កម្មវិធីកម្សាន្ត និងវប្បធម៌ចំនួន ១២ នឹងរៀបចំក្នុងអង្គរសង្ក្រាន្ត ២០១៥
×
ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០១៥ នេះ នៅលើទឹកដីខេត្តសៀមរាប។ ព្រឹតិ្តការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងមានកម្មវិធីកម្សាន្ត វប្បធម៌ច្រើនជាងឆ្នាំមុនៗ ដើម្បីចូលរួមសាទរពិធីបុណ្យចូល ឆ្នាំប្រពៃណីជាតិខ្មែរ ក៏ដូចជាផ្សព្វផ្សាយវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ពិភពលោក។
នៅក្នុងសន្នីសិទ្ធសារព័ត៌មានរបស់សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី១២ មីនា កន្លងមកនេះ លោក សោម រតនា អ្នកនាំពាក្យព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានឲ្យដឹងថា ការរៀបចំកម្មវិធីក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៥ មានចំនួន ១២កម្មវិធី។
លោកបន្ថែមថា ព្រឹត្តិការណ៍អង្គសង្ក្រាន្ត នឹងមានការរៀបចំតាំងពិពរណ៍ផលិតផលយក្ស ល្បែងប្រជាប្រិយ និងមានកម្មវិធីសប្បាយៗជាច្រើនទៀត ក្នុងនោះរួមមាន ទី១ កម្មវិធីភូមិខ្ញុំ ដែលមានជាលំនៅឋានចំនួន ៥ខ្នង ហើយកម្មវិធីនេះធ្វើឡើងនៅទីលានជល់ដំរី។ ទី២ កម្មវិធីនិម្មិតភូមិ ជាកម្មវីធីបង្ហាញពីទិដ្ឋភាពរួម នៃការកកើតឡើងទីក្រុងអង្គរ ហើយកម្មវីធី នេះធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត។
ទី៣ កម្មវិធីសាសនា បង្ហាញពីទិដ្ឋភាពរួមនៃទំនៀមទំលាប់ ប្រពៃណី ជំនឿ និងសាសនា។ទី៤ កម្មវិធីល្បែងប្រជាប្រិយ ជាកម្មវិធីបង្ហាញពីល្បែងប្រជាប្រិយខ្មែរមាន (ចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ដណ្តើមស្លឹកជាដើម) ហើយកម្មវិធីនេះធ្វើឡើងនៅមុខប្រាសាទ អង្គរវត្ត និងតំបន់ត្រពាំងសេស។ ទី៥ កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ ជា កម្មវិធីបង្ហាញពីទស្សនីយភាពរបាំទាំង ១៩របាំ និងការបង្ហាញពីមូលដ្ឋាននៃសិល្បៈរបាំខ្មែរ ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ កម្មវិធីនេះធ្វើឡើងនៅមុខកសិណអង្គរខាងត្បូង ទីតាំងល្បែងប្រជាប្រិយ និងត្រពាំងសេស។ ទី៦ កម្មវិធីតំបន់ត្រជាក់ចិត្ត ជាកម្មវិធីបង្ហាញពីល្បែងកំសាន្តទាំង ៩ (បបរកញ្ញាធ្លាក់ទឹក ឡើងសសរខ្លាញ់ ស្វាដណ្តើមពាង ទួលក្អមរត់ប្រណាំងកាន់តយទឹកត្នោត និងតក់ៗពេញកែវជាដើម។ កម្មវិធីនេះធ្វើឡើងនៅតំបន់ត្រពាំងសេស។
ទី៧ កម្មវិធីដង្ហែអង្គរសង្ក្រាន្ត ជាកម្មវិធីមួយដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី កម្មវិធីនេះធ្វើឡើងនៅ លានជល់ដំរី។ ទី៨ កម្មវិធីគុនល្បុក្កតោ ជាកម្មវិធីបង្ហាញ និងផ្សព្វផ្សាយអពីក្បាច់គុន ល្បុក្កតោ ជូនភ្ញៀវទេសជាតិ និង អន្តរជាតិទស្សនា។ កម្មវិធីនេះធ្វើឡើងនៅមុខ កសិណអង្គរ។ ទី៩ កម្មវិធីពិពរណ៍ និងប្រកួតប្រជែងរូបថត អច្ឆរិយៈអង្គរសង្ក្រាន្ត ជាកម្មវិធីបង្ហាញពីទេពកោសល្យ និងភាពប៉ិនប្រសព្វក្នុង ការថតរូបដែលរំលេចពីភាពសប្បាយរីករាយរបស់មហាជន ដែលចូលរួមក្នុង ព្រឹត្តិការណ៍ ហើយនិងកម្មវិធីប្រកួតប្រជែងរកម្ចាស់ជើងឯកថតរូបស្អាតតាមប្រធានបទ កម្មវិធីនេះធ្វើឡើងនៅកសិណខាងមុខអង្គរវត្ត។
ទី១០ កម្មវិធីពិព័រណ៍ពាណិជ្ជកម្ម ឧស្សាហកម្ម សិប្បកម្ម និងម្ហូបអាហារ ជាកម្មវិធីបង្ហាញពីការតាំងពិព័រណ៍ផលិតផលកសិកម្ម ឧស្សាហកម្ម សិប្បកម្ម និងសេវាកម្មនានា កម្មវិធីនេះធ្វើឡើងនៅបិរវេនអង្គរវត្ត។ ទី១១ កម្មវិធីផលិតផល សហភាពសហព័ន្ធយុវជនកម្ពុជា ជាកម្មវិធីដែលដាក់តាំងបង្ហាញផលិតផលរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(អាវយឺតអង្គរសង្ក្រាន្ត អាវអាចារ្យ ខោចែវ មួកអង្គរសង្ក្រាន ខ្សែដៃសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រមាជាដើម) កម្មវិធីនេះធ្វើឡើងនៅបរិវេណអង្គរវត្ត។ និងទី១២ គឺកម្មវិធីគោមបណ្តែតទឹក កម្មវិធីបង្ហាញពីការបណ្តែតគោមនៅលើផ្ទៃទឹក ដើម្បីបួងសួងសុំសេចក្តីសុខ ក្នុងឪកាសបុណ្យចូលឆ្នាំថ្មី កម្មវិធីនេះធ្វើឡើងនៅកសិណអង្គរវត្ត។
អ្នកនាំពាក្យព្រឹត្តិការណ៍អង្គសង្ក្រាន្ត លោក សោម រតនា រំពឹងថា ព្រឹត្តិការណ៍អង្គសង្ក្រាន្ត ឆ្នាំ ២០១៥នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាង កន្លះលាននាក់។
បើតាមរបាយការណ៍របស់អាជ្ញាធរអប្សរា ព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ ២០១៤ ទទូលបានភ្ញៀវទេសចរណ៍ជាង ៤សែននាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិជាង ២ម៉ឺននាក់ ដែលកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០១៣ ។ តាមរយៈទិន្នន័យនេះ កម្ពុជា ពិសេសខេត្តសៀមរាបផ្ទាល់ ទទួលបានចំណូលសេដ្ឋកិច្ចជាង ៣០លានដុល្លារអាមេរិក៕
© រក្សាសិទ្ធិដោយ thmeythmey.com