សង្គមអន្តរជាតិ​
អន្តរជាតិ
បវរកញ្ញា​កូនកាត់​បង្ក​ភាពចម្រូងចម្រាស​នៅ​ជប៉ុន
19, Mar 2015 , 9:57 am        
រូបភាព
ដោយ:
កាលពី​ថ្ងៃ១២មិនា ជប៉ុន​បានសម្រេច​ជ្រើសរើស​កញ្ញា Ariana Miyamoto អោយ​ជាប់​ឈ្មោះ​ជា​បវរកញ្ញា​ប្រចាំ​ប្រទេស​ឆ្នាំ២០១៥ ។ ប៉ុន្តែ ការជ្រើសរើស​នេះ​បាន​បង្ក​ភាព ចម្រូងចម្រាស​ពេញ​ស្រុក ដោយសារតែ​បវរកញ្ញា​រូបនេះ​មិនមែនជា​ជនជាតិ​ជប៉ុន១០០ភាគរយ។ នាង​ជា​កូនកាត់​ជប៉ុន-អាមេរិក។


នេះ​ជា​លើកដំបូង​បង្អស់​ហើយ ដែល​ជប៉ុន​មាន​បវរកញ្ញា​ជា​កូនកាត់។ Ariana Miyamoto អាយុ២០ឆ្នាំ កំពស់១,៧៣ម៉ែត្រ មាន​ឳ​ពុក​ជា​ជនជាតិ​អាមេរិកាំង​ស្បែក​ខ្មៅ និង​ម្តាយ​ជនជាតិ​ជប៉ុន។ នាង​នឹង​តំណាង​ប្រទេស​ជប៉ុន​ចូលរួម​ការប្រកួត​បវ​រ​កញ្ញា​ចក្រ​វា​ឡ២០១៥ ។ ការជ្រើសរើស​Ariana Miyamoto អោយ​ជាប់​ឈ្មោះ​ជា​បវរកញ្ញា​ជាតិ បានធ្វើអោយ​អ្នកជាតិ​និយមជ្រុល​មួយចំនួន​ខកចិត្ត​ជាខ្លាំង។ ពួកគេ​បាន​ហៅ​Ariana ដោយ​ប្រើពាក្យ​ជាតិនិយម​ក្នុង​ភាសា​ជប៉ុន​ថា hafu មានន័យថា ជនជាតិ​ជប៉ុន​ពាក់កណ្តាល។ អ្នក​បណ្តាញ​សង្គម មួយចំនួន​សរសេរ​ប​ង្ហា​ញ​ពី​បំណង​ចង់ឃើញ​បវរកញ្ញា​ជា​ជនជាតិ​ជប៉ុន​សុទ្ធសាធ។ អ្នកខ្លះ​ថែមទាំង​សរសេរថា ការវិនិច្ឆ័យ​ជ្រើសរើស​នេះ​មាន​ភាពអាថ៌កំបាំង​ទៀតផង។

មិន​ពិបាក​នឹង​ឆ្ងល់​ឡើយ ដែល​បវរកញ្ញា​កូនកាត់​បង្ក​ភាពចម្រូងចម្រាស​ក្នុងស្រុក​ជប៉ុន ព្រោះ​បើ​មើលទៅ ប្រជាជន​ជប៉ុន​ជា​កូនកាត់ មាន​អត្រា​តិចជាង២ភាគរយ ក្នុងចំណោម​ប្រជាជន​សរុប​ក្នុងស្រុក​ជាង១២៧លាន​នាក់។ ដោយឡែក ក៏មាន​ប្រជាជន​មួយចំនួន​យល់ស្រប​នឹង​ការជ្រើសរើស​កញ្ញា​Ariana Miyamoto ជា​បវរកញ្ញា​ជាតិ​ផងដែរ។ ពួកគេ​យល់ថា ការជ្រើសរើស​នេះ​សបញ្ជាក់​ពី​ភាព​បើកចំហ​និង​ការអនុគ្រោះ។ ក្នុងពេល​ប្រកួត គេ​បាន​សួរ​កញ្ញា​Ariana Miyamoto ថា តើ​អ្នកណា​ជា​អ្នកមាន​ឥទ្ធិពល​ចំពោះ​នាង? នាង​ឆ្លើយថា គឺ Mariah Carey ព្រោះ​គាត់​បាន​ឆ្លងកាត់​ការលំបាក​ជាច្រើន មុននឹង​ក្លាយជា​អ្នកចម្រៀង​ដ៏​មាន​ប្រជាប្រិយ។ នាង​បាន​ប្រដូច​ខ្លួន​នាង​ទៅនឹង​អ្នកចម្រៀង​រូបនេះ ដោយបាន​លើកឡើង​ពី​ការតស៊ូ​ប្រឈម​នឹង​ការប្រកាន់​ពូជសាសន៍៕


© រក្សាសិទ្ធិដោយ thmeythmey.com