ពិភពតារា៖ ឈឹម តារាវត្តី កាក់កបតែរឿងតួម្តាយ
×
ភ្នំពេញ៖តារាសម្តែងវ័យក្មេង នាង ឈឹម តារាវត្តី ត្រូវបានគេកត់សម្គាល់ឃើញថា ភាគច្រើនតារា រូបនេះសម្តែងជាតួចំណាស់ តួម្តាយ ឬតួភរិយាគេប៉ុណ្ណោះ តែនាងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ នាងបានចូលប្រឡូកសិល្បៈកាលពីឆ្នាំ ២០០៨ និងថតភាពយន្តលើកដំបូងក្នុងរឿង “ទាយាទអាសិរពិស” ប៉ុន្តែដោយសារជាប់រវល់ការសិក្សា នាងក៏ផ្អាកទៅវិញ។
បើទោះជាត្រូវផ្អាកការងារសម្តែងមួយរយៈ ប៉ុន្តែលុះដល់ឆ្នាំ ២០១១ តារាវ័យ២៣ឆ្នាំរូបនេះ ឈានជើងចូលប្រឡូកសារជាថ្មី ដោយថតបានរឿងមួយចំនួន មានដូចជា រឿង “ឈូកក្នុងបឹងភក់”, រឿង “ផ្ការីកពេញរដូវ” , រឿង “សេដ្ឋីវ័យក្មេង”, សម្តែងតួភរិយាគេ, រឿង “ស្នេហ៍ក្លែងកាយ” សម្តែងតួម្តាយ , រឿង “សន្យាស្នេហ៍” សម្តែងតួភរិយាគេ និងកំពុងថតរឿងចុងក្រោយ “អស្ចារ្យណាស់ប្តីខ្ញុំ” សម្តែងជាតួភរិយាលោក យុទ្ធារ៉ា ឆានី។
ឈឹម តារាវត្តី បញ្ជាក់ប្រាប់ថា សព្វថ្ងៃ នាងនៅមិនទាន់មានគូកំណាន់ចិត្ត ឬសង្សារនៅឡើយទេ ប៉ុន្តែកន្លងមក នាងក៏ធ្លាប់មានគូដណ្តឹងម្តងដែរ តែត្រូវដាច់គ្នាទៅវិញ ដោយសារមើលទៅមិនអាចរស់នៅចុះសម្រុងគ្នាជាប្តីប្រពន្ធទៅអនាគតបាន។ លើសពីនេះ នាងថា ដោយសារតែមួយរយៈមានគូដណ្តឹងនោះហើយ ទើបនាងត្រូវផ្អាកការសិក្សាមួយរយៈ ដោយសារគូដណ្តឹងឲ្យនាងឈប់រៀន។ ប៉ុន្តែ ក្រោយបែកពីគូដណ្តឹង នាងក៏បានចូលបន្តការសិក្សាវិញ ដែលសព្វថ្ងៃ ជានិស្សិតឆ្នាំទី៤ នៅសាលា NUMសិក្សាផ្នែកជំនួញ ។
ឈឹម រាតាវត្តី មានស្រុកកំណើតនៅរាជធានីភ្នំពេញ នាងមានបងប្អូន៦នាក់ ស្រី៣នាក់ ជាកូនទី៥ ។ នាងជាកូនកំព្រាឪពុកតាំងពីអាយុ៣ឆ្នាំ ដោយសារឪពុកម្តាយបែកបាក់គ្នា រហូតមកដល់ពេលនេះ ម្តាយនាងនៅមេម៉ាយ និងទទួលបន្ទុកចិញ្ចឹមកូនទាំងអស់៕
© រក្សាសិទ្ធិដោយ thmeythmey.com