ជាតិ
សង្គមជាតិ
រួមគ្នា​ដាំ​ដើមឈើ ហើយ​សូមកុំ​បន្ទោស​រៀមច្បង!
15, Mar 2015 , 3:52 pm        
រូបភាព
ក្រុមនិស្សិត​ច្បាប់​ផ្នែក​ភាសា​បារាំង បានរៀបចំ​ពិធី​សម្អាត​ឆ្នេរ និង​ដាំ​កូនឈើ​ដើម្បី​បរិស្ថាន នៅ​ខេត្ត​ព្រះសីហនុ។ ក្រុមនិស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច មាន​គ្នា​ប្រមាណ១៥០នាក់ បានរៀបចំ​ដំណើរ​កម្សាន្ត ប្រចាំឆ្នាំ ដែលមាន​រយៈ៣ថ្ងៃ​នៅក្នុង​ខេត្ត​ជាប់​សមុទ្រ​របស់​កម្ពុជា។


ជា​អ្នករៀបចំ​កម្មវិធី​ម្នាក់ យុវ​និស្សិត ហេង ឧ​ត្ត​ម បាន​ថ្លែង​ទៅកាន់​សិស្ស​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា៖ «សូមកុំ​បន្ទោស​រៀមច្បង ឬ​អ្នក​ជំនាន់​មុន​ថា មិន​បន្សល់ទុក​អ្វី​ឲ្យ​អ្នក! ឬថា អ្នក​ទាំងនោះ ជា​អ្នក​បំផ្លាញ​ធនធានធម្មជាតិ និង​កាប់​ព្រៃឈើ! តែ​ត្រូវ​សួរ​ខ្លួន​យើង​ថា យើង​បានធ្វើ​អ្វីខ្លះ​សម្រាប់​អនាគត​កម្ពុជា និង​អ្នកជំនាន់ក្រោយ»?  យុវ​និស្សិត​រូបនេះ ចង់​ឲ្យ​ប្រជាជន​ខ្មែរ ពិសេស​យុវជន​ចូលរួម​ដាំ​កូនឈើ​ឲ្យ​បាន​ច្រើន បើ​យ៉ាងហោចណាស់ ឲ្យ​បាន​ម្នាក់១ដើម​ដែរ ដើម្បី​អនាគត​បរិស្ថាន​ល្អ​និង​អ្នកជំនាន់ក្រោយ។

កូនឈើ​មានតម្លៃ ប្រភេទ បេង ក្រញូង ឈើទាល រំដួល ជាង៣០០ដើម ត្រូវបាន​ដឹកជញ្ជូន​ពី​រាជធានី​ភ្នំពេញ ទៅ​ដាំ​នៅ​វិទ្យាល័យ​ហ៊ុនសែន​មិត្តភាព និង​សាលា​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ដុន​បូ​ស្កូ។ កម្មវិធី​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១៣មីនា​និង​បញ្ចប់​នៅ​ថ្ងៃអាទិត្យ ទី១៥មីនា​នេះ ក្រោម​ការគាំទ្រ​ពី លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួច ម៉េង​លី, ក្រុមហ៊ុន​កូកាកូឡា (CocaCola), ក្រុមហ៊ុន ណាហ្គា​វើ​ល (Naga World) និង​ក្រុមហ៊ុន​ទេសចរណ៍ All dream Cambodia ព្រមទាំង​សប្បុរសជន​មួយចំនួនទៀត។

គួរ​ជម្រាបជូន​ផងដែរ ក្រៅពី​លំហែ​កម្សាន្ត សម្តែង​សិល្បៈ​បុរាណ​ខ្មែរ សិល្បៈ​សម័យ ការដាំ​កូនឈើ និង​សម្អាត​បរិស្ថាន​នៅ​ឆ្នេរសមុទ្រ ពួកគេ​បានរៀបចំ​អំណោយ​សប្បុរសធម៌​ជូន មណ្ឌលកុមារ​កំព្រា​មួយ នៅ​ខេត្តកំពង់ស្ពឺ​ទៀតផង៕



© រក្សាសិទ្ធិដោយ thmeythmey.com