ជាតិ
លោក លី ក្វាន់​យូ នាំ​លោក លី ស៊ាន​ឡុង ឲ្យ​ជួប​សម្តេចឪ​លើក​ដំបូង​កាលពី​ឆ្នាំ១៩៦៧
23, Mar 2015 , 5:35 pm        
រូបភាព
ប្រភព​រូបថត៖ ហ្វេសប៊ុក​ផ្លូវការលោក លី ស៊ានឡុង
ប្រភព​រូបថត៖ ហ្វេសប៊ុក​ផ្លូវការលោក លី ស៊ានឡុង
ដោយ: រួបរួម
បិតា​ស្ថាបនិក​ប្រទេស​សឹង្ហ​បុរី លោក លី ក្វាន់​យូ និង​បិតា​ឯករាជ្យ​ជាតិ​កម្ពុជា សម្តេចឪ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ខណៈដែល​ឥស្សរជន​ទាំងពីរ បាន​ដឹកនាំ​ប្រទេសរៀងៗខ្លួន កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ១៩៦០ ។ លោក លី ក្វាន់​យូ បានទទួល​មរណភាព​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី២៣ ខែមីនា ក្នុង​អាយុ៩១ឆ្នាំ ខណៈ​សម្តេចឪ បាន​សោយ​ទិវង្គត​កាលពី​ឆ្នាំ២០១២ ក្នុង​ព្រះជន្ម៨៩ព្រះវស្សា។



លោក លី ស៊ាន​ឡុង នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​សឹង្ហ​បុរី និង​ជា​កូនប្រុស​ច្បង​ក្នុងចំណោម​កូន​បីនាក់​របស់លោក លី ក្វាន់​យូ និង​លោកស្រី Kwa Geok Choo (១៩៥០-២០១០ ) ក៏បាន​រំលឹក​ផងដែរ​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ។

នា​អំឡុងពេល​នៃ​ការ​មក​ថ្វាយបង្គំ​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ លោក លី ស៊ាន​ឡុង បាន​កោតសរសើរ​ពី​ស្នា​ព្រះហស្ត​ដ៏​ឆ្នើម​របស់​សម្តេចឪ ជាពិសេស​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គ បាន​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​ដែល​ទទួលស្គាល់​សឹង្ហ​បុរី ជា​សាធារណរដ្ឋ​ថ្មី។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន លោក លី ស៊ាន​ឡុង បានសរសេរថា លោក​បាន​ជួប​ព្រះ​ភក្ត្រ​អង្គ​សម្តេចឪ ជា​លើកដំបូង​កាលពី​ឆ្នាំ១៩៦៧ នៅពេលដែល​លោក លី ក្វាន់​យូ និង​ក្រុមគ្រួសារ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

លោក លី ស៊ាន​ឡុង បានលើកឡើង​នៅពេលនោះ​ថា សម្តេចឪ បាន​នាំ​ក្រុមគ្រួសារ​លោក​ធ្វើដំណើរ​ជុំវិញ​រាជធានី​ភ្នំពេញ​ជាមួយនឹង​រថយន្ត​បើក​ដំបូង ហើយ​អ្វីដែល​លោក​កោតសរសើរ​ខ្លាំង​នោះ គឺ​ការកសាង​កីឡដ្ឋាន​ជាតិ​ដ៏​ធំ​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះអង្គ៕



© រក្សាសិទ្ធិដោយ thmeythmey.com