ពិភពតារា៖ ថន តារា​ពី​ក្មេង​លក់​ការ៉េម​ក្នុង​សាលា ក្លាយជា​តារា​សិល្បៈ
19, Mar 2015 , 10:12 am        
រូបភាព
ដោយ:


ភ្នំពេញ៖ អតីត​ពិធី​ការិនី​កម្មវិធី “មរតក​សំនៀង” របស់​ស្ថានីយទូរទស្សន៍​អប្សរា នាង ថន តារា ដែល​គេ​ស្គាល់​ច្បាស់​ថា នាង​ជា​បងស្រី​បង្កើត​របស់​ពិធី​ការិនី​សម្បូរ​សំណើច និង​វោហារ​ស័ព្ទ គឺ​កញ្ញា ថន លក្ខិណា គេ​នៅ​មិនទាន់​ជ្រាប​ទេ​ថា តារា​រូបនេះ មាន​ប្រវត្តិ​យ៉ាងណា​មុន​ចូល​សិល្បៈ​នោះ។ ខាងក្រោម​នេះ ជា​ឆាកជីវិត​ពិត​របស់​នា​ង។



ជួប​សម្ភាសន៍​ជាមួយ កញ្ញា ថន តារា កាលពីពេល​កន្លងទៅ នាង​បាន​បរិយាយ​ពី​ជីវិត​ពិត​ឲ្យ​ដឹងថា នាង​កើត​នៅ​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ១៩៨៧  មាន​ស្រុកកំណើត​នៅ​ខេត្ត កោះកុង មាន​បងប្អូន៤នាក់ ស្រី៣ ប្រុស១ នាង​ជា​កូន​ទី៣ រីឯ ថន លក្ខិណា ជា​កូនពៅ​នៅក្នុង​គ្រួសារ។ នាង​មាន​ឪពុក​ឈ្មោះ លី ថន អាយុ៥៩ ឆ្នាំ មុខរបរ​ដាំ​បន្លែ និង​ម្តាយ​ឈ្មោះ យ៉ិ​ន សុផាន អាយុ ៥៧ ឆ្នាំ មុខរបរ មេផ្ទះ។

កញ្ញា ថន តារា បន្ត​ឲ្យ​ដឹងថា បច្ចុប្បន្ន បើ​មើ​លពី​ជីវភាព​ខាងក្រៅ គ្មាន​អ្នកណា​ដឹងថា នាង និង​ក្រុមគ្រួសារ​មាន​ជីវភាព​លំបាក​យ៉ាងណា​នោះទេ កាលពី​អតីតកាល។មុន​គ្រប់​អាយុ​ចូល​សាលា នាង​មាន​ជីវភាព​ធូរធា​គ្រាន់បើ ប៉ុន្តែ​នៅពេលដែល​នាង​គ្រប់​អាយុ​ចូលរៀន​នៅ​បឋមសិក្សា បាក់​ខ្លង បាន២ឆ្នាំ គ្រួសារ​នាង​ក៏​ធ្លាក់ខ្លួន​ក្រខ្សត់ ដោយសារ​ចាញ់បោក​គេ។ គ្រានោះ​ហើយ ដែល​នាង​ត្រូវ​បង្ខំចិត្ត​រៀន​ផង លក់​ការ៉េម​ផង​នៅឯ​សាលារៀន ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ការសិក្សា។ លុះ​ត្រូវ​បន្តទៅ​វិទ្យាល័យ នាង​ត្រូវ​ជិះ​អូ​ប៊័រ​ទៅ​រៀន​នៅ វិទ្យាល័យ ដងទង់ ដែល​ត្រូវ​រង​ការលំបាក​សព្វបែបយ៉ាង ទាំង​ជីវភាព និង​ការធ្វើដំណើរ ពិសេស​គឺ​នៅ​រដូវវស្សា ដូច្នេះហើយ ទើប​នាង​រៀន​មិន​ទាំង​ចប់​ថ្នាក់​ទី១២ផង។

នៅ​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០០៥ គ្រួសារ​នាង​បាន​ឡើងមក​រស់នៅ​ភ្នំពេញ ប៉ុន្តែ​ឪពុក​នាង នៅឯ​ខេត្តកោះកុង​ម្នាក់ឯង ដោយ​ប្រក​បរបរ​ដាំ​បន្លែ ដែលជា​ការងារ​មួយ​ស៊ាំ​នៅក្នុង​ឆាកជីវិត​គាត់​ទៅហើយ។ ទោះជា​បែបណា​នាង​ថា យូរៗម្តង នាង​តែង​ផ្ញើ​ប្រាក់​ទៅ​ឪពុក​ដើម្បី​ចាយវាយ​ផងដែរ។

ក្នុង​វ័យ ២៧ ឆ្នាំ ថន តារា ប្រាប់ថា ពេលនេះ នាង​នៅ​មិនទាន់មាន​គូ​កំណាន់ចិត្ត​អី​នៅឡើយ​ទេ ប៉ុន្តែ​ក៏មាន​អ្នក​ស្រលាញ់​ដែរ មាន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។ តារា បញ្ជាក់​ប្រាប់ថា កន្លងមក ក៏មាន​បុរស​ម្នា​ក់នៅ​អាមេរិក ស្គាល់​នាង​តាម​អ៊ិន​ធើ​ណេ​ត បាន​ពោល​ពាក្យ​លែបខាយ​សុំ​ស្នេហ៍​នាង តែដោយសារ​នាង​មិន​យកចិត្តទុកដាក់ ទើប​បុរស​នោះ​ប្រើពាក្យ​ថា ម៉េច​ក៏​ព្រងើយកន្តើយ មិន​ឆ្លើយតប​ចំពោះ​គេ? តារា ក៏បាន​តប​វិញ​ថា អ្នក​គ្មាន​សិទ្ធិ​អ្វី​មក​បញ្ជា​ខ្ញុំ​នោះទេ!..។ ដោយសារ​ការស្តីបន្ទោស​ជាច្រើន​របស់​នាង ទើប​បុរស​នោះ​ដកឃ្លា​ទៅវិញ​លែង​ហ៊ាន​តបត។ យ៉ាងណាក្តី តារា ប្រាប់ថា នាង​ក៏​មិនមែនជា​មនុស្ស​ស្លូត​ប៉ុន្មាន​ដែរ ប៉ុន្តែ​ក៏​កាច​សម្រាប់តែ​មនុស្ស​ណា​ដែល​ទ្រគោះបោះបោក​មកលើ​នាង​មុន​ប៉ុណ្ណោះ។

ដោយឡែក នៅក្នុង​ស្រុក នាង​ថា ក៏មាន​បុរស​តាម​ស្រលាញ់​នាង​ដែរ ប៉ុន្តែ​ភាគច្រើន សុទ្ធតែជា​ប្រភេទ​មនុស្ស​ដែល​ចង់បាន​ភាពស្និទ្ធស្នាល​ជាមួយ​នាង តែ​នាង​ថា នាង​មិន​ចូលចិត្ត​បែបនេះ​ទេ ទើប​រហូតមក​ដល់ពេលនេះ បេះដូង​នាង​នៅ​ទំនេរ​ស្អាត៕


© រក្សាសិទ្ធិដោយ thmeythmey.com