ជាតិ
ដួង រតនា បដិសេធ​ទៅ​ដើរ​កម្សាន្ត​ជាមួយ​សង្សារ
21, Mar 2015 , 2:40 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ តារា​សម្តែង​វ័យក្មេង​កញ្ញា ដួង រតនា ដែល​ទស្សនិកជន​បានឃើញ​វត្តមាន​របស់​នាង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន ក្នុង​រឿង “ម៉ែក្មេក​រើស​កូនប្រសា” សម្តែង​ជា​តួអង្គ​ឆ្នាសឆ្នើម​នោះ​កាលពីថ្មីៗនេះ បាន​លេច​ឮថា នាង​បាន​ទៅ​ដើរ​កម្សាន្ត​ជាមួយ​សង្សារ​នៅក្រៅ​ប្រទេស​ស។ប៉ុន្តែ រតនា បាន​បដិសេធថា ការធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​នោះ​គឺ​ដើម្បី​ទៅ​ទិញ​ខោអាវ​យកមក​លក់​ប៉ុណ្ណោះ។



តារា​សម្តែង​ដែល​មហាជន​ស្គាល់​វត្តមាន​នាង តាមរយៈ​ការបង្ហាញ​វត្តមាន​នៅក្នុង​ខ្សែ​វីដេអូ​ភាគ​រឿង “ម៉ែក្មេក​រើស​កូនប្រសារ” ដែល​បាន​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់​ទូរទស្សន៍​បាយ័ន កញ្ញា ដួង រតនា ហៅ រ៉េ​យ៉ា ត្រូវបាន​មហាជន​មួយចំនួន​គាំទ្រ និង​កោតសរសើរ​យ៉ាង​ក្រៃលែង ដែល​នាង​សម្តែង​ជា​តួ​កាច​បាន​សម​ឥតខ្ចោះ សូម្បីតែ​តារា​ជើងចាស់ អ្នកនាង ប៉ែន សុ​ផានី ក៏​ស្ងើច​សើរ​សើរ​នាង​ថា សម្តែង​បានល្អ ខណៈដែល រ៉េ​យ៉ា ជា​ដៃគូ​ជម្លោះ​ដ៏​ស្រួចស្រាល់​ជាមួយ​គាត់ (ប៉ែន សុ​ផានី) នៅក្នុង​សាច់រឿង “ម៉ែក្មេក​រើស​កូនប្រសារ” ។

រ៉េ​យ៉ា បាន​ឲ្យ​ដឹងថា នាង​មិនទាន់មាន​គម្រោង​ថត​រឿង​ថ្មី​នៅឡើយ​ទេ ប៉ុន្តែ​តារា​សាច់​សខ្ចី​រូបនេះ​ប្រាប់ថា នាង​ក៏​មមាញឹក​ការងារ​នៅក្រៅ​អាជីព​សិល្បៈ​ផងដែរ ពិសេស​គឺ​ត្រូវ​ជួយ​មើល​ការខុសត្រូវ​ក្នុង​ហាង​លក់​សម្លៀកបំពាក់​របស់​ម្តាយ​នាង​នៅ​ផ្សារ ផេ​នស​ល​ផងដែរ។

កាលពីពេល​កន្លងទៅ រ៉េ​យ៉ា បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ចំនួន៣ថ្ងៃ ដើម្បី​ឡើងទៅ​យក​ខោអាវ​មក​លក់ ដែល​នេះ វា​ជា​អាជីព​មួយ​ដែល​នាង​បាន​ដំណើរការ​ជាមួយ​ក្រុមគ្រួសារ​តាំងពី៣ឆ្នាំមុន។ ក្នុងការ​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ​លើក​នេះ ត្រូវបាន​ប្រភព​ទម្លាយ​ឲ្យ​ដឹងថា នាង​បានរួម​ដំណើរ​ទៅជា​មួយ​បុរស​សង្សារ ដើម្បី​ដើរ​កម្សាន្ត​ក្រោយពី​ថតកុន​ចប់។ ប៉ុន្តែ យ៉ាងណាក៏ដោយ រ៉េ​យ៉ា បាន​បដិសេធ​ចំពោះ​ការលើកឡើង​ដូចខាងលើ ដោយ​នាង​អះអាងថា នាង​មិនបាន​ទៅ​ដើរលេង​ជាមួយ​សង្សារ​នោះទេ ហើយ​នាង​ក៏​មិនមាន​សង្សារ​អ្វី​ដែរ។

គេ​សង្កេតឃើញថា តារា​សម្តែង​រូបនេះ ក៏​និយម​ស្លៀកពាក់​បែប​សិច​ស៊ី​ផងដែរ ប៉ុន្តែ​នៅពេលដែល​សួរថា តើ​ការ​ស្លៀកពាក់​សិច​ស៊ី វា​ជា​ចំណុច​ចម្បង​ដែល​នាង​កសាង​ភាពល្បីល្បាញ​មែន​ទេ? នាង​ឆ្លើយថា វា​ជា​រឿង​មួយ​បន្ទាប់បន្សំ​ដែរ ប៉ុន្តែ​យ៉ាងណាក៏ដោយ​នាង​អះអាងថា សិច​ស៊ី​ត្រឹមតែ​ទស្សនិកជន​ទទួលយកបាន​ប៉ុណ្ណោះ មិន​ហ៊ាន​សិច​ស៊ី​ឲ្យ​ហួសហេតុ​នោះទេ ដ្បិតអី​មាន​មេរៀន​ច្រើន​មកហើយ ដែល​តារា​សិល្បៈ​រៀមច្បង​រង​ទទួល​ការរិះគន់​ពី​មហាជន​នោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com