តើម សមយុទ្ធ​មនុស្សធម៌​នៅ​ថ្ងៃ​សៅរ៍​នេះ
07, Mar 2015 , 6:24 am        
រូបភាព
លោកឧត្តមសេនីយ​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ឱកាស​បើក​សមយុទ្ធ​ឆ្មាំអង្គរ ឆ្នាំ​​២០១៤
លោកឧត្តមសេនីយ​ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ក្នុង​ឱកាស​បើក​សមយុទ្ធ​ឆ្មាំអង្គរ ឆ្នាំ​​២០១៤
កងទ័ព​កម្ពុជា និង​កងទ័ព​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក បានចាប់ផ្តើម​សមយុទ្ធ​ប្រចាំឆ្នាំ នៅ​ថ្ងៃ​សៅរ៍​នេះ ដើម្បី​ហ្វឹកហាត់​ការផ្តល់​ជំនួយ​មនុស្សធម៌។ សមយុទ្ធ​រយៈពេល២សប្តាហ៍​នេះ ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ខេត្តកំពង់ស្ពឺ។


សមយុទ្ធ​ឆ្មាំ​អង្គរ គឺជា​សមយុទ្ធ​ទ្វេភាគី​ប្រចាំឆ្នាំ​របស់​យោធា​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​យោធា​កម្ពុជា។ ឆ្នាំ២០១៥នេះ គឺជា​ឆ្នាំ​ទី៦ហើយ ដែល​កងទ័ព​ទាំងពីរ​ត្រូវ​ហ្វឹកហាត់​រួមគ្នា​ដើម្បី​ពង្រឹងសមត្ថភាព​រក្សា​សន្តិភាព និង​ជំនួយ​មនុស្សធម៌។ សមយុទ្ធ​ដែល​ត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី៧មីនា នឹង​បញ្ចប់​នៅ​ថ្ងៃទី២០មីនា ត្រូវ​រៀបចំ​ធ្វើ​នៅក្នុង​ខេត្តកំពង់ស្ពឺ។ ប៉ុន្តែ​ពិធី​បើក​សមយុទ្ធ​ផ្លូវការ​នឹងត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី៩ខែមីនា។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា សមយុទ្ធ​នេះ​នឹង​ផ្តោតលើ​ប្រតិបត្តិការ​ផ្តល់ជំនួយ​ក្នុង​គ្រោះមហន្តរាយ និង​ជំនួយ​មនុស្សធម៌ តាមរយៈ​សកម្មភាព​ហ្វឹកហ្វឺនសំខាន់ៗដូចជា លំ​ហាត់​នៅ​ប៉ុ​ស្ត​បញ្ជាការ គំរោង​សកម្មភាព​វិស្វករ​បម្រើ​ជន​ស៊ីវិល ការផ្លាស់ប្តូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​វិស្វករ​ឯកទេស ការ​កំចាត់​គ្រឿងផ្ទុះ ការផ្លាស់ប្តូរ​ផ្នែក​សិក្សា​ស្រាវជ្រាវ​នៃ​អ្នកឯកទេស​ទាក់ទង​នឹង​ការតស៊ូ និង​ប្រតិបត្តិការ​នៅក្នុង​ព្រៃ​ជាដើម។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​សរសេរ​បន្ត ដោយ​រៀបរាប់​អំពី​សកម្មភាព​ហ្វឹកហាត់ លំ​ហាត់​នៅ​ប៉ុ​ស្ត​បញ្ជាការ​ផងដែរ។ លំ​ហាត់​ទាំងនេះ​រួមមាន៖ ការសិក្សា​ស្រាវជ្រាវ​ស្តីពី​ការ​ផ្តល់ជំនួយ​ក្នុង​គ្រោះមហន្តរាយ​និង​ជំនួយ​មនុស្សធម៌​ក្នុង​លក្ខណៈ​លំអិត ការកសាង​ក្រុម​ខ្លាំង និង​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ការងារ​បុគ្គលិក ហើយ​និង​ការហ្វឹកហ្វឺន​តាម​ប្រព័ន្ធ​ទាក់ទង និង​តាម​កុំព្យូទ័រ​ជាក់ស្តែង​ដែល​ចាំបាច់​សំរាប់​បំពេញបេសកកម្ម​ស​និ្ត​សុខ​ដែលមាន​ភាពស្មុគស្មាញ។

គួររម្លឹកថា កងកម្លាំង​យោធា​របស់​សហរដ្ឋអាមេរិក និង​កម្ពុជា​ប្រមាណ១ពាន់​នាក់​បាន​ចូលរួម​ក្នុង​សមយុទ្ធ​ឆ្មាំ​អង្គរ​កាលពី​ឆ្នាំ២០១៤កន្លងទៅ។ នៅក្នុង​ក្របខណ្ឌ​នៃ​ការ​ពង្រីង​ទំនាក់ទំនង​ទ្វេភាគី សហ​រដ្ឋា​អាមេរិក​បាន​បន្ថែម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​យោធា​ជាមួយ​កម្ពុជា។ ក្រៅពី​សមយុទ្ធ​យោធា​នេះ កង​ម៉ា​រី​ន​របស់​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​នានា​តែ​បាន​ចូលមក​ផ្តល់ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​កម្ពុជា​ដែល​រស់នៅក្នុង​តំបន់​ជាប់​សមុទ្រ​របស់​កម្ពុជា។ សកម្មភាព​ទាំងនោះ​រួមមាន ការព្យាបាល ការជួយ​ជួសជុល​មណ្ឌល​សុខភាព សាងសង់​ផ្ទះ ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com