ពិភពតារា៖ កែម សុខ​ពិសី ម្តាយ​ដាក់​បំរាម​មិន​ឲ្យ​ច្រៀង​ពេលយប់
11, Mar 2015 , 9:38 am        
រូបភាព
ដោយ:

ភ្នំពេញ៖ តារា​ម៉ូ​ដែល​និង​ចម្រៀង នាង កែម សុខ​ពិសី វ័យ២៤ឆ្នាំ ថ្មីៗនេះ​បាន​អះអាងថា នាង​មិន​ចេញ​ច្រៀង​នៅតាម​ភោជនីយដ្ឋាន​នោះទេ ព្រោះ​ការ​ច្រៀង​យប់​ពេក​គ្មាន​អ្នក​ជូន​ទៅមក​ម្ល៉ោះហើយ​ម្តាយ​នាង​មិន​អនុញ្ញាត​ទេ តែបើ​ឡើង​ច្រៀង​ជា​កិត្តិយស​នៅតាម​ស្ថានីយទូរទស្សន៍​គឺ​ម្តាយ​នាង OK ។



ការ​ប្រឡូក​ខ្លួន​ចូលក្នុង​ពិភព​សិល្បៈ​សម្តែង​ដើរ​ម៉ូដ និង​ច្រៀង​នេះ ពិសី ប្រាប់ថា ដោយសារតែ​នាង​មាន​ឧបនិស្ស័យ​ស្រឡាញ់​សិល្បៈ​តាំងពី​ដឹងក្តី​មក។ នៅ​ឆ្នាំ២០០៣ នាង​បាន​ចូល​ហ្វឹក​ហាត់រៀន​សម្តែង ច្រៀង និង​ថត​សំឡេង​ឱ្យ​ផ​លលិត​កម្ម​យូ​ធូ​បាន​ប្រហែល១០បទ។ ក្រោយមក​នាង​ក៏​ចេញ​សម្តែង​ថត​កាយវិការ​ខារ៉ាអូខេ​ឱ្យ​ផលិតកម្ម ក្រៅប្រទេស​មួយចំនួន និង​សម្តែង​ថត​ស្ប៉ត​រឿងខ្លីៗ បែប​អប់រំ​សុខភាព និង​ការយល់ដឹង​ពី​សង្គមផ្សេងៗឱ្យ​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួនទៀត ។

ក្រៅពីនេះ​ម្តងម្កាល ពិសី​តែងតែ​ឡើង​ច្រៀង​ជា​កិត្តិយស​នៅលើ​ឆាក​ប្រគំ​តន្ត្រី ចុង​សបា្តហ៍​តាម​ស្ថានីយទូរទស្សន៍​នានា ដូចជា​ទូរទស្សន៍ប៉ុស្តិ៍​លេខ៣  ប៉ុស្តិ៍​លេខ១១ និង​សម្តែង​ដើរ​ម៉ូដ​តាម​បណ្តា​ក្រុមហ៊ុន​នានា​ផងដែរ ។ សព្វថ្ងៃ ក្រៅពី​ខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ និង​ឆ្លៀត​ពេលទំនេរ​ចេញ​ថត​ខារ៉ាអូខេ និង​ថត​ស្ប៉​តទៅ​ថ្ងៃ​អនាគត នាង​ចង់​បង្កើត​ការងារ​រកស៊ី​ដោយ​ខ្លួនឯង គឺ​ចង់​បើក​ហ្គា​រ៉ា​ស​ជួសជុល​រថយន្ត ។

នៅពេល​សួរថា តើ​កន្លងមក និង​សព្វថ្ងៃ​នាង​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ស្នេហា​ហើយ​ឬ​នៅ? កញ្ញា​កែម សុខ​ពិសី ឆ្លើយ​ទាំង​ញញឹម​ថា «នាង​ខ្ញុំ​មាន​បេះដូង​ក្រពុំ​ស្អាត​ល្អ​ណាស់ តាំងពី​ពេញវ័យ​មក មិនដែល​មាន​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​បុរស​ណា​ម្នាក់ នៅឡើយ​ទេ ហើយក៏​មិនទាន់​ចង់បាន​ដែរ ព្រោះ​ជាប់រវល់​ការងារ​ច្រើន គឺ​រវល់​សិក្សា​ផង ការងារ​ក្រុមហ៊ុន​ផង និង​ការងារ​សិល្បៈ​ផងដែរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com